(ព្រះសីហនុ)៖ ហេតុការណ៍ជនជាតិចិន បាញ់សម្លាប់ជនជាតិចិនដូចគ្នា នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ពិសេសកម្លាំងនគរបាលជំនាញខេត្តព្រះសីហនុ កំពុងតែបើកប្រតិបត្តិការយ៉ាងក្ដៅគគុកតាំងពីវេលាកើតហេតុ រហូតមកដល់ព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីតាមចាប់ខ្លួនជនពាក់ព័ន្ធដែលកំពុងរត់គេចខ្លួន។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកនេះថា ក្រោមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនោះ កម្លាំងនគរបាលជំនាញ កំពុងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងប្រមូលផ្ដុំជំនាញដើម្បីបន្ដស្រាវជ្រាវ និងតាមបង្ក្រាបមុខសញ្ញាដែលពាក់ព័ន្ធ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យ២នាក់ ដែលកម្លាំងនគរបាលជំនាញរបស់លោកបានចាប់ខ្លួនបានភ្លាមៗ ក្រោយពេលកើតហេតុនោះ ម្នាក់ក្នុងចំណោមនោះត្រូវបានកំណត់ថាជាសហចារី ប៉ុន្ដែទោះជាយ៉ាងណា សមត្ថកិច្ចជំនាញកំពុងសួរចម្លើយជនទាំង២នាក់នោះយ៉ាងយកចិត្តទុកដាក់ ព្រោះថាពួកគេហាក់មានការលាក់លាមជាមួយសមត្ថកិច្ច មិនសារភាពចម្លើយក្បោះក្បាយនោះទេ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ការប្រមូលផ្ដុំកម្លាំងជំនាញតាំងពីវេលាកើតហេតុ រហូតដល់ព្រឹកនេះ មានការសហការគ្នារវាង កម្លាំងនគរបាលជំនាញខេត្តព្រះសីហនុ និងកម្លាំងនាយកដ្ឋានជំនាញ នៃក្រសួងមហាផ្ទៃ។
សូមជម្រាបថា នៅវេលាម៉ោង០៣៖៣០នាទីរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីផ្ទុះអាវុធមួយនៅមុខសណ្ឋាគាខ្សាច់ស ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្តាលឱ្យបុរសជនជាតិចិនម្នាក់ស្លាប់នៅនឹងកន្លែង។
ជនជាតិចិនទាំងនេះ បានជិះរថយន្តម៉ាក Highlander ពាក់ស្លាកលេខភ្នំពេញ 2K-3970 ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចមិនទាន់ដឹងមូលហេតុច្បាស់លាស់ នៃករណីឃាតកម្មនេះនៅឡើយទេ ប៉ុន្ដែភ្លាមៗកម្លាំងនគរបាលបានស្ទាក់ឃាត់ខ្លួនជនជាតិចិន២នាក់ ដែលពាក់ព័ន្ធករណីនេះផងដែរ៕