(ពោធិ៍សាត់)៖ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញ បានចុះបំពេញបេសសកម្មនៅខេត្តពោធិ៍សាត់ ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ សមិទ្ធផល និងបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងវិស័យដែលគណៈកម្មការទី៧ នៃរដ្ឋសភាទទួលខុសត្រូវ ក៏ដូចជាស្ថានភាពទូទៅ នៃការរីកចម្រើនលើគ្រប់វិស័យ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត នឹងដោយបានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញដែលពាក់ព័ន្ធក្នុងវិស័យខាងលើ លោក លោកស្រី ជាប្រតិភូអមដំណើរជាច្រើននាក់ទៀត។
លោក ម៉ៅ ធនិន បានជម្រាបពីស្ថានភាពទូទៅភូមិសាស្ត្ររដ្ឋបាល និងវិស័យគមនាគមន៍ក្នុងខេត្ត ពិសេសការងារអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍។
លោក ម៉ៅ ធនិន បានជម្រាបជូនទៀតថា ខេត្តពោធិ៍សាត់ មានគ្រឹះស្ថានសិក្សាទឹករដ្ឋ និងឯកជន សរុប៥២៩សាលា ក្នុងនោះមេត្តេយ្យសិក្សា១៦៦ បឋមសិក្សា៣០១ អនុវិទ្យាល័យ៤៤ វិទ្យាល័យ១៥ និងឧត្តមសិក្សា ៣កន្លែង មានអាគារសិក្សា៧៧៧ខ្នង ស្នើនឹង ៣,១៦២បន្ទប់ គ្រូ៤,០០៨នាក់ និងសិស្ស១០២,៣៥៨នាក់ ស្រី៥០,៨១៨ មានមត្តេយ្យ និងបឋមឯកជន ៧កន្លែង។
លោកអភិបាលខេត្តបានបន្តថា ខេត្តពោធិ៍សាត់មានវត្តព្រះពុទ្ធសាសនា ១៩៣វត្ត ក្នុងនោះវត្តមហានិកាយ១៩៤វត្ត និងវត្តធម្មយុត្តិ៩វត្ត។ ចំពោះព្រះសង្ឃសរុបទាំង២គណៈមាន១,៩៣០អង្គ ភិក្ខុ៥៣៣អង្គ និងព្រះសង្ឃគណៈធម្មយុត្តិមាន៥៦អង្គ ភិក្ខុ១៩អង្គ។ ក្រៅពីនោះមានឥស្លាមសាសនា២និកាយ ស្មើនឹង២,៣៩% ព្រះវិហារ៤ សូរ៉ាវ៤៣, គ្រឹស្ទសាសនា ២និកាយ កាតូលិក និងប្រូតេស្តង់ ៦៦កន្លែង, មានសមាគមខ្មែរវៀតណាម សមាគមខ្មែរចិន សមាគមយានចិន និងសាសនាបាហៃ ៩កន្លែង។
លោកបានបន្ថែមថា ខេត្តបានបង្ហាត់ក្រុមសិល្បៈ ដើម្បីប្រគុំ និងសម្តែងសិល្បៈទស្សនីយ៍ភាពចម្រុះ អំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ការការពារបរិស្ថាន និងរបាំផ្សេងៗ។ រៀបចំការផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុត្តិនានា ក្នុងវិស័យភាព ច្បាប់អាជីវកម្ម សិប្បកម្ម ដល់ពលរដ្ឋ។ ដឹកនាំបេក្ខជន ចូលរួមប្រឡងប្រណាំង ធ្វើម្ហូប ទទួលបានជ័យលាភីលេខ១ លើមុខម្ហូបសម្លរម្ជូរដើមចេក។ ក្រៅពីនោះខេត្តពោធិ៍សាត់ ក៏ជាខេត្តដែលមានសក្តានុពលទេសចរណ៍ធម្មជាតិ រហូតទៅដល់៣៤កន្លែង មានអេកូទេសចរណ៍នៅឃុំអូរសោម មានវ៉ារីអគ្គិសនី ព្រៃក្រវាញ ទឹកធ្លាក់ ក្រពើរភ្នំ និងទឹកជ្រោះ ដែលអាចទាញយកភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ឲ្យចូលទស្សនាកំសាន្ត ជាង៥៩ម៉ឺននាក់ ជាមួយនឹងសណ្ឋាគារ ៥កន្លែង ផ្ទះសំណាក់ ២៩កន្លែង និងភោជនីយដ្ឋាន១៨កន្លែង។
ទន្ទឹមនឹងលទ្ធផលសម្រេចបានទាំងអស់នេះ ខេត្តក៏មានកិច្ចការងារជាច្រើនទៀតដែលត្រូវអនុវត្តបន្ត ខិតខំដោះស្រាយនូបវញ្ហាប្រឈមមួយចំនួនឲ្យស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់កិច្ចអភិវឌ្ឍខេត្ត ឲ្យបានកាន់តែរីកចម្រើនថែមទៀត។
លោក ម៉ៅ ធនិន បានថ្លែងអំណរគុណចំពោះគណៈប្រតិភូ គណៈកម្មការទី៧ នៃរដ្ឋសភា ដែលបានយកចិត្តទុកដាក់ចុះបំពេញបេសកកម្មនៅខេត្តពោធិ៍សាត់ ដើម្បីស្វែងយល់អំពីប្រសិទ្ធភាព នៃការអនុវត្តន៍ច្បាប់នានា ពាក់ព័ន្ធនិងវិស័យដែលគណៈកម្មការទី៧ នៃរដ្ឋសភា ទទួលខុសត្រូវ ក៏ដូចជាស្ថានភាពទូទៅនៃការរីកចម្រើនលើគ្រប់វិស័យ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់។
ក្រោយពីបានស្តាប់ការរាយការណ៍របស់លោកអភិបាលខេត្តរួចមក លោក ហ៊ុន ម៉ានី បានកោតសរសើរ ដោយបានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធនានា ដែលខិតខំប្រឹងប្រែងក្នុងការដឹកនាំ ធ្វើឱ្យខេត្តពោធិ៍សាត់មានការរីកចម្រើន ដែលបានលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តកាន់តែប្រសើរឡើង។
បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តពោធិ៍សាត់រួចហើយ ក្នុងថ្ងៃដដែលនោះ ប្រតិភូគណៈកម្មការទី៧ នៃរដ្ឋសភា បានបន្តដំណើរចុះពិនិត្យការងារសិប្បកម្ម ត្បាញកន្ទេល ក្រម៉ា ហូល ផាមួយ...ដែលធ្វើដោយដៃនារី នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបន្តទៅគោរពវិញ្ញាណក្ខន្ធ លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ នៅបូជនីយដ្ឋានលោកឧកញ៉ា ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ផងដែរ៕