(ភ្នំពេញ)៖ លោក សុខ សុគន្ធ អ្នកអធិប្បាយលើបញ្ហាសង្គមដ៏មានប្រជាប្រិយមួយរូប បានលើកឡើងថា កម្ពុជាត្រូវរៀបចំនូវបទដ្ឋានសាងសង់ថ្មីមួយ ដើម្បីពង្រឹងគុណភាពសំណង់ឆ្លើយតបការប្រែប្រួលអាកាសធាតុ។
ការលើកឡើងរបស់លោក សុខ សុគន្ធ បានធ្វើឡើងបន្ទាប់ពីមានផ្ទះសម្បែង ក៏ដូចជាផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មផងដែរ បានរងការដួលរលំជាដើមនៅពេលមានភ្លៀង និងខ្យល់បោកបក់ម្តងៗ។
លោក សុខ សុគន្ធ ហៅ ជេម សុខ បានលើកឡើងថា ការផ្លាស់ប្តូរអាកាសធាតុនាពេលបច្ចុប្បន្នតម្រូវឱ្យប្រជាជន អ្នករកស៊ីលើវិស័យសំណង់ និងរដ្ឋ ត្រូវកែប្រែបែបបទ ពង្រឹងរបៀបសាងសង់លំនៅឋាន និងសំណង់ផ្សេងៗ។ លោកបន្តថា បើមិនមានការយកចិត្តទុកដាក់ និងកែប្រែទេ ភ្លៀងធ្លាក់ និងខ្យល់កន្ទ្រាក់បក់បោកខ្លាំងនឹងបណ្តាលឱ្យប៉ះពាល់ដល់សំណង់ និងរងគ្រោះដល់មនុស្សផងដែរ។
លោក សុខ សុគន្ធ បានបញ្ជាក់ដូច្នេះ «កម្ពុជាត្រូវការ Building Codes ឬច្បាប់ និងបទដ្ឋានសំណង់ ព្រោះប្រទេសកំពុងបោះពួយលឿនណាស់ខាងការសាងសង់។ ប្រសិនប្រទេសគ្មាន Building Codes និងការពង្រឹងច្បាប់សំណង់ទាន់ពេលវេលាទេ គ្រោះថ្នាក់នឹងកើតឡើងខ្លាំងជាប្រទេសថៃក្នុងទសវត្សរ៍ឆ្នាំ៨០ទៅទៀត។ កាលណាសំណង់ខុសស្តង់ដាច្រើនហួស គ្រោះថ្នាក់កើនឡើង ហើយពិបាកខ្លាំង និងត្រូវចំណាយខ្លាំងលើការជួសជុល និងកែប្រែ»៕