(ភ្នំពេញ)៖ លោក សុខ សុគន្ធ ហៅ ជេម សុខ ដែលជាអ្នកអត្ថាធិប្បាយបញ្ហាសង្គមកម្ពុជា ដ៏មានប្រជាប្រិយភាពមួយរូប បានលើកឡើងថា កម្ពុជាគួរបង្កើតក្រុមនគរបាល «ត្រួតត្រាចោរកម្ម និងបទល្មើសទេសចរចិន» ដោយធ្វើសកម្មភាពផ្តោតជាសំខាន់ក្នុងការត្រួតត្រា និងបង្ក្រាបទៅលើជនជាតិបង្កចោរកម្ម និងបទល្មើសនានានៅលើទឹកដីកម្ពុជា។
គំនិតចង់ឱ្យបង្កើតក្រុមនគរបាល «ត្រួតត្រាចោរកម្ម និងបទល្មើសទេសចរចិន» បានធ្វើឡើងបន្ទាប់មានករណីបាញ់សម្លាប់គ្នារបស់ជនជាតិចិននៅក្នុងក្រុងព្រះសីហនុ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ ក៏ដូចជាការបង្កបទល្មើសនាពេលកន្លងមកជាដើម។
ការបង្កភាពអសកម្មរបស់ជនជាតិនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា កំពុងធ្វើឱ្យប៉ះពាល់ខ្លាំងដល់នយោបាយជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។ ប្រជាពលរដ្ឋខ្មែរមានអារម្មណ៍ថ្នាំងថ្នាក់ និងខ្លាចរអាផងដែរ ចំពោះជនជាតិចិនកំពុងរស់នៅលើទឹកដីកម្ពុជា ដែលបង្កបទល្មើសនានា។
លោក សុខ សុគន្ធ បានបង្ហាញទស្សនៈចង់ឱ្យមានការគ្រប់គ្រង និងអនុវត្តន៍ច្បាប់ប្រកបដោយប្រសិទ្ធភាពខ្ពស់ពីសំណាក់សមត្ថកិច្ចកម្ពុជា ដើម្បីទប់ស្កាត់បញ្ហាទាំងនេះ។
លោក សុខ សុគន្ធ បានលើកឡើងថា ករណីបង្កបទល្មើសនានារបស់ជនជាតិចិននៅកម្ពុជា គឺជាករណី «សមត្ថកិច្ច និងការអនុវត្តន៍ច្បាប់ (Law Enforcement)»។
អ្នកអត្ថាធិប្បាយលើបញ្ហាសង្គមកម្ពុជាដែលកំពុងរស់នៅលើទឹកដីអាមេរិករូបនេះ បានគូសបញ្ជាក់ដូច្នេះ «រឿងនេះឥតលំបាកដោះស្រាយទេ រាជការបង្កើតក្រុមនគរបាលត្រួតត្រាចោរកម្ម និងល្មើសទេសចរណ៍ចិនមួយក្រុមទៅ។ ក្រុមនរគបាលនេះចងក្រងរាល់ចោរកម្ម និងល្មើសរបស់ពួកចិន។ ដល់មានទិន្នន័យចោរកម្ម ងាយបង្ក្រាបណាស់»៕