(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងជំរុញឱ្យមន្ដ្រីពាក់ព័ន្ធត្រូវបន្ដយកចិត្ដទុក្ខដាក់លើសកម្មភាពការងារឱ្យបានច្បាស់លាស់ និងចំគោលដៅប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់តាមយុទ្ធសាស្ដ្រ ដែលបានកំណត់ទុក។
ការថ្លែងជំរុញរបស់លោកស្រីរដ្ឋលេខាធិការ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រជុំមួយស្ដីពីការឆ្លុះបញ្ចាំងពីការអនុវត្តន៍គម្រោង និងភាពជាដៃគូ រវាងមន្ទីរសុខាភិបាលខេត្តស្រុកប្រតិបត្តិចំនួន៣ខេត្ត រួមមាន ខេត្តឧត្តមានជ័យ ព្រះវិហារ និងស្ទឹងត្រែង ជាមួយអង្គការ CATHOLIC RELIEF SERVICES នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០១៩ នៅសណ្ឋាគាសាន់វ៉េ។ ពិធីមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី អេលីហ្សាប៊ែត តំណាងអង្គការ CRS ប្រចាំអនុតំបន់ទន្លេមេគង្គ មជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តផងដែរ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ជាពិសេសលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តែងតែខ្វាយខ្វល់លើការអនុវត្តន៍ឱ្យមានប្រសិទ្ធិភាពនូវការលុបបំបាត់ជំងឺគ្រុនចាញ់តាមយុទ្ធសាស្រ្ត ដែលបានប្រគល់ជូនក្រសួងសុខាភិបាល ដោយសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ យុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ២០១១-២០២៥នេះ ក៏មានការគាំទ្រពេញទំហឹងពីសម្តេចតេជោផងដែរ។
ជាងនេះទៅទៀតលោកស្រី ថ្លែងបន្ដថា វាជាការលុបបំបាត់ជំងឺគ្រុនចាញ់ទូទៅ ដែលបានចេញសារ ដើម្បីជាការបង្ហាញ ជាការណែនាំ និងបង្ហាញពីការគាំទ្រ ដល់នយោបាយ និងបច្ចេកទេស ទៅលើការខិតខំប្រឹងប្រែង នៃការលុបបំបាត់ជំងឺគ្រុនចាញ់នេះ។
«ត្រូវតែលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទហ្វាល់ស៊ីប៉ារ៉ូមនៅឆ្នាំ២០២០ ហើយឥលូវនេះ គឺពាក់កណ្ដាលឆ្នាំ២០១៩ហើយ ដូច្នេះសូមក្រើនរំលឹកនូវអនុសាសន៍របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ដែលបានលើកឡើងពីសន្និបាតគ្រុនចាញ់ពីរដងរួចមកហើយ និងកាលពីឆ្នាំ២០១៨ លោកក៏ជំរុញឱ្យធ្វើ Test and Treat នឹងនៅឆ្នាំ២០១៩នេះ គឺលោកបានផ្ដួចផ្ដើមគំនិត METT (Meet and Education for behavior change Test & Treat) គឺត្រូវចុះជួបប្រជាជនចំណុចផ្ទាល់ និងផ្តល់ការអប់រំដើម្បីឲ្យមានការផ្លាស់ប្តូរឥរិយាបទក្នុងការការពារជំងឺគ្រុនចាញ់ ព្រមទាំងធ្វើតេស្តឈាម និងព្យាបាលភ្លាមៗ»។ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ឌឌីន គូសបញ្ជាក់។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងបន្ដថា «សូមឲ្យខេត្តទាំងបីយកទៅអនុវត្តន៍នូវគំនិតផ្ដួចផ្ដើមទាំងអស់នេះ ដោយពិនិត្យដាក់ចេញជាសកម្មភាព ឲ្យបានច្បាស់លាស់ ដើម្បីធ្វើយ៉ាងណាឱ្យយើងអាចអនុវត្តន៍នូវគំនិតផ្ដួចផ្ដើមនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធ្វើឲ្យសម្រេចបាននូវផែនការយុទ្ធសាស្រ្តនេះ ដាច់ខាតត្រូវតែមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមអនុវត្តន៍ ពីអស់លោក លោកស្រី ជាមន្ត្រីសុខាភិបាលថ្នាក់ក្រោមជាតិ ដោយមានការគាំទ្រផ្នែកបច្ចេកទេស ពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត (CNM) និងការគាំទ្រពីក្រៅប្រទេសនិងថវិកាពី អង្គការ មូលនិធិសកល និងដៃគូអភិវឌ្ឍន៍ផ្សេងៗ»។
ទន្ទឹមនឹងនោះ លោកស្រីវេជ្ជបណ្ឌិត បានផ្ដល់អនុសាសន៍ដ៏មានសារៈសំខាន់មួយចំនួនដូចជា៖
* អំពាវនាវដល់ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ការពារធ្វើយ៉ាងណាកុំឱ្យមូសដែកគោលញីខាំ ពិសេសប្រុងប្រយ័ត្នខ្ពស់ចំពោះកុមារ និងប្រជាជនចល័ត ។
* មន្ត្រីសុខាភិបាល និងអង្គការដៃគូពាក់ព័ន្ធទាំងអស់ ត្រូវតែចូលរួមចំណែកឲ្យបានសកម្មបំផុត ដើម្បីធ្វើឲ្យសម្រេចបាននូវផែនការយុទ្ធសាស្រ្តជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥ ពិសេសក្នុងដំណាក់កាលដំបូងត្រូវលុបបំបាត់ឱ្យបាននូវជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូមនាឆ្នាំ២០២០។
* ត្រូវផ្តោតការយកចិត្តទុកដាក់ការធ្វើតេស្តស្រាវជ្រាវរកជំងឺគ្រុនចាញ់ និងព្យាបាលឲ្យបានទាន់ពេលវេលាលើក្រុមប្រជាជនដែលប្រឈមខ្ពស់ (អ្នកចូលព្រៃ) នៅតាមតំបន់ដែលមានអ្នកជំងឺគ្រុនចាញ់ច្រើនដូចជា ខេត្តព្រះវិហារ និងស្ទឹងត្រែង ក្នុងស្រុកសៀមប៉ាង។
* សូមឱ្យមន្ត្រីសុខាភិបាល និងអង្គការដៃគូពាក់ព័ន្ធទាំងអស់បន្តការសហការគ្នាឲ្យបានកាន់តែប្រសើរ ដើម្បីឲ្យការអនុវត្តកម្មវិធីមានភាពរលូនល្អ ឆ្ពោះទៅរកភាពជោគជ័យ។
* សូមឱ្យមន្ត្រីសុខាភិបាល និងអង្គការដៃគូពាក់ព័ន្ធទាំងអស់ ពិនិត្យមើលរួមគ្នាលើវឌ្ឍនភាពការងារ កត្តាប្រឈមហានិភ័យ និងកាលានុវឌ្ឍភាព ដែលទាក់ទងទៅនឹងការអនុវត្តគម្រោង RAI2E ដើម្បីពិភាក្សារកដំណោះស្រាយ លើកសកម្មភាព និងអនុវត្តរួមគ្នាឲ្យបានជោគជ័យ តាមគោលដៅរបស់យុទ្ធសាស្រ្ត ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់។
* ពង្រឹងប្រព័ន្ធសេវាគ្រុនចាញ់បន្ថែមទៀត និងសុំឱ្យមានការចូលរួមយ៉ាងទូលំទូលាយពីសហគមន៍៕