(ភ្នំពេញ)៖ លោក KP Sharma Oli នាយករដ្ឋមន្រ្តីនេប៉ាល់ នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ តាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្រ្តីនេប៉ាល់ នឹងមកដល់កម្ពុជានៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសវៀតណាម។
មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា អំឡុងបំពេញទស្សនកិច្ច លោកនាយករដ្ឋមន្រ្តីនេប៉ាល់ នឹងមានជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងមានជំនួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំកម្ពុជាមួយចំនួនទៀត។ ក្រៅពីនោះ លោកក៏ត្រូវបានរំពឹងថា នឹងចូលរួមវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ និងធ្វើទស្សនកិច្ចនៅទីតាំងសំខាន់ៗមួយចំនួនផងដែររបស់កម្ពុជាផងដែរ។
បន្ទាប់នោះ លោកនឹងអញ្ជើញចាកចេញពីកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែឧសភាតែម្តង៕