(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្ត និងជាប្រធានកតិ្តយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន បានជំរុញឱ្យថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនខេត្តគ្រប់ជាន់ថ្នាក់ ត្រូវបន្តជំរុញសកម្មភាពឆ្ពោះទៅអតីតយុទ្ធជន ដែលកំពុងរស់នៅតាម ភូមិឃុំសង្កាត់ ដោយត្រូវបែងចែកភារកិច្ចគ្នា ចុះជួបសំណេះសំណាលផ្សារភ្ជាប់ទំនាក់ទំនងឲ្យបានកាន់តែជិតស្និទ្ធ ជាមួយបងប្អូនតាមគ្រួសារតាមខ្នងផ្ទះនីមួយៗ ដើម្បីដឹងពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន និងជួយដោះស្រាយបញ្ហារបស់គាត់ ឱ្យបានទាន់ពេលវេលា។
លោក ផាន់ ចាន់ធុល បានថ្លែងជំរុញយ៉ាងដូចនេះ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារឆមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅបន្តឆមាសទី២ ឆ្នាំ២០១៩ របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន។
លោក ផាន់ ចាន់ធុល បានបន្តថា រាល់ការចុះជួបបងប្អូនត្រូវពិនិត្យស្ថានភាពជីវភាព សុខភាពរបស់គ្រួសារនីមួយៗ ហើយត្រូវជួយអន្តរាគមន៍ ជួយដោះស្រាយបញ្ហារបស់បងប្អូន ពេលឃើញពីទុក្ខលំបាកដូចជា ខ្វះខាតជីវភាព ត្រូវជួយឧបត្ថម្ភ ឬមានជំងឺ ត្រូវសង្គ្រោះ ឬបញ្ជូនទៅមន្ទីរពេទ្យ និងធ្វើយ៉ាងណាឱ្យពួកគាត់អាចទទួលបានសេវាសាធារណៈផ្សេងៗ។ ដាច់ខាតមិនត្រូវទុកឲ្យបងប្អូនជួបទុក្ខលំបាក ដោយយើងមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។
លោក ផាន់ ចាន់ធុល បានបន្ថែមថា ជាការពិតអតីតយុទ្ធជនយើងត្រូវការចាំបាច់ នូវការលើកទឹកចិត្ត ត្រូវការភាពកក់ក្តៅ ការសួរសុខទុក្ខ និងជួយដោះស្រាយបញ្ហារបស់បងប្អូន។ ជាក់ស្តែង ការងារ ដែលយើងបានសហការអនុវត្តកន្លងមកដូចជា ការចលនាគ្នា ចូលរួមបុណ្យសព ការបើកផ្តល់ប្រាក់មរណសង្គ្រោះ និងប្រាក់ធានារ៉ាប់រងសង្គម ឬការសាងសង់ផ្ទះស្នាក់នៅជាដើម គឺជាសកម្មភាពសប្បុរសដ៏ប្រពៃ ដែលចាំបាច់ត្រូវអនុវត្តន៍បន្តទៀត។
បើតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក តូ គីមឃុន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងខេត្ត និងជាសមាជិកអចិន្រ្តៃយ៍សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានឱ្យដឹងថា អតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន ដែលកំពុងទទួលគោលរបប នៅមន្ទីរសង្គមកិច្ចខេត្តប៉ៃលិនមានចំនួន ១,១៥០នាក់ ពិការចំនួន ៨៤០នាក់ និវត្តន៍ជនចំនួន ៣៩៦នាក់ បាត់បង់ចំនួន១៧នាក់ ពលីចំនួន ២០២នាក់ មរណៈចំនួន ៩៥នាក់ ក្នុងនោះមុខសញ្ញាដែលគ្មានដី គ្មានផ្ទះ និងរស់នៅលើដីសាធារណៈ ចំនួន ៣៦នាក់ ក្នុងនោះ ពិការចំនួន ១៩នាក់ និវត្តជនចំនួន ១៧នាក់៕