(ភ្នំពេញ)៖ បន្ទាប់ពីសម្រេចជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងយានយន្តជាបន្តបន្ទាប់រួចមក នៅខែឧសភា ឆ្នាំ២០១៩នេះ ក្រសួងបរិស្ថានរួមជាមួយសហព័ន្ធកីឡាយានយន្តកម្ពុជា ក្រុមហ៊ុន KARA និងដៃគូមួយចំនួនទៀត នឹងរៀបចំព្រឹត្តិការណ៍កីឡាប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គថ្មីមួយទៀត
ដោយឆ្លងកាត់ដែនជម្រកសត្វព្រៃ «ព្រៃឡង់» និងតំបន់ការពារជម្រកសត្វព្រៃមួយចំនួនទៀត។

មុនព្រឹត្តិការអន្តរជាតិនេះចាប់ផ្ដើម អន្តរក្រសួង-ស្ថាប័នខាងលើបានរៀបចំសន្និសីទការសែតមួយ នៅទីស្នាក់ការ NOCC នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩
ក្រោមវត្តមានលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ហូរ សិទ្ធិគុណ អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា លោក ពៅ តិចឡេង អគ្គនាយកក្រុមហ៊ុន KARA លោក Asif IQBAL អគ្គនាយកក្រុមហ៊ុន Total ប្រចាំកម្ពុជា និងក្រុមកីឡាករជាតិ-អន្តរជាតិជាច្រើននាក់ទៀត។

លោក ហូរ សិទ្ធិគុណ បានឱ្យដឹងថា កីឡាប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» នេះ ធ្វើឡើងក្រោមប្រធានបទ «រួមគ្នាថែរក្សាបរិស្ថាន
និងធនធានធម្មជាតិ» ដោយចេញដំណើរចាប់ពីថ្ងៃទី១៧ ខែឧសភា និងបញ្ចប់វិញនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប ពិសេសគឺនឹងឆ្លងកាត់តំបន់ការពារដែនជម្រកសត្វព្រៃ «ព្រៃឡង់»។

លោកបានបន្តថា យានយន្តដែលចូលរួ មក្នុងព្រឹត្តិការណ៍ប្រណាំងយានយន្តអន្តរជាតិនេះ មានដូចជាក្រុមម៉ូតូប្រណាំងចំនួន ២០គ្រឿង។
ចំណែកឯក្រុមរថយន្តវិញមានចំនួនសរុបដល់ទៅ ២១គ្រឿង ក្នុងនោះមានរថយន្តប្រណាំងរបស់ក្រុមកីឡាករជាតិចំនួន ១៥គ្រឿង
រថយន្តប្រណាំងរបស់ក្រុមកីឡាករអន្តរជាតិចំនួន ៤គ្រឿង និងរថយន្តជំនួយគ្រឿងបម្លាស់ចំនួន ២គ្រឿង។

លោក នេត្រ ភក្ត្រា បានឱ្យដឹងដែរថា មិនត្រឹមតែឆ្លងកាត់ដែនជម្រកសត្វព្រៃ «ព្រៃឡង់» ប៉ុណ្ណោះ ក្រុមកីឡាករក៏នឹងឆ្លងកាត់ដែនជម្រកសត្វព្រៃមួយចំនួនទៀតដែរ ដូចជា ដែនជម្រកសត្វព្រៃ «បឹងពែ» ដែនជម្រកសត្វព្រៃ «ព្រៃព្រះរកា» នៅខេត្តព្រះវិហារ ហើយពេលដែលធ្វើដំណើរទៅដល់ខេត្តសៀមរាប ក្រុមកីឡាករនឹងត្រូវឆ្លងកាត់តំបន់ឧទ្យានជាតិភ្នំគូលែន និងតំបន់ការពារធម្មជាតិជាច្រើនទៀត។

រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានបង្ហាញការជឿជាក់ថា ព្រឹត្តិការណ៍នេះក៏ជាផ្នែកមួយសម្រាប់ទាញការចាប់អារម្មណ៍របស់សាធារណជន
ឱ្យចូលរួមថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិ ពិសេសការទប់ស្កាត់ការកាប់បំផ្លាញធនធានធម្មជាតិផងដែរ។

បើតាមការបញ្ជាក់បន្ថែមពីលោក ហូរ សិទ្ធិគុណ ចម្ងាយសរុបនៃការប្រណាំងនេះមានប្រមាណជាង ៦២៤គីឡូម៉ែត្រ៕