(ភ្នំពេញ)៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) និងមជ្ឈមណ្ឌលការងារចិនដើម្បីសហប្រតិបត្តិការអន្តរជាតិ (CWCIE) នៃសហជីពទូទាំងប្រទេសចិន-ACFTU នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩នេះ បានសហការគ្នា រៀបចំសិក្ខាសាលាស្តីពី «គំនិតផ្តួចផ្តើមនៃការពង្រីកកិច្ចសហការល្អ និងការផ្លាស់ប្តូរបទពិសោធន៍ផ្នែកការងារកម្មករ»។
សិក្ខាសាលានេះ មានការចូលរួមពីលោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា លោកស្រី Jiang Nan អគ្គនាយកនៃនាយកដ្ឋានច្បាប់របស់សហជីពទូទាំងប្រទេសចិន-ACFTU រួមទាំងគណៈប្រតិភូសហជីពចិនចំនួន៥រូប និង ថ្នាក់ថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងគ្រូបង្គោលជាសមាជិកសភាសម្ព័ន្ឋសហជីពជាតិកម្ពុជាជាច្រើនរូបទៀត។
លោក សោម អូន បានថ្លែងថា ក្នុងនាមសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា លោកសូមស្វាគមន៍ចំពោះលោកស្រី Jiang Nan ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា និង បានសហការរៀបចំវគ្គសិក្ខាសាលានេះឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិ និងផ្លាស់ប្តូរបទពិសោធន៍ រវាងសហជីពប្រទេសទាំង២ ឱ្យកាន់តែជិតស្និទ្ធ និងសុីជម្រៅបន្ថែមទៀត។
លោក សោម អូន បានរំលឹកថា យោងតាមអនុសារណ:កិច្ចសហប្រតិបត្តិការ-MoC ដែលបានចុះហត្ថលេខា កាលពីថ្ងៃ២១ ខែវិច្ឆិកា ឆ្នាំ២០១៧ រវាងវេទិកាសម្ព័ន្ធសង្គមសុីវិល និងសហជីពទូទាំងប្រទេសចិន នៅទីក្រុងប៉េកាំង បានជំរុញឱ្យសហជីពប្រទេសទាំង២ កាន់តែសហការល្អប្រសើរ និងទទួលបានលទ្ធផលជាផ្លែផ្កា។
លោក សោម អូន បានបន្តថា តាមរយ:សិក្ខាសាលានេះ នឹងធ្វើឱ្យភាគីសហជីពប្រទេសទាំង២ ទទួលបាននូវចំណេះដឹង និង បទពិសោធន៏ថ្មីៗថែមទៀត ដើម្បីសិក្សាស្វែងយល់ ប្រៀបធៀប និងកែច្នៃសម្រាប់ការងារអនុវត្តជាក់ស្តែង។
លោកស្រី Jiang Nan បានថ្លែងអំណរគុណដល់លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលបានអញ្ជើញគណៈប្រតិសហជីពចិនមកបំពេញទស្សនកិច្ច៥ថ្ងៃនៅកម្ពុជា និង បានរៀបចំនូវកម្មវិធីសិក្ខាសាលាមួយក្រោមប្រធានបទ« គំនិតផ្តួចផ្តើមនៃការពង្រីកកិច្ចសហការល្អ និងការផ្លាស់ប្តូរបទពិសោធន៍ផ្នែកការងារកម្មករ»។
លោកស្រីបានបន្ថែមថា ភាគីសហជីពចិន បានលើកយកប្រធានបទចំនួន៣ ដើម្បីធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ជូនដល់សិក្ខាកាមសហជីពកម្ពុជា ក្នុងនោះគឺ ទី១៖ អំពីច្បាប់ការងារប្រទេសចិន ទី២៖ ការពង្រឹងផលិតភាព និង ទី៣៖ ការគាំពារសង្គម។
សូមបញ្ជាក់ថា ដើម្បីអនុវត្តនូវខ្លឹមសារនៃអនុសារណ:សហប្រតិបត្តិការ-MoC ភាគីសហជីពប្រទេសពីរ បានផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ហើយកន្លងមកភាគីសហជីពចិន បានផ្តល់អំណោយរថយន្តក្រុងចំនួន ២គ្រឿងសេរីឆ្នាំ២០១៨ តម្លៃជិត៤០មុឺនដុល្លាអាមេរិក និងកំពុងបន្តអនុវត្តបន្ថែមទៀត ដូចជាការបណ្តុះបណ្តាលពង្រឹងសមត្ថភាពសហជីព និងកម្មករកម្ពុជាជាដើម។
ក្នុងដំណើរទស្សនកិច្ចថ្ងៃនេះ គឺភាគីសហជីពចិន នឹងចូលជួបសម្តែងការគួរសមជាមួយ លោកបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាវ: លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី និងជាប្រធានអង្គការសម្ព័ន្ធសង្គមសុីវិល និងទស្សនកិច្ចនៅតំបន់វប្បធម៌ ប្រវត្តិសាស្ត្រ នៅខេត្តសៀមរាបផងដែរ៕