(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩យប់មិញនេះ មានគ្រោះថ្នាក់ចរាចរណ៍បើករថយន្តបុករបាំងពុះទ្រូងផ្លូវ និងបុកបង្គោលភ្លើងចរាចរណ៍ ៣ករណីផ្សេងគ្នា ដែលបានកើតឡើងនៅរាជធានីភ្នំពេញ។
*ករណីទី១៖ មានបុរសម្នាក់បើករថយន្តស៊េរីទំនើប 570 គេចម៉ូតូក៏ជ្រុលទៅបុករបាំងថ្ម លាន់ដូចរន្ទះបណ្ដាលឲ្យរងការខូចខាតទាំងរថយន្តទាំងរបាំងថ្ម តែសំណាងល្អមិនបណ្ដាលឲ្យ មាននរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៖២០យប់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម ចំណុចស្តុបពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
ប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក LEXUS LX570 ពណ៌ខ្មៅ ស្លាកលេខ 4477 ត្រូវបានម្ចាស់ដោះចេញ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចស្តុបពេទ្យកុមារជាតិ ស្រាប់តែមានម៉ូតូមួយគ្រឿងមិនចាំម៉ាកបានបត់ស្ដាំនៅចំណុចស្តុបខាងមិនប្រយ័ត្ន ស្របពេលដែលរថយន្តមកដល់អ្នកបើកបររថយន្តខាងលើ បានងាកចង្កូតមកឆ្វេងដៃក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវលាន់ដូចរន្ទះបណ្ដាលឲ្យរថយន្ដរងការខូចខាតខ្ទេចមួយកំណាត់មុខ ចំណែកឯទ្រូងផ្លូវរងការខូចខាតខ្ទេចមួយកង់ផងដែរ។
ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា ស្លាកលេខរថយន្តខាងលើ ត្រូវបានបុរសម្នាក់ដោះចេញពីកន្លែងកើតហេតុចេញទៅបាត់ស្រមោលតែម្តង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅសមត្ថកិច្ចជំនាញ ដើម្បីយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ នៅពេលក្រោយផងដែរ។
*ចំណែកករណីទី២៖ ទាក់ទងនឹងនារីស្រស់សោភាម្នាក់ បើករថយន្តលឿនមិនប្រយ័ត្ន ក៏ជ្រុលឡើងលើឃឿនបុកបង្គោលស្លាកសញ្ញាចរាចរណ៍ និងបង្គោលស្លាកសញ្ញាពាណិជ្ជកម្ម បណ្ដាលឲ្យរថយន្ដក្រឡាប់ផ្ងារជើងទ្រមេឃ តែសំណាងល្អអ្នកបើកបរមិនមានរងគ្រោះថ្នាក់នោះទេ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣យប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីម្នាក់បើករថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AT-4159 ដោយធ្វើដំណើរតាមតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ដោយបើករថយន្តក្នុងល្បឿនលឿន ក៏ជ្រុលឡើងឃឿនបុកបង្គោលស្លាកសញ្ញាចរាចរណ៍ និងបង្គោលស្លាកសញ្ញាពាណិជ្ជកម្ម បណ្ដាលឲ្យបាក់ខ្ទេចរងការខូចខាតយ៉ាងដំណំ។
ចំណែកឯរថយន្តបង្ក បានក្រឡាប់ផ្ងាជើងទ្រមេឃ រងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរមិនមានរងគ្រោះថ្នាក់នោះទេ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញ ដើម្បីយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ។
*រីឯករណីទី៣៖ មានស្រី្តម្នាក់បើករថយន្តស៊េរីទំនើប ដោយរវល់និយាយទូរស័ព្ទមិនប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្ដរងការខូចខាតខ្ទេចមួយកំណាត់មុខ តែសំណាងល្អមិនបណ្ដាលឲ្យអ្នកបើកបររងគ្រោះថ្នាក់នោះទេ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣៖៤០នាទីយប់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ មានទីតាំងស្ថិតនៅតាមបណ្ដោយ ផ្លូវ២៨៩ កែងផ្លូវលេខ៥៦៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីអ្នកបើកបររថយន្តបង្កបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់ទើបតែចេញពីកន្លែងបរិភោគអាហារ ហើយបានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ 2AA-9886 ដោយធ្វើដំណើរត្រលប់ទៅផ្ទះវិញលុះមកដល់ចំណុចកើតហេតុ កំពុងតែរវល់និយាយទូរស័ព្ទ ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្ដ រងការខូចខាតខ្ទេចមួយកំណាត់មុខទៅមុខលែងរួច។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញ ដើម្បីយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយផងដែរ៕