(រតនគិរី)៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតពេលកំពុងដេកលង់លក់ក្នុងរថយន្ត ដោយសារការឆាបឆេះរថយន្ត ដែលបណ្តាលមកពីការទុស្សេឆេះខ្សែបញ្ជូនចរន្តអគ្គិសនីនៅតាមផ្លូវ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២១៖១០នាទីនៅចំណុចឃ្លាំងទិញដំឡូងមី ស្ថិតក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
ហេតុការណ៍គ្រោះអកុសលខាងលើនេះ ត្រូវបានសមត្ថកិច្ចអះអាងថា នៅមុនកើតហេតុមានការទុស្សេខ្សែបញ្ជូនចរន្តអគ្គិសនី ហើយឆេះធ្លាក់លើកង់រថយន្តដែលចតស្ងៀម និងបណ្តាលឱ្យឆាបឆេះរថយន្តតែម្តង។ ការឆាបឆេះក៏បណ្តាលឱ្យអ្នកបើកបររថយន្តដែលកំពុងដេកក្នុងរថយន្តនោះ បានស្លាប់ផងដែរ។
លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តបានបញ្ជារថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ពន្លត់មិនឱ្យមានការរាលដាលដល់ផ្ទះអ្នកជិតខាង និងទ្រព្យសម្បត្តិផ្សេងៗឡើយ។
លោក សួន សាវុធ មេប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះ មានឈ្មោះ ថូ រតនា អាយុ ២០ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីខ្មែរដោយក្តីអាឡោះអាល័យ។
ជាមួយគ្នារដូវក្តៅហួតហែងបញ្ហាអគ្គិភ័យ និងគ្រោះធម្មជាតិផ្សេងៗងាយនឹងកើតឡើងជាយថាហេតុ។ ឆ្លើយតបបញ្ហានេះ លោកឧត្តមសេនីទោ យិន ចំណាន បានអំពាវនាវសុំឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ហើយបើមានករណីអ្វីកើតឡើងសុំផ្តល់ព័ត៌មានមកស្នងការជាបន្ទាន់រូបលោកចេញកម្លាំងជួយអន្តរាគន៍ភ្លាមៗ៕