(ភ្នំពេញ)៖ នៅរាត្រីថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយខ្មែរ-ឥស្លាមសរុប ៤,៧៥០នាក់ ក្នុងនោះមកពីតាមបណ្តាខេត្ត ២,៤៥០នាក់ និងក្នុងរាជធានីភ្នំពេញ ១,៩៨០នាក់។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសាសនិកឥស្លាមមកពីបរទេសចំនួន ៣២០នាក់ ដែលមាន ៣២ជាតិសាសន៍ រួមទាំងតំណាងរបស់លោកអគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម OIC ចំនួន ៣នាក់ផងដែរ។
ការជួបជុំពិសារអាហាស្រាយបួស «ខែរ៉ាម៉ាឌន» ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅរាត្រីនេះ គឺជាលើកទី៦ហើយ គិតចាប់តាំងពីឆ្នាំ២០១៤មក។ វត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីដ៏សំខាន់របស់ខ្មែរ-ឥស្លាម បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោចំពោះបងប្អូនខ្មែរ-ឥស្លាម ទោះបីសម្តេចជាព្រះពុទ្ធសាសនិកក៏ដោយនោះ។
លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ប្រធានគណៈកម្មការរៀបចំពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា បានសម្តែងការដឹងគុណ និងរីករាយជាខ្លាំងចំពោះការផ្តល់ វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីពិសារអាហាស្រាយបួស «ខែរ៉ាម៉ាឌន» នេះ។ លោកបានប្រាប់ Fresh News ថា ការដែលខ្មែរ-ឥស្លាម មានឱកាសបានមកជួបជុំពិសារអាហារស្រាយបួសជាមួយសម្តេចតេជោ ដោយសារតែសម្តេច បានយកចិត្តទុកដាក់លើកកម្ពស់ផ្តល់សិទ្ធិសេរីភាពនៃជំនឿសាសនាដោយពេញលេញ ដោយឥតមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ បង្កើតបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះ «យើងខ្ញុំមានមោទនភាពណាស់ ដែលមានសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលបាននិងកំពុងដឹកនាំលើកកម្ពស់យកចិត្តទុកដាក់ ដោះស្រាយជាបន្តបន្ទាប់ជននូវរាល់សំណូមពរ និងកង្វល់ទាំងប្រជាជនកម្ពុជា រួមនិងបងប្អូនឥស្លាមកម្ពុជាដែលមានតម្រូវការហើយ សម្តេចតែងតែបានធ្វើការសម្រួលដោះស្រាយជូនដោយការយកចិត្តទុកដាក់ជាទីបំផុត»។
ជាមេដឹកនាំដែលមិនមានការប្រកាន់និន្នាការសាសនា ឬជាតិសាសន៍នោះ សម្តេចតេជោ ហ៊ុន សែន បានបើកចិត្តទូលាយឱ្យខ្មែរ-ឥស្លាម បានចូលរួមបម្រើការងារជាមន្ត្រីរាជការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្នុងនោះមានគ្រូបង្រៀនខ្មែរ-ឥស្លាមជាច្រើននាក់ត្រូវបានបញ្ចូលក្នុងក្របខណ្ឌក្រសួងអប់រំ ហើយមានសាលាជាច្រើនត្រូវបានសាងសង់ផ្តល់ការអប់រំដល់កូនប្រជាពលរដ្ឋខ្មែរ-ឥស្លាម។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ក៏បើកសិទ្ធិជូនប្រជាពលរដ្ឋខ្មែរ-ឥស្លាម ដោយពាក់ស្បៃ និងពាក់មួកកាតិបសម្រាប់ថតរូបធ្វើលិខិតស្នាមផ្សេងៗ។
បន្ថែមពីលើនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតខ្មែរ-ឥស្លាម អាចប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីរបស់ពួកគេ ដើម្បីបម្រើការងារនៅតាមក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋផងដែរ។
បើតាមលោក អូស្មាន ហាហ្សាន់ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានដោះស្រាយនូវសំណូមពរជាច្រើនជូនបងប្អូនខ្មែរ-ឥស្លាម។ មិនតែប៉ុណ្ណោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់គោលនយោបាយបន្ថែម រៀបចំឲ្យមានបងប្អូនមុស្លីម បានចូលរួមបម្រើកិច្ចការជូនជាតិនៅក្នុងស្ថាប័ននិតិបញ្ញាតិ នីតិប្រត្តិបត្តិ រាជរដ្ឋាភិបាល ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មន្ត្រីជាន់ខ្ពស់ នគរបាល យោធា។ល។ រួមមានសមាជិកព្រឹទ្ធិសភា ០២ រូប សមាជិករដ្ឋសភា ០៦រូប (ស្រី ០២ រូប)។
សមាជិករាជរដ្ឋាភិបាល ជាទេសរដ្ឋមន្ត្រី ០១រូប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ០១រូប រដ្ឋលេខាធិការ ០៨រូប (ស្រី ២ រូប) អនុរដ្ឋលេខាធិការ ២០រូប (ស្រី ០៣រូប) ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ក្រសួងថ្នាក់ដឹកនាំ ១៤ រូប អភិបាលរងខេត្ត ០១ រូប អភិបាលរង ស្រុក-ខណ្ឌ ០២ រូប សមាជិកក្រុមប្រឹក្សាខេត្ត ០៥រូប សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ ៣៦រូប មន្ត្រីថ្នាក់ឧត្តមសេនីយ៍ យោធា-នគរបាល ២១រូប ក្រុមជំនួយការ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាច្រើនរូបទៀត។
នៅអាណត្តិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៩ នេះផងដែរ ក៏មានបេក្ខជនមុស្លីមថ្នាក់រាជធានី-ខេត្ត ពេញសិទ្ធិ និងបំរុង ២២រូប ក្រុមប្រឹក្សាពេញសិទ្ធិ និងបំរុង ក្រុង-ស្រុក-ខណ្ឌ ១៣៨រូប ដើម្បីបានចូលបំរើការងារជូនរដ្ឋ ក្នុងភាពជាតំណាងឲ្យបងប្អូនមុស្លីមថែមទៀតផងដែរ។
ការរឹតត្បិត ភាពរើសអើងលើជំនឿ និងការគោរពប្រណិបត្តិផ្នែកសាសនាបានបង្កជាបញ្ហាអសន្តិសុខសម្រាប់បណ្តាប្រទេសមួយចំនួនទាំងនៅក្នុងតំបន់ និងលើពិភពលោកផងដែរ។ សម្រាប់ប្រទេសកម្ពុជាក្នុងរដ្ឋធម្មនុញ្ញបានចែងថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ តែក៏មិនបានហាមឃាត់លើសេរីភាពនៃជំនឿ និងការគោរពប្រណិបត្តិសាសនានោះដែរ។ នៅកម្ពុជានាពេលបច្ចុប្បន្នមានពុទ្ធសាសនិកប្រមាណ ៩៥ភាគរយ, ឥស្លាមមានជិត ២ភាគរយ និងគ្រិស្ទសាសនិកប្រមាណ ១.២៥ភាគរយ ព្រមទាំងសាសនាផ្សេងៗមួយចំនួនទៀត។
បើទោះបីកម្ពុជាមានប្រជាពលរដ្ឋប្រណិបត្តិសាសនាផ្សេងគ្នាច្រើនយ៉ាងណាក្តី តែចាប់តាំងពីក្រោយប្រទេសនេះត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍៧ មករា ១៩៧៩មក ប្រទេសកម្ពុជាមិនដែលមានបញ្ហាណាមួយបង្កចេញពីការគោរពប្រណិបត្តិសាសនាផ្សេងគ្នានេះឡើយ។
ប្រជាពលរដ្ឋខ្មែរកាន់ព្រះពុទ្ធសាសនា ប្រជាពលរដ្ឋខ្មែរ-ឥស្លាម និងប្រជាពលរដ្ឋជឿលើគ្រឹស្តសាសនារួមរស់ជាមួយគ្នាដោយភាពសុខសាន្ត។ ភាពជោគជ័យនៃសុខដុមនីយមកម្មផ្នែកសាសនាត្រូវបានគេមើលឃើញថា ជាជោគជ័យមួយនៃគោលនយោបាយផ្នែកសាសនាដែលដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
ជារៀងរាល់ឆ្នាំសម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែអញ្ជើញចូលរួមពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» នោះទេ តែសម្តេចក៏តែងតែអញ្ជើញចូលរួមពិសារអាហារជាមួយគ្រិស្ទបរិស័ទផងដែរ។ តាមរយៈសកម្មភាពនេះ បានបង្ហាញថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការកសាងសុខដុមនីយកម្មផ្នែកសាសនានៅកម្ពុជា។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០១៩ ត្រូវនឹងថ្ងៃទី ២ ខែ រ៉ាម៉ាឌន ឆ្នាំ១៤៤០ មូហាំម៉ាត់សករាជ សាសនិកឥស្លាមកម្ពុជា ក៏ដូចជាសាសនិកឥស្លាមនៅក្នុងពិភពលោកកំពុងបួសតមអាហារពីព្រលឹមរហូតដល់ថ្ងៃលិច ប្រមាណជាង ១៤ម៉ោង ដោយមានការប្រែប្រួលតាមតំបន់ខ្លះរយៈពេលមួយខែ ក្នុងមួយឆ្នាំ ដែលជាកាតព្វកិច្ចទី៤ ក្នុងចំណោមកាតព្វកិច្ចទាំង៥ នៃអ្នកកាន់សាសនាឥស្លាមទាំងអស់នៅលើសកលលោក៕