(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជួបប្រជុំពិភាក្សាការងារ ជាមួយលោកស្រី Manika Jain ឯកអគ្គរដ្ឋទូតសារធារណរដ្ឋឥណ្ឌា នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ។
ក្នុងកិច្ចប្រជុំនោះ លោកស្រីឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌានឹងសហការ ជាមួយអាជ្ញាធរមីន ដើម្បីរៀបចំយុទ្ធនាការផ្តល់ដៃជើងសិប្បនិម្មិត ដែលផលិតផលរបស់ក្រុមហ៊ុន Jaipur Foot ចែកជូនដល់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមចំនួនប្រមាណ៦០០នាក់ ហើយកម្មវិធីនោះ នឹងរៀបចំធ្វើឡើង នៅខេត្តបន្ទាយមានជ័យ នៅខែតុលា ឆ្នាំ២០១៩។
ជាងនេះទៅទៀត លោកស្រីឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ក្រុមហ៊ុនផលិតដៃ-ជើងសិប្បនិម្មិត និងនាំចូលគ្រឿងម៉ាស៊ីន ឧបករណ៍ និងវត្ថុធាតុដើមក្នុងការដំឡើង រឺផលិតដៃ-ជើងសិប្បនិម្មិតដោយផ្ទាល់ ពីប្រទេសឥណ្ឌា រួមជាមួយនឹងបុគ្គលិក និងអ្នកបច្ចេកទេសយ៉ាងតិច៨នាក់ មកពីប្រទេសឥណ្ឌា ដើម្បីចូលរួមយុទ្ធនាការនេះ ដោយផលិតដៃ ជើងសិប្បនិម្មិតភ្លាមៗ ហើយផ្តល់ជូនទៅដល់ជនរងគ្រោះ ដោយសារមីនផ្ទាល់តែម្តង។
នាឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី លី ធុជ បានស្នើសុំប្រទេសឥណ្ឌា មេត្តាជួយបណ្តុះបណ្តាលដល់អ្នកជំនាញកម្ពុជា លើបច្ចេកទេសផលិតដៃ-ជើងសិប្បនិម្មិត ដើម្បីអ្នកជំនាញកម្ពុជា អាចផលិត និងចែកជូនបងប្អូន ជនពិការដោយខ្លួនឯង៕