(ភ្នំពេញ)៖ ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ បានបើកសម្ពោធគម្រោងអភិវឌ្ឍចម្រុះ នៅក្នុងតំបន់ទួលគោក រាជធានីភ្នំពេញ ជាមួយនឹងដៃគូសហការអភិវឌ្ឍអចលនទ្រព្យ Hong Lai Huat របស់ប្រទេសសិង្ហបុរី។
គម្រោងអភិវឌ្ឍនេះនឹងបង្កើតឱកាសដល់ប្រជាជន ទាំងការសាងសង់លំនៅដ្ឋាន និងឱកាសធ្វើពាណិជ្ជកម្ម ពង្រឹងសេដ្ឋកិច្ចគ្រួសារ បង្កើតការងារ និងទាក់ទាញអ្នកវិនិយោគ ឲ្យបានកាន់តែច្រើនថែមទៀត នៅចំណុចកណ្តាលនៃទីក្រុងដ៏រីកចម្រើនមួយនេះ។
ប្រភេទផ្ទះអាផាតមិន៨៥១ខ្នង និងផ្ទះដែលអាចធ្វើពាណិជ្ជកម្មបាន៥០ខ្នងនឹងត្រូវបានសាងសង់ លើដីអភិវឌ្ឍន៍ដែលមានឈ្មោះថា រ៉ូយ៉ាល់ផ្លាទីនីម (Royal Platinum)។ ហាងលក់ទំនិញ ដែលស្ថិតលើ ផ្លូវក្នុងបុរី នឹងមាន ភាពទាក់ទាញដល់អាជីវករ និងជាកន្លែងដែលផ្តល់សេវា បទពិសោធន៍ធ្វើពាណិជ្ជកម្ម លើយីហោអន្តរជាតិល្បីៗ ក៏ដូចជាបំពាក់នូវទំនិញថ្មីចម្រុះជាច្រើនប្រភេទរួមមាន៖ ភោជនីយដ្ឋាន សំលៀកបំពាក់ ជាដើម -ល-។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុន Royal Group បានបញ្ជាក់ថា សំណង់អគារលំនៅដ្ឋាន និងស្តង់លក់ទំនិញនេះ នឹងត្រូវបានចាប់ផ្តើមដាក់លក់នៅខែមិថុនាឆ្នាំនេះ ជាមួយនឹងការសាងសង់ដែលរំពឹងថា នឹងត្រូវបានបញ្ចប់ក្នុងរយៈពេល២ឆ្នាំកន្លះ។
លោក Mark Hanna នាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Royal Group បាននិយាយថា ការអភិវឌ្ឍនេះមានសារៈសំខាន់ប្រកបដោយភាពរីកចម្រើន ក្នុងតំបន់ទួលគោក ដែលជាតំបន់ដ៏សម្បូរបែបមួយ នៅចំណុចកណ្តាលទីក្រុង។
លោក Hanna បានបន្ថែមថា «ពួកយើងជឿជាក់ថា ការអភិវឌ្ឍនេះ នឹងផ្តល់នូវភាពទំនើបទាក់ទាញ ក្នុងការរស់នៅដល់ក្រុមគ្រួសារ និងបរិយាកាសធ្វើការងារ សម្រាប់អាជីវកម្មធុនតូច និងមធ្យម ដ៏មានសក្តានុពលជាមួយ នឹងការិយាល័យការងារដ៍ទំនើប។ ការអភិវឌ្ឍនេះ ក៏នឹងផ្តល់នូវជម្រើសក្នុងការទិញទំនិញដ៏ច្រើន និងកន្លែងកម្សាន្តសម្រាប់មនុស្សគ្រប់វ័យ រួមបញ្ចូលទាំងហាងទំនិញក្នុងបុរី ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណជាដើម»។
នាយកផ្នែកហិរញ្ញវត្ថុ របស់ក្រុមហ៊ុន Royal Group រូបនេះ បានបន្ថែមថា ការអភិវឌ្ឍនេះ គឺជាគម្រោងចុងក្រោយមួយ របស់ក្រុមហ៊ុន Royal Group រួមបញ្ចូលទាំងសហគមន៍ Northbridge Communities អាគារខុនដូ North Park Condominium និងសាលាអន្តរជាតិ Southbridge International School៕