(ត្បូងឃ្មុំ)៖ លោក ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានចុះសួរសុខទុក្ខ និងជួបសំណេះសំណាល បងប្អូនសាសនិកឥស្លាម នៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ជាថ្ងៃទី១ នៃការផ្តើមបួសការតមអារហាររបស់អ្នកកាន់សាសនាឥស្លាម។
ជាមួយគ្នានោះ សមាជិកព្រឹទ្ធសភារូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំសុខភាពជាប្រចាំ ពីព្រោះសុខភាពជាកត្តាចម្បង និងសំខាន់បំផុតសម្រាប់មនុស្សយើងគ្រប់គ្នា។ ដូចនេះត្រូវរស់នៅស្អាត ហូបស្អាត ដើម្បីជៀសឲ្យឆ្ងាយពីជំងឺដង្កាត់ផ្សេងៗ ហើយនៅពេលដែលបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អនោះ នឹងអាចចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
នៅក្នុងឱកាសនោះ លោក ឆាយ វណ្ណា ក៏បាននាំយកអំណោយជាកញ្ចប់អារហារ សំរាប់ស្រាយបួសក្នុងខែបួស (RAMADAN) ដើម្បីចែកជូនជនពិការ ជនចាស់ជរានិងគ្រួសារក្រីក្រ ដែលរស់នៅ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ ក្នុងខេត្តត្បូងឃ្មុំ។ បន្ទាប់មកទៀត លោកនឹងក្រុមការងារក៏បានចុះសួរសុខទុក្ខ និងជួបសំណេះសំណាលបងប្អូនសាសនិកឥស្លាម ព្រមទាំងបាននាំយកអំណោយអាហារ ស្រាយបួស និងថវិកាមួយចំនួនទៀត ប្រគល់ជូនវិហារឥស្លាម នៅភូមិកោះសូទិនលើ និងភូមិកោះសូទិនក្រោម ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាមផងដែរ។
សកម្មភាពចែកអំណោយរបស់លោក ឆាយ វណ្ណា នាពេលនេះ គឺបានចែកជូនដល់បងប្អូនសាសនិកឥស្លាមជនពិការ ជនចាស់ជរានិងគ្រួសារក្រីក្រ ដែលរស់នៅ ស្រុកពញាក្រែក និង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម សរុបទាំងអស់៣៥០គ្រួសារ។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩ អ្នកកាន់សាសនាឥស្លាមនៅកម្ពុជា ក៏ដូចជាអ្នកកាន់សាសនាឥស្លាមប្រមាណជិត២ពាន់លាននាក់ នៅជុំវិញពិភពលោក ចាប់ផ្ដើមអនុវត្តកាតព្វកិច្ចចតមអាហារ ក្នុងខែរ៉ម៉ាឌន ដែលជាខែពិសិដ្ឋរបស់ខ្លួន។
នៅក្នុងប្រទេសកម្ពុជា ខែរ៉ម៉ាឌន ត្រូវបានគេហៅជាទូទៅថា ជាខែដែលបងប្អូនខ្មែរឥស្លាមបួសឬ ជាខែបួស ឬក៏ជាខែដែលជនមូស្លីម តមមិនបរិភោគ ឬផឹកនៅពេលថ្ងៃ រយៈពេលមួយខែ៕