(ភ្នំពេញ)៖ តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ បាននាំយកថវិការបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ទៅប្រគល់ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ទោ ងន គន្ធា នាយរងការិយាល័យ ផែនការភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណភាព ដោយរោគាពាធ។
លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បាននាំនូវការសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខរបស់ នាយឧត្តមសេនីយ៍ សៅ សុខា ទៅដល់ក្រុមគ្រួសារសពដោយបានបញ្ជាក់ថា ក្នុងនាមនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជា អង្គភាពកងរាជអាវុធហត្ថ មានការសោកស្តាយយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់លោកវរសេនីយ៍ទោ ងន គន្ធា ពីជួរអង្គភាពកងរាជអាវុធហត្ថ ដែលការបាត់បង់នេះ គឺជាការបាត់បង់នាយអាវុធហត្ថមួយរូប ដែលបានខិតខំតស៊ូ បំពេញភារកិច្ច ជូនអង្គភាពកងរាជអាវុធហត្ថជាយូរមកហើយ និងជាការបាត់បង់នូវសមាជិក ដ៏សំខាន់បំផុតមួយរូប សម្រាប់ក្រុមគ្រួសារទាំងមូលផងដែរ។
លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយករងខុទ្ធកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកសម្របសម្រួល មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ បានឲ្យដឹងថា ថវិកាដែលបាននាំយកមកនេះ គឺមានចំនួនប្រមាណជិត៤០លានរៀល ដែលថវិកាទាំងនោះបានមកពីការចូលរួមបរិច្ចាក របស់នាយឧត្តមសេនីយ៍ សៅ សុខា ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងមូលផងដែរ។
លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានបន្ថែមថា ដោយមើលឃើញពីទុក្ខលំបាក របស់កងរាជអាវុធហត្ថទាំងមូល នាយឧត្តមសេនីយ៍ សៅ សុខា បានខិតខំផ្តួចផ្តើម បង្កើតមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថនេះឡើង គឺក្នុងគោលបំណង់ជួយសម្រួលទៅដល់ជីវភាព ក្រុមគ្រួសារអាវុធហត្ថ ពលី មរណៈ ដែលបានបាត់បង់ សមាជិកជាទីស្រលាញ់របស់ខ្លួន ដែលជាបង្គោលដ៏រឹងម៉ាំសម្រាប់ក្រុមគ្រួសារ និងបានបន្សល់សមាជិក នៅក្នុងបន្ទុកជាច្រើនអ្នក ជាពិសេសនូវពេលដែលបងប្អូនកំពុងជួបនូវទុក្ខលំបាក ដូចជាពេលនេះជាដើម៕