(បាត់ដំបង)៖ មន្រ្តីសាខាកុងត្រូលខេត្តបាត់ដំបង សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារ ដែលដាក់សារធាតុគីមីហាមឃាត់ នៅផ្សារគាស់ក្រឡ ស្រុកគាស់ក្រឡ ដោយបានធ្វើតេស្តទៅលើម្ហូមអាហារទាំងនោះ រកពុំឃើញមានដាក់លាយសារធាតុគីមីហាមឃាត់នោះទេ។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឲ្យដឹងថា ដើម្បីចុះអនុវត្តការងារជំនាញបន្ត និងគិតគូពីសុខភាពប្រជាពលរដ្ឋជាចម្បង មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយមន្រ្តីជំនាញទាំងអស់ បានចុះត្រួតពិនិត្យទំនិញនៅតាមទីផ្សារនានាក្នុងខេត្ត ដើម្បីទប់ស្កាត់ការតាំងលក់ទំនិញខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់សុខភាព ប្រជាពលរដ្ឋគ្រប់គ្នាជាប្រើប្រាស់ផ្ទាល់។
លោកប្រធានសាខា បានបញ្ជាក់ថា ទំនិញដែលមន្ដ្រីជំនាញបានយកមកត្រួតពិនិត្យមានដូចជា៖ សាច់ក្រក ក្បាលត្រីប្រឡាក់ ត្រីងៀត សរសៃគុយទាវ តូច-ធំ លតស្វិត ចាហួយខ្មៅ ផ្លែឈើរី អំបិល ម្ហូបអាហារទាំងនេះ រកពុំឃើញមានសារធាតុគីមីហាមឃាត់អ្វីនោះទេ នេះសបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ខទាំងអ្នកលក់ និងអ្នកទិញបានយល់ច្បាស់ពីផលប៉ះពាល់សុខភាព។
ព្រមគ្នាជាមួយនឹងការចុះត្រូតពិនិត្យនេះ លោកប្រធាន និងមន្រ្តីសាខាកាំកុងត្រូលទាំងអស់ បានចុះធ្វើការអប់រំផ្សព្វផ្សាយជាប្រចាំបន្ថែមទៀត តាមរយៈបិទស្ទិកឃ័រ នៅកន្លែងលក់ក្នុងផ្សារផ្ទាល់ ឬតាមប្រព័ន្ធផ្សាយផ្សេងជាច្រើនទៀត ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ ពីផលប៉ះពាល់សុខភាព ដល់អ្នកប្រើប្រាស់ និងបានអំពាវនាវដល់អាជីវករលក់ដូរ និងអ្នកប្រើប្រាស់ទាំងអស់ថា នាំគ្នាទប់ស្កាត់ និងឈប់លក់ទំនិញខូចគុណភាពបន្តទៀតផងដែរ៕