(ភ្នំពេញ)៖ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា
កន្លងមកនេះមានអាជីវករមួយចំនួនបានលួចនាំចូល និងចែកចាយភេសជ្ជៈម៉ាក COCA-COLA, COCA-COLA ZERO, MINUTE MAID, MINUTE MAID PULPY, DASANI, I TWIST, I GIVE និងម៉ាកផលិតផលដទៃទៀតនៅកម្ពុជា ដោយបានរំលោភបំពានទៅនឹងសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន CAMBODIA BEVERAGE COMPANY LTD ដែលទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខពីក្រុមហ៊ុន The Coca-Cola Company នៅសហរដ្ឋអាមេរិក។
ក្រសួងពាណិជ្ជកម្មបានឲ្យដឹងទៀតថា ការលួចនាំចូល និងចែកចាយដោយរំលោភបំពានទាំងនេះ ជាការអនុវត្តផ្ទុយទៅនឹងច្បាប់ ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងពាណិជ្ជកម្មបានធ្វើការអំពាវនាវឲ្យអាជីវករពាក់ព័ន្ធទាំងអស់ ត្រូវបញ្ឈប់ការនាំចូល និងចែកចាយភេសជ្ជៈពាក់ម៉ាកខាងលើក្នុងប្រទេសកម្ពុជាជាបន្ទាន់ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
បន្ថែមលើនេះ ក្រសួងពាណិជ្ជកម្មក៏បានប្រកាសដែរថា ក្នុងករណីដែលអាជីវករពាក់ព័ន្ធទាំងនោះ នៅតែបន្តរំលោភបំពាន អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕