(កោះកុង)៖ សាខាកាំកុងត្រូលខេត្តកោះកុង រួមសហការមន្ត្រីពាណិជ្ជកម្មនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យរាល់មុខទំនិញ ដែលអាជីវករដាក់តាំងលក់ នៅតាមលំនៅដ្ឋាន និងនៅតាមម៉ាត ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយផ្តោតសំខាន់ទៅមុខទំនិញគ្រឿងភេជ្ជៈ នំចំណី អាហារណាហួសការបរិច្ឆេទថ្ងៃខែឆ្នាំផលិត។
លោក ជា នី អនុប្រធានសាខាកាំកុងត្រូលខេត្តកោះកុងបានថ្លែងថា ការចុះប្រតិបត្តិការនេះ ធ្វើឡើងដោយផ្អែកទៅលើច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្តិភាពផលិតផលទំនិញ និងសេវាកិច្ចសម្របសម្រួលពាណិជ្ជកម្ម តាមរយៈគ្រប់គ្រងហានិភ័យ ដែលការត្រួតពិនិត្យលក្ខណៈរូបវ័ន្ត ត្រួតពិនិត្យលក្ខណៈទូទៅខាងក្រៅរបស់ម្ហូបអាហារ ទៅស្លាកសញ្ញាសំបកវេចខ្ចប់ការបរិច្ឆេទកំប៉ុងកំពិតប៉ោងរលួយ។ល។ និងត្រួតពិនិត្យគុណភាព ភាពអនុលោមដោយធ្វើការវិភាគ ជាបឋមទៅផលិតផលទំនិញដោយប្រើ Test kit ដើម្បីស្វែងរកសាធាតុគីមីដែលហាមឃាត់ ដូចជាសាធាតុ ប៉ូរ៉ាក់ និងហ្វ័រម៉ាលីនជាដើម ក្នុងករណីមានការសង្ស័យត្រូវយកគំរូបញ្ជូនទៅវិភាគបន្តនៅមន្ទីរពិសោធន៍របស់អគ្គនាយដ្ឋានកាំកុងត្រូលដើម្បីកំណត់រកហានិភ័យ។
លោក ជា នី បានបន្តថា ជាលទ្ធផលសាខាកាំកុងត្រូល នឹងមន្ត្រីជំនាញចុះត្រួតពិនិត្យទំនិញគ្រឿងភេជ្ជៈនំចំណីអាហារ ដែលអាជីវករដាក់តាំងលក់ សាខាកាំកុងត្រូលបានដកហូតបានគ្រឿងភេជ្ជៈនំណីអាហារ ដែលមន្រ្តីជំនាញបានរកឃើញការហួសការបរិច្ចេទបានចំនួន។ ចំពោះបញ្ហានេះមន្ត្រីជំនាញធ្វើការត្រួតពិនិត្យជាបន្តបន្ទាប់ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ហើយធ្វើការណែនាំអាជីវករ ឱ្យមានការយល់ដឹងកាន់ខ្ពស់ ចំពោះបញ្ហានេះផងដែរ មន្ត្រីជំនាញបានយកមករក្សាទុកដើម្បីរងចាំការដុះកម្ទេចចោល។
ជាចុងក្រោយលោក ជា នី បានធ្វើការអំពាវរនាវដល់អ្នកនាំទំនិញចូលនិងអាជីវករទាំងអស់ សូមនាំចូលតែទំនិញទាំងឡាយណា ដែលមានលក្ខណៈអនុលោមខ្ពស់គ្មានសារធាតុគីមី ថ្ងៃ ខែ ឆ្នាំ ផលិតត្រឹមត្រូវ ហើយមានសំបកវិចខ្ចប់ត្រឹមត្រូវមានការបរិច្ឆេទ ដើម្បីរួមចំណែកការពារផលប្រយោជន៍ អ្នកបរិភោគឱ្យមានសុខមាលភាព នឹងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋផងដែរ៕