(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃចន្ទ ០៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ បានដឹកនាំប្រជុំមួយ ដើម្បីពិនិត្យតាមដាន និងវាយតម្លៃលើវឌ្ឍនភាព នៃការអនុវត្តគម្រោង ដែលក្រសួងបាននិងកំពុង សហការអនុវត្តជាមួយដៃគូអភិវឌ្ឍនានា ក្នុងក្របខណ្ឌវិស័យកសិកម្ម។ កិច្ចប្រជុំនេះ រៀបចំធ្វើឡើង នៅទីស្តីការក្រសួង។

កិច្ចប្រជុំនេះ ក៏ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ ប្រមូលយកធាតុចូល ពីគ្រប់ភាគីពាក់ព័ន្ធ រួចដាក់ចេញនូវយន្តការដោះស្រាយ ឲ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងប្រសិទ្ធផលប្រយោជន៍ ដើម្បីធ្វើការ អភិវឌ្ឍវិស័យកសិកម្ម ឲ្យមានការរីកចម្រើន សមស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០១៩-២០២៣ និងជាពិសេស សមស្របតាមកំណើនសេដ្ឋកិច្ច កំណើនប្រជាជនភ្ញៀវទេសចរ ការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដើម្បីរួមចំណែកសម្រេចឲ្យបាននូវចក្ខុវិស័យ របស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានអង្គភាព និងមន្រ្តីបង្គោលអនុវត្តគម្រោង។

មន្រ្តីបង្គោល បានធ្វើបទបង្ហាញជាបន្តបន្ទាប់ ជូនអង្គប្រជុំបានជ្រាបពីវឌ្ឍនភាពរបស់គម្រោង៖ ទី១៖ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃកសិកម្ម, ទី២៖ វឌ្ឍនភាពនៃគម្រោងខ្សែច្រវាក់ផលិតកម្ម ដោយភាតរបរិស្ថាន, ទី៣៖ គម្រោងជំរុញផលិតកម្មស្បៀង, ទី៤៖ គម្រោងផលិតកម្មស្បៀង និងការនាំចេញអង្ករ។ គម្រោងទាំង ០៤ បានលើកយកចំណុចសំខាន់ៗ មកបកស្រាយជូនអង្គប្រជុំជ្រាបអំពី៖

គោលបំណង ថវិកាចំណាយ ប្រភពថវិកា ពេលវេលាអនុវត្តគម្រោង ខេត្តគោលដៅ ដៃគូអនុវត្តគម្រោង លទ្ធផលអន្តរកាល លទ្ធផលរំពឹងទុក បញ្ហាប្រឈម ការចោទសួរ និងចម្លើយរបស់សមាជិក សមាជិកា និងជាពិសេសការបកស្រាយ ការផ្តល់ជាគំនិត និងយុទ្ធសាស្រ្តល្អៗរបស់ឯកឧត្តមរដ្ឋមន្រ្តីសម្រាប់មន្រ្តីអនុវត្តគម្រោងយកទៅធ្វើការកែលម្អដើម្បីឲ្យការអនុវត្តគម្រោងទទួលបានជោគជ័យបន្ថែមទៀត។

ភ្ជាប់ជាមួយលទ្ធផល លោករដ្ឋមន្រ្តី បានបញ្ជាក់ថា សមិទ្ធផលដែលគម្រោងសម្រេចបាន នាពេលនេះ គឺមិនអាចកាត់ផ្តាច់បាន ពីគុណូបការៈរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ភ្នាក់ងារអភិវឌ្ឍអន្តរជាតិ និងដៃគូអភិវឌ្ឍនានា ដែលបានជួយឧបត្ថម្ភ គាំទ្រទាំងធនធានថវិកា និងបច្ចេកទេស ដើម្បីអនុវត្តគម្រោងក្នុង។

លោកបានថ្លែងអំណរគុណ ជូនចំពោះរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានជួយជ្រោមជ្រែង សហការក្នុងការអនុវត្តគម្រោងនានា រហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ហើយសង្ឃឹមនិងជឿជាក់ថា កិច្ចសហការដ៏ប្រពៃនេះ នឹងបន្តពង្រឹង និងពង្រីកកាន់តែល្អប្រសើរថែមទៀត ក្នុងបរិបទតំណែទម្រង់ស៊ីជម្រៅ ដើម្បីកំណើនសេដ្ឋកិច្ច។

បន្ទាប់ពីក្តាប់បាននូវរាល់ខ្លឹមសារសំខាន់ៗនៃបទបង្ហាញ

លោករដ្ឋមន្រ្តី បានបញ្ជាក់ជូនអង្គប្រជុំថា យើងទទួលស្គាល់ថា ជាទូទៅថាការអនុវត្តគម្រោងជាក់ស្តែងនៅមូលដ្ឋាន តែងតែផលិតបាននូវលទ្ធផលល្អៗ ហើយក៏ជួបប្រទះនូវចំណុចខ្វះខាត ដូច្នេះដើម្បីបង្កើនសមត្ថភាព ក្នុងការគ្រប់គ្រងគម្រោង និងបន្តធ្វើនវានុវត្តន៍ នូវរាល់ផែនការសកម្មភាព អនុវត្តគម្រោងឲ្យបានទទួលបានជោគជ័យ តាមការគ្រោងទុក លោកបានជូនអនុសាសន៍ សំខាន់ៗដូចខាងក្រោម៖

១៖ មន្រ្តីដឹកនាំគម្រោងត្រូវមានឆន្ទះមោះមុត ឈរលើទឡី្ហករណ៍ច្បាស់លាស់ ក្នុងការចរចាថវិកាដើម្បីយកមកអនុវត្តគម្រោង ធ្វើយ៉ាងណាឲ្យគម្រោងគ្របដណ្តប់លើវិសាលភាពធំទូលំទូលាយនៃវិស័យកសិកម្ម។ ម៉្យាងទៀត គម្រោងត្រូវជ្រើសរើសកម្មវត្ថុ ឲ្យបានសមស្របតាមផែនការនយោបាយអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ឆ្លើយតមទៅនឹងសេចក្តីត្រូវការរបស់អ្នកទទួលផលជាក់ស្តែងជាពិសេសលទ្ធផលរំពឹងទុក គឺត្រូវឆ្លើយតបទៅតាមឆន្ទៈ និងសូចនាករណ៍របស់រាជរដ្ឋាភិបាល។

២៖ ត្រូវមានផែនការ ឬកម្មវិធីវាយតម្លៃលទ្ធផលគម្រោងឲ្យបានល្អិតល្អន់ និងសុក្រឹត្យទៅតាមតំណាក់កាលៗ ដើម្បីធ្វើការវាស់វែងពីការកែប្រែ ឬផ្លាស់ប្តូរកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងសហគមន៍ពិតប្រាកដ សាកសមទៅនឹងពេលវេលា ជាពិសេសថវិការបស់រដ្ឋ ដៃគូអភិវឌ្ឍ ភ្នាក់ងារអភិវឌ្ឍអភិវឌ្ឍជាតិ និងអន្តរជាតិនានា ដែលបានចំណាយ។

៣៖ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅតាមបណ្តាខេត្ត គោលដៅអនុវត្តគម្រោងត្រូវចូលរួមគាំទ្រ និងបង្កើនកិច្ចសហការឲ្យបានល្អប្រសើរ ប្រយោជន៍ដើម្បីធ្វើការអភិវឌ្ឍឲ្យចំគោលដៅ និងឆ្លើយតបទៅតាមអ្វី ដែលប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនត្រូវការ និងចង់បាន។

៤៖ នាយកគម្រោង ឬមន្រ្តីបង្គោល នៃគម្រោងគួររៀបចំបង្កើតឯកសារខ្លីៗ (វីដេអូគ្លីប) បង្ហាញពីលទ្ធផលគម្រោងជាក់ស្តែងជាសាធារណៈ ជាពិសសការកែប្រែកម្រិតជីវភាព របស់ប្រជាពលរដ្ឋក្រោយពេលទទួល បានផលប្រយោជន៍ពីគម្រោង។

[Forwarded from chour limhout]
៥៖ នាយកគម្រោង មន្រ្តីបង្គោល និងមន្រ្តីអនុវត្តគម្រោងទាំងអស់ គ្រប់ជំនាញគួរតែរៀបចំកម្មវិធីប្រជុំជាប្រចាំ ដើម្បីវាយតម្លៃលើលទ្ធផលបឋម ចែករំលែកបទពិសោធន៍ ឬមេរៀនល្អៗ ពីគ្រប់ភាគីអនុវត្តគម្រោង ធ្វើការលើកឡើងចំណុចខ្លាំង កែលម្អចំណុចខ្សោយគ្រប់ជ្រុងជ្រោយ រួចដាក់ចេញនូវវិធានការដោះស្រាយជាចង្កោម សមស្របតាមស្ថានភាព ស្ថានការណ៍ គ្រប់កាលៈទេសៈ និងស្របតាមបរិបទនៃគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួង។

៦៖ ត្រូវបង្កើនសមត្ថភាព និងភាពវៃឆ្លាតក្នុងការដឹកនាំ ការអនុវត្តគម្រោងថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារ បង្កើនតម្លៃ ជំនឿទុកចិត្ត និងនិរន្តរភាព។

៧៖ គម្រោងគួរពង្រឹងសមត្ថភាពដល់សហគមន៍ ក្នុងការផលិតពូជដំណាំ បន្លែ ស្រូវ និងត្រី ដើម្បីធានាដល់ការផ្គត់ផ្គង់ក្នុងសហគមន៍ កាត់បន្ថយទុនផលិត និងការនាំចូល។ ករណីនេះ អាចធ្វើកិច្ចសន្យាជាមួយដៃគូអភិវឌ្ឍ ឬក្រុមហ៊ុនឯកជនក្នុងការ ផលិតពូជ ធានាបរិមាណ និងគុណភាពពូជ ដោយអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។

៨៖ គម្រោងគួរពិនិត្យឡើងវិញនូវចំណុចខ្លាំង និងចំណុចខ្សោយ នៃការអនុវត្តកសិកម្មល្អ (GAP) ព្រោះការទទួលយកបច្ចេកវិទ្យាទំនើបៗ មួយចំនួនរបស់បងប្អូនប្រជាកសិករយកទៅអនុវត្តនៅមានកម្រិត៕