(ត្បូងឃ្មុំ)៖ អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ បានថ្លែងអំពាវនាវទៅដល់កម្មករ និយោជិតនៅក្នុងខេត្តត្បូងឃ្មុំ ដែលមានចំនួនជិត២ម៉ឺននាក់ កុំឱ្យជឿតាមការញុះញង់ និងការអូសទាញផ្សេងៗធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាល ដែលនាំដល់ភាពវិនាសកម្មសម្រាប់ជាតិ។
ការថ្លែងអំពាវនាវរបស់លោកអភិបាលខេត្ត បានធ្វើឡើងក្នុងឱកាសរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៣ ទិវាពលកម្មអន្តរជាតិ ០១ ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ «កិច្ចគាំពារសង្គម ដើម្បីផលិតភាព» នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ។ ពិធីនេះធ្វើឡើងនៅក្រុមហ៊ុនថបស៊ីវ័រលីមីតធីត ស្ថិតនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
លោក ជាម ច័ន្ទសោភ័ណ បានថ្លែងថា ការប្រារព្ធទិវាពលកម្មអន្តរជាតិ អាចធ្វើទៅបានដោយសារតែប្រទេសជាតិមានសុខសន្តិភាព និងការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល។ លោកបន្តថា មុនថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ពោលក្នុងរបបប្រល័យពូជសាសន៍ គ្មានឡើយការប្រារព្ធទិវាលើកពីការគោរពសិទ្ធិ និងគុណតម្លៃរបស់កម្មករ និយោជិត គឺមានតែការជិះជាន់ បង្ខំឱ្យធ្វើការយ៉ាងលំបាកវេទនាជាទីបំផុត។
លោកអភិបាលខេត្ត បានថ្ប្រាប់កម្មករ និយោជិតទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក្រោមគោលនយោបាយឈ្នះៗ និងយុទ្ធសាស្ត្រចតុកោណ ធ្វើឱ្យប្រទេសមានស្ថេរភាពនយោបាយពេញលេញ និងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់។ពិសេសក្រោមគោលនយោបាយ បើកចំហដល់ជើងមេឃរបស់សម្តេចតេជោ បានផ្តល់ឱកាសឱ្យយុវជនជាកម្មករ កម្មការនី បានបំពេញការងារ ដើម្បីស្វែងរកប្រាក់បៀវត្សរ៍ផ្គត់ផ្គង់គ្រួសារ។
ដើម្បីរក្សាបានសមិទ្ធផលដែលកំពុងមាននាពេលបច្ចុប្បន្ននេះ លោក ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់កម្មករកម្មការិនីទាំងអស់ត្រូវថែរក្សាការពារសុខសន្តិភាពឲ្យបានជាចាំបាច់។ «សូមបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋយើងទាំងមូលកុំជឿតាមការញុះញង់លាបពណ៌ ព្រោះជាហេតុបណ្តាលឱ្យមានការបែកបាក់សាមគ្គីជាតិ ធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមជាថ្មីម្តងទៀត តាមមហិច្ឆតាខ្ពស់ដោយមិនគិតពីសុខទុក្ខពលរដ្ឋរបស់ក្រុមជនអគតិមួយចំនួន»។
ខេត្តត្បូងឃ្មុំ ជាខេត្តមួយបង្កើតឡើងក្រោយគេ ដោយបានកាត់បំបែកពីខេត្តកំពង់ចាម។ ខេត្តនេះបច្ចុប្បន្នមានអំណោយផលខ្ពស់លើវិស័យកសិកម្ម ជាពិសេសដំណាំកៅស៊ូ ហើយក៏មានវិស័យឧស្សាហកម្មផងដែរ កំពុងរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំជាមួយប្រាក់ឈ្នួលសមរម្យ។
តាមរបាយការណ៍របស់លោក អ៊ុ វាសនា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ ឱ្យដឹងថា បើគិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ចំនួនសហគ្រាសគ្រឹះស្ថាន ក្នុងខេត្តត្បូងឃ្មុំ សរុបមានចំនួន ៤៥៧គ្រឹះស្ថាន កម្មករនិយោជិតសរុបចំនួន ១៨,០៩២នាក់ ស្រី៨,០៧៧នាក់។ ក្នុងនោះចំនួនសហគ្រាសគ្រឹះស្ថាន ដែលបានចុះបញ្ជីកាបែបបទតាមច្បាប់ស្ដីពីការងារនៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តចំនួន ១៧៣គ្រឹះស្ថាន និងសហគ្រាសគ្រឹះស្ថានពុំទាន់ចុះបញ្ជីកាចំនួនជាង ៣០០គ្រឹះស្ថានទៀត ចំណែកកម្មករនិយោជិតដែលមានប័ណ្ណការងារ សៀវភៅការងារសរុបចំនួន ១០,៣៩៤នាក់ ស្រី ៤,១២១នាក់។
ក្នុងកម្មវិធីអបអសាទរទិវាពលកម្មអន្តរជាតិនៅថ្ងៃម្សិលមិញនេះ ក៏មានការចាប់ឆ្នោតយករង្វាន់ ដើម្បីជាការលើកទឹកចិត្តកម្មករ កម្មការិនី ដែលខិតខំបំពេញការងារនាពេលកន្លងមក ហើយក៏មានការរាំលេងកម្សាន្តបង្កើនភាពរីករាយ និងស្និទ្ធស្នាលរវាងកម្មករ និយោជិតផងដែរ៕