(ពោធិ៍សាត់)៖ ព្រោះតែភ្លើងប្រចណ្ឌសង្ស័យប្រពន្ធរបស់ខ្លួនមានសហាយស្មន់ជាមួយបុរសដទៃ ធ្វើឱ្យបុរសជាស្វាមីដាច់ក្តីមេត្តាកាប់ប្រហារប្រពន្ធនឹងពូថៅឱ្យស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មចោលកូន៤នាក់។ ហេតុការណ៍ហិង្សាដ៏ព្រៃផ្សៃ និងជំគំរូដ៏អាក្រក់នៅក្នុងសង្គមនេះ បានកើតឡេីងនៅវេលាម៉ោង ២០៖២០នាទីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ក្នុងភូមិត្រពាំងឃ្លៃ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ស្ត្រីជាប្រពន្ធដែលស្វាមីកាប់សម្លាប់នេះមានឈ្មោះ យឿន សាវិន អាយុ ៣៣ឆ្នាំ រីឯបុរសជាស្វាមីដែលមានចិត្តឃោរឃៅមានឈ្មោះ ម៉ុន សាម៉ន អាយុ ៣២ឆ្នាំ។
លោក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះជាប្រពន្ធ បានមកពីធ្វេីការនៅរោងចក្រកាតដេរ (តៃអ៊ុហ្សី) ដោយបានទិញលៀសហាលយកមកហូបបាយ។ ពេលប្រពន្ធងូតទឹករួច ក៏នាំគ្នាដួសបាយហូបជុំគ្នាប្តី-ប្រពន្ធ និងកូន ៤នាក់។ ពេលកំពុងហូបបាយ ប្តីបានប្រើឲ្យកូនយកបោយដងទឹកឲ្យហូប ពេលកូនដងទឹកឲ្យហូបរួច ប្តីបានចោលបោយ ហើយកូនក៏ទៅរើសយកយកមកវិញ។
ពេលនោះប្រពន្ធ ដែលជាជនរងគ្រោះ បានឆក់ទាញយកបោយពីកូនគប់ទៅលើប្តី ហើយប្តីបានទាញកែវគប់ទៅលើប្រពន្ធវិញ។ ខណៈនោះប្រពន្ធ ខំគេចហើយដួល ពេលនោះជនសង្ស័យ ជាប្តីបានទាញពូថៅកាប់លើចំនួន២ពូថៅ បណ្តាលឲ្យជនរងគ្រោះស្លាប់ក្នុងថ្លុកឈាមភ្លាមៗមួយរំពេច។
ក្រោយយធ្វើសកម្មភាពរួច ប្រជាពលរដ្ឋនៅជិតខាង និងបងប្អូនជនរងគ្រោះ បានពទ្ធ័ចាប់ចង
និងហៅសមត្ថកិច្ចជួយអន្តរាគមន៍។ បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងចាត់ចែងបន្តទៅតាមច្បាប់៕