(តូក្យូ, ជប៉ុន)៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ឈួន ដារ៉ា បានធ្វើការបង្ហាញអំពីសក្តានុពល និងវឌ្ឍនភាពនៃវិស័យពាណិជ្ជកម្មកម្ពុជា ដែលកាលពីឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់សរុបប្រមាណជាង ២៥ពាន់លានដុល្លារ នៅក្នុងនោះការនាំចេញរបស់កម្ពុជាមានចំនួន ១១ពាន់លានដុល្លារ និងនាំចូលមានចំនួន ១៣ពាន់លានដុល្លារ។

លោករដ្ឋលេខាធិការ បានលើកឡើងដូច្នេះ នាឱកាសដឹកនាំប្រតិភូចូលរួមបើកព្រឹត្តិការណ៍ «ពិព័រណ៍កម្ពុជាឆ្នាំ២០១៩» ដែលរៀបចំឡើងនៅក្នុងទីក្រុងតូក្យូ កាលពីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ក្រោមគណៈអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និង លោក Kenji YAMADA អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន ដោយមានការចូលរួមមន្ត្រីជាន់ខ្ពស់ប្រទេសទាំងពីរ តំណាងអង្គទូត ពាណិជ្ជករ និងនិស្សិតចំនួនជាង ២០០នាក់។

នៅក្នុងឱកាសនោះ រដ្ឋលេខាធិការលោក ឈួន ដារ៉ា បានថ្លែងអំណរគុណរាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ហិរញ្ញប្បទានយ៉ាងច្រើន ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសការកសាងសន្តិភាព និងស្តារឡើងវិញនូវនីតិសម្បទា ក៏ដូចជាលទ្ធិប្រជាធិបតេយ្យ។ លោកក៏បានជម្រាបជូនអង្គពិធីអំពីគោលនយោបាយគាំពារវិនិយោគកម្ពុជា និងបានជំរុញធុរជនជប៉ុន ចូលមកបណ្តាក់ទុន និងធ្វើធុរកិច្ចថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

«តាមរយៈការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ថ្ងៃនេះ ខ្ញុំសង្ឃឹមថានឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងកម្ពុជា និងជប៉ុន កាន់តែមានវឌ្ឍភាពថែមទៀត»។ លោក ឈួន ដារ៉ា បានគូសបញ្ជាក់។

សូមជម្រាបថា នៅក្នុងពិព័រណ៍កម្ពុជាឆ្នាំ២០១៩នេះ មានរៀបចំកម្មវិធីសម្តែងសិល្បៈបុរាណខ្មែរ និងតន្ត្រីសម័យ ព្រមទាំងស្តង់លក់ និងតាំងផលិតផលកសិកម្ម និងសិប្បកម្ម ដូចជា៖ អង្ករ ម្រេច ស្ករត្នោត កាហ្វេ នំស្រួយ សូត្រខ្មែរ ក្រម៉ាខ្មែរ ម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត ដើម្បីបង្ហាញដល់ភ្ញៀវកិត្តិយស ដែលបានចូលរួមកម្មវិធី។ នៅក្នុងនោះ ទំនិញអង្ករ ម្រេច និងសូត្រខ្មែរ គឺជាផលិតផលដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ និងការបញ្ជាទិញជាបន្តបន្ទាប់ ពីភ្ញៀវទេសចរ និងប្រជាជនជប៉ុន៕