(ភ្នំពេញ)៖ រថយន្តសម្អាតផ្លូវ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចាប់ផ្តើមយុទ្ធនាការណ៍សម្អាតផ្លួវក្នុងក្រុងប៉ោយប៉ែត និងស្រុកសិរីសោភ័ណ ក្នុងខេត្តបន្ទាយមានជ័យ កាលពីពេលថ្មីៗនេះ។
តាមការឲ្យដឹងពីលោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រថយន្តសម្អាតផ្លូវចំនួន២គ្រឿងនឹងសម្អាតផ្លូវក្នុងខេត្តបន្ទាយមានជ័យ រយៈពេល៣សប្តាហ៍ គឺចាប់ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។
លោក គាត ហ៊ុល អភិបាលនៃគណៈភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា «អរគុណក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានជួយកិច្ចការបរិស្ថានក្នុងក្រុងប៉ោយប៉ែត ដោយបានបញ្ចូនរថយន្តសម្អាតផ្លូវ២គ្រឿងមកសម្អាតនៅក្នុងក្រុងប៉ោយប៉ែតនេះ។ សព្វថ្ងៃ យើងមានរថយន្តសម្អាតផ្លូវ១គ្រឿងដែរ ដោយឡែកពេលនេះមានការសហការណ៍ជាមួយនឹងរថយន្តសម្អាតផ្លូវ២គ្រឿងទៀតរបស់ក្រុមហ៊ុន យើងឃើញថាបរិស្ថានក្នុងក្រុងស្អាតជាងមុនក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ពីព្រោះរថយន្តសម្អាតផ្លូវ២គ្រឿងនេះមានទាំងមុខងារបោសធូលី និងបាញ់ទឹកសម្អាតទៀតផង» ។
ក្នុងឆ្នាំ២០១៩នេះ ខេត្តបន្ទាយមានជ័យ គឺជាខេត្តទី៣ហើយ បន្ទាប់ពីខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប ដែលរថយន្តសម្អាតផ្លូវបានបំពេញបេសកកម្មតាមខេត្ត។
ក្រោម យុទ្ធនាការណ៍ «បរិស្ថាន ស្អាត សុខភាពល្អ» ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹង បន្តសម្អាត ផ្លូវ ក្នុងរាជធានីភ្នំពេញ និង គ្រប់ខេត្ត ក្រុង នៃ ព្រះរាជាណាចក្រកម្ពុជា។ មកដល់ពេលនេះ រថយន្ត សម្អាត ផ្លូវ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចូលរួម ជួយ សម្អាត ផ្លូវ បាន ចម្ងាយ ជាង៣៩០០ គីឡូ ម៉ែត្រ ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនវិនិយោគដោយខ្មែរ១០០% ដែលផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោតបាលីប្លែក ស្រាបៀរគូដូ ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកផ្លែឈើជូប និងទឹកបរិសុទ្ធកម្ពុជា៕