(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ ក្រុមការងារអាហារូបករណ៍សសុខា បានចុះកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នាជាមួយ មជ្ឈមណ្ឌល Transformer Center នៃប្រទេសឥណ្ឌូនេស៊ី ដើម្បីផ្ដល់អាហារូបករណ៍ឲ្យនិសិ្សតខ្មែរ បានទៅសិក្សានៅប្រទេសឥណ្ឌូនេស៊ី ដោយមិនចំណាយអ្វីៗទាំងអស់។ ពិធីនេះក្រោមអធិបតីភាព លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡា។
លោក ស សុខា ដែលជាស្ថាបនិកអាហារូបករណ៍ ស សុខា បានថ្លែងថា ការទទួលបានអាហារូបករណ៍៤៥នាក់បន្ថែមទៀតនេះ គឺជាការចូលរួមចំណែក ផ្តល់ឱកាសឲ្យយុវជនខ្មែរ បន្តការសិក្សាទៅក្រៅប្រទេស ហើយជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ស សុខា ចាត់ទុកថា ការជួយសម្របសម្រួលអាហារូបករណ៍៤៥នាក់ ពីសំណាក់ភាគីឥណ្ឌូនេស៊ីនេះ គឺជាការជួយរួមចំណែក នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនាមជាប្រទេសសមាជិកអាស៊ានដូចគ្នា ដូច្នោះមានន័យថា មានតែការជួយគ្នាទៅវិញទៅមកពិតប្រាកដទេ ទើបជាមិត្តដែលពិតប្រាកដ។ ភាគីខាងឥណ្ឌូនេស៊ីដែលមាន លោក ថមមី ហែម័រ វ៉ាន់ឡូ ប្រធានរមណីយដ្ឋានកំពង់ទេវ បានថ្លែងថា លោករីករាយដោយស្មោះក្នុងផ្តល់អាហារូបករណ៍មកដល់និស្សិតកម្ពុជា តាមរយៈលោក ស សុខា។
លោក បានបន្តថា ចំពោះការចំណាយផ្សេងៗ នូវនិសិ្សតទាំង៤៥នាក់នេះ គឺខាងលោកជាអ្នករ៉ាប់រងទាំងអស់ ក្នុងនោះទាំងការស្នាក់នៅ ការហូបចុង បង់ថ្លៃសាលា ធានារ៉ាប់រង ហើយសំបុត្រយន្តហោះទៅវិញមកជាដើម គឺខាងភាគីឥណ្ឌូនេស៊ីជាអ្នកចំណាយទាំងអស់ ដោយមិនចាំបាច់ឲ្យនិសិ្សតខ្មែរយើង ចំណាយអ្វីឡើយមានន័យថា និស្សិតខ្មែរគ្រាន់តែមានចិត្តចង់រៀនតែប៉ុណ្ណោះ។ ពាក់ព័ន្ធនឹងជំនាញទៅសិក្សា គឺផ្ដោតសំខាន់មានគ្រប់គ្រង ទំនាក់ទំនងពាណិជ្ជកម្ម និងជំនាញផ្សេងៗទៀត។
សូមបញ្ជាក់ថា មកដល់ពេលនេះអាហារូបករណ៍ ស សុខា បានជូននិសិ្សតដែលទៅសិក្សានៅក្រៅប្រទេសនោះ មានដូចជា៖ ប្រទេសចិន វៀតណាម និងឥណ្ឌូនេស៊ី៕