(កណ្តាល)៖ កុមារកម្ពុជា២២៥នាក់នៅអង្គការភូមិកុមារសេអាមេត្រី ទទួលបានម៉ាស៊ីនចម្រោះទឹកស្អាត, សម្ភារសិក្សា និងការអប់រំទាក់ទងនឹងសុខភាពបរិស្ថាន និងអនាម័យពីសប្បុរសជន និងក្រុមហ៊ុនហាយដ្រូស៊ីកប (Hydro6) ពីប្រទេសសិង្ហបុរី។

ជំនួយសប្បុរសធម៌ និងសកម្មភាពមនុស្សធម៌នេះ ត្រូវបានផ្ដល់ជូនកុមារនៅ អង្គការភូមិកុមារសេអាមេត្រី ស្ថិតក្នុងភូមិចំបក់ត្រប់ ឃុំព្រែករកា ស្រុកកណ្តាល ស្ទឹង ខេត្តកណ្តាល។

អ្នកស្រី ស្វាយ មួយ នាយិកាភូមិកុមារសេអាមេត្រីឲ្យដឹងថា អំណោយជាម៉ាស៊ីនចម្រោះទឹកស្អាត របស់សប្បុរសជន និងក្រុមហ៊ុនហាយដ្រូស៊ីក មានសារៈសំខាន់ណាស់សម្រាប់អង្គការ និងសិស្សានុសិស្ស។ ដោយនឹងជួយឱ្យកុមារទទួលបានទឹកស្អាតបរិភោគ និងមានសុវត្ថិភាពជួយកុមារមានសុខភាពល្អ ក៏ដូចជាកាត់បន្ថយការចំណាយ លើការទិញទឹក។

លោកស្រីបន្ដថា ចំណែកសម្ភារសិក្សាដែលផ្តល់ ដោយក្រុមហ៊ុន Hydro 6 នឹងជួយសម្រួលការខ្វះខាតសម្ភារសិក្សា នៅក្នុងសាលាភូមិកុមារសេអាមេត្រីផងដែរ។ មិនតែប៉ុណ្ណោះកុមារបានទទួលចំណេះដឹងពី ការអប់រំសុខភាព បរិស្ថាននិងអនាម័យ ជាពិសេសបានទទួលក្តីស្រឡាញ់ និងការទទួលទានអាហារថ្ងៃត្រង់រួមគ្នា។

លោកស្រីនាយិកាភូមិកុមារសេអាមេត្រី បានថ្លែងអំណរគុណចំពោះសប្បុរសជន ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន Hydro 6 ដែលបានផ្តល់អំណោយ និងធ្វើសកម្មភាពមនុស្សធម៌នៅទីនេះ។

លោកស្រី ស្វាយ មួយ បន្ដថា ភូមិកុមារសេអាមេត្រីបង្កើតដំបូងនៅឆ្នាំ២០០៣នៅភ្នំពេញ ក្រោយមកដូរមកនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងគោលបំណងជួយកុមារក្រីក្រនៅទីជនបទ។ ដោយឡែកសម្រាប់ចំណូលផ្គត់ផ្គង់សាលានៅទីនេះ បានមកពីសប្បុរសជន និងការបើកកន្លែងអង្គុយកម្សាន្តមាត់បឹងនៅចុងសប្តាហ៍ និងពិធីបុណ្យផ្សេងៗ។

លោកស្រីបន្ថែមថា ទោះយ៉ាងណាក៏ដោយសាលានៅតែខ្វះខាត និងសូមអំពាវនាវដល់សប្បុរសជនជួយដល់កុមារនៅទីនេះ។

សូមជម្រាបថា អង្គការភូមិកុមារសេអាមេត្រី មានសិស្សានុសិស្សចំនួន២២៥នាក់ កំពុងរៀននៅភូមិកុមារសេអាមេត្រី។ សាលាមានទទួលសិស្សក្រីក្រពីអាយុ៣ឆ្នាំឡើងទៅ និងមានបណ្តុះបណ្តាលភាសាខ្មែរ តាមកម្មវិធីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងបំប៉នភាសាងង់គ្លេស កុំព្យូទ័រ កីឡា ភ្លេង និងរបាំ។

លោក ជេស៊ិន ចូវ (Jason Chow) តំណាងក្រុមហ៊ុន Hydro 6 ឲ្យដឹងថា ការប្រគល់ម៉ាស៊ីនចម្រោះទឹកស្អាត សម្ភារសិក្សា និងការអប់រំអំពីបរិស្ថាន សុខភាព និងសារៈសំខាន់នៃការប្រើទឹកស្អាតនេះ ជាសកម្មភាពមនុស្សធម៌ដែល Hydro6 តែងតែធ្វើកន្លងមក។ Hydro 6 ចង់ឱ្យកុមារកម្ពុជា មានទឹស្អាតនិងសុវត្ថិភាពប្រើប្រាស់ មានសុខភាពល្អ និងខិតខំសិក្សាដើម្បីអនាគត។

លោកបន្ដថា បច្ចេកវិទ្យាដ៏ទំនើបរបស់ម៉ាស៊ីនចម្រោះទឹក Hydro6 គឺធានានូវគុណភាព និងសុវត្តិភាព១០០%ចំពោះទឹកថែមធ្វើឲ្យទឹក ដែលច្រោះរួមក្លាយជាទឹកសុខភាពរួមផ្សំ ដោយសារធាតុរ៉ែនានាដែលល្អ សមស្របបំផុតសម្រាប់សុខភាព។ មួយវិញទៀតយុទ្ធនាការរបស់ក្រុមហ៊ុនចង់ឲ្យកុមារយល់ដឹងពី ការថែរក្សាសុខភាពអនាម័យ និងបរិស្ថាន៕