(បាត់ដំបង)៖ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចរបស់លោកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការការពារសន្តិសុខ នៅមុខសាលាដំបូងខេត្តបាត់ដំបង នៅពេលតុលាការបើកការសាកសួរលើអតីតតំណាងរាស្រ្ត និងសកម្មជន នៃអតីតគណបក្សសង្រ្គោះជាតិ២០នាក់។
ការត្រៀមកម្លាំងការពារនេះ ធ្វើឡើងតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បន្ទាប់ពីសមត្ថកិច្ចបានទទួលព័ត៌មានសម្ងាត់ថា ក្រុមអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិមួយចំនួន គ្រោងលើកគ្នាតវ៉ាប្រឆាំងនឹងការកោះហៅ អតីតតំណាងរាស្រ្ត និងអតីតសកម្មជន CNRP ២០រូប ពាក់ព័ន្ធនឹងករណីប្រឆាំង និងបំពានសាលដីការបស់តុលាការកំពូល ដែលចេញកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីរំលាយគណបក្សសង្រ្គោះជាតិ។
សូមបញ្ជាក់ថា នាថ្មីៗនេះ លោក គឺ ប៊ុណ្ណារ៉ា តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចេញដីកាជាបន្តបន្ទាប់ កោះហៅអតីតសកម្មជន នៃអតីតគណបក្សសង្រ្គោះជាតិ២០រូប នៅខេត្តបាត់ដំបង ឱ្យចូលបំភ្លឺនៅតំណាងអយ្យការខេត្តបាត់ដំបង នាខែឧសភានេះ ពាក់ព័ន្ធនឹងករណីប្រឆាំង និងបំពានសាលដីកាតុលាការកំពូល ដែលចេញកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អតីតសកម្មជនក្រុមប្រឆាំងនោះមានទាំង លោក ជា ជាវ អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ, កញ្ញា ស៉ិន ចាន់ពៅរ៉ូហ្សេត អតីតចៅសង្កាត់អូចារ, អតីតចៅសង្កាត់ ទូល តាឯក, លោក ម៉ក់ រ៉ា និងលោក ឃួន ចំរើន អតីតចៅសង្កាត់ ចំការសំរោង ក្រុងបាត់ដំបង និងអតីតសមាជិកក្រុមប្រឹក្សា ខេត្តបាត់ដំបង, លោក ឌឹម សា រឿន ផងដែរ។ សាមីខ្លួនត្រូវចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង អគារ «គ» ជាន់ទី១ ឱ្យទាន់ពេលវេលា ហើយត្រូវយកឯកសារផ្សេងៗដែលពាក់ព័ន្ធទៅជាមួយផងដែរ។
ការចេញដីកាកោះហៅនេះ បានធ្វើឡើងបន្ទាប់ពី អតីតតំណាងរាស្រ្ត-សកម្មជន អតីតគណបក្សសង្រ្គោះជាតិ នៅខេត្តបាត់ដំបងទាំងនោះ បានចេញវីដេអូមួយចំនួនគាំទ្រដល់សកម្មភាពរបស់ លោក សម រង្ស៉ី នៅក្រៅប្រទេស។
ជាមួយគ្នានេះ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ បានជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដើម្បីពង្រឹង និងជំរុញឲ្យកងកម្លាំងនគរបាលខេត្តទាំងអស់ ចុះការពារសន្តិសុខក្នុងយុទ្ធនាការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាពេលខាងមុខនេះ។
កិច្ចសំណេះសំណាលនេះ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្ត និងថ្នាក់ដឹកនាំ កងកម្លាំងនគរបាលក្រោមចំណុះស្នងការដ្ឋាននគរបាលខេត្ត ទាំងអស់នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
លោក ងួន រតនៈ បានសម្តែងនូវការកោតសរសើរខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមជូន ប្រជាពលរដ្ឋក្នុងរយៈពេលកន្លងមក ជាពិសេស ក្នុងឱកាសកំសាន្តសប្បាយនាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែល ទើបកន្លងផុតទៅថ្មីៗនេះ។
ជាមួយនេះ លោកបានផ្តាំផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនជាបន្តទៀត ជាពិសេសពង្រឹងកិច្ចការពាររក្សាឲ្យបាននូវសន្តិសុខ សុវត្ថិភាពសង្គមឲ្យបានល្អប្រសើរ ក្នុងបរិយាកាស នៃការចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០១៩ និងការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃអាទិត្យទី ២៦ ខែ ឧសភា ឆ្នាំ ២០១៩ ចាប់ពីពេលនេះរហូតដល់ចប់ ប្រកបដោយជោគជ័យផងដែរ៕