(ភ្នំពេញ)៖ នៅពេលដែលកម្ពុជាកំពុងឆក់យកឱកាសមាស ឱកាសពេជ្រ ដើម្បីកសាងសេដ្ឋកិច្ចជាតិរបស់ខ្លួនតាមរយៈការទាញចំណេញ ពីមហាផែនការ «ខ្សែក្រវ៉ាត់ និងផ្លូវ» របស់ចិន មានអ្នកវិភាគមួយចំនួនដែលគេស្គាល់ឈ្មោះ និងស្គាល់មុខដដែលៗ ដោយប្រើប្រាស់បណ្តាញឃោសនាដដែលៗបានខិតខំបន្ទុចបង្អាក់ថា កម្ពុជាកំពុងបាត់បង់ គោលការណ៍អព្យាក្រឹត្យ អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។

អ្នកវិភាគទាំងនោះដែលមានចរិតលម្អៀង និងគំនិតទុទិដ្ឋិនិយមជ្រុលចំពោះប្រទេសជាតិខ្លួនឯងដោយសារតែនិន្នាការគាំទ្រ នយោបាយផ្កាប់មុខបាននាំគ្នាបញ្ចេញមតិវិភាគដោយ បំភ័ន្តទាំងមិនយល់សភាពការណ៍ ហើយបានខិតខំធ្វើឲ្យគេមើលឃើញថា កម្ពុជាពេលនេះកំពុងបាត់បង់គោលការណ៍អព្យាក្រឹត្យភាព និងមិនចូលបក្សសម្ព័ន្ធ។ ក្រុមបណ្ឌិត សាស្ត្រាចារ្យ ដែលបណ្តោយខ្លួនឲ្យនយោបាយដឹកច្រមុះទាំងនោះបានលើកយកហេតុផលពីអតីតកាល ក្នុងសម័យសង្គ្រាមត្រជាក់ដែលមានតែទ្វេរប៉ូលគឺអាមេរិក និងសូវៀតមកប្រៀបធៀបនឹងសម័យបច្ចុប្បន្នដែលជាស្ថានការណ៍ពហុប៉ូលនិងយុគ្គសម័យឌីហ្ស៊ីតាល។ តើពួកគេគ្មានបញ្ញាក្នុងការយល់ពីការផ្លាស់ប្តូររបស់ពិភពលោក ឬក៏យល់ដែរតែបណ្តោយខ្លួនឲ្យអគតិធម៌ដឹកមុខ?

ពួកគេទាំងនោះតែងអះអាងថា ខ្លួនជាអ្នកលោកខាងលិចនិយម ប៉ុន្តែពួកគេមិនព្រមបើកភ្នែកមើលគំរូកសាងសេដ្ឋកិច្ចរបស់លោកខាងលិចទាល់តែសោះ។ ហេតុអ្វីបានជាសហរដ្ឋអាមេរិកដែលជាសត្រូវស្លាប់រស់របស់វៀតណាមកាលពីអតីតកាល ស្រាប់តែឥឡូវបែរមកចាប់ដៃរកស៊ីជាមួយវៀតណាម? ហេតុអ្វីបានជាសហភាពអឺរ៉ុប និងបណ្តាប្រទេសជាច្រើននៅអឺរ៉ុបរកស៊ីជាមួយចិនក្នុងទំហំពាណិជ្ជកម្មយ៉ាងក្រាសក្រែល?

តើប្រទេសមហាអំណាចលោកខាងលិចទាំងនោះមិនខ្លាចបាត់បង់អត្តសញ្ញាណរបស់ខ្លួន ដែលខំអួតអាងថា ជាបិតាប្រជាធិបតេយ្យ បិតាសិទ្ធិមនុស្សទេ ឬបានជាទៅចាប់ដៃ រកស៊ីជាមួយប្រទេសកុំម្មុយនីស្ត? ពីព្រោះអ្វីដែលគេចង់បានគឺផលចំណេញខាងសេដ្ឋកិច្ចសម្រាប់ប្រទេសរបស់គេ។

អ្នកវិភាគទាំងនោះគ្មានលទ្ធភាព នឹងយល់ស្ថានការណ៍អស់ទាំងនេះផងទើបពួកគេលើកយករឿងអតីតកាលហួសសម័យមកធ្វើអំណះអំណាងក្នុងទំនាក់ទំនងកម្ពុជា-ចិន។ ម្យ៉ាងទៀត ពួកគេមិនទាំងយល់ថា អ្វីទៅហៅថាគោលការណ៍អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធផងទេ។

អព្យាក្រឹត្យភាពនិងមិនចូលបក្សសម្ព័ន្ធរបស់ប្រទេសមួយគឺគេនិយាយពីគោលនយោបាយ តែមិនមែនបញ្ហាសេដ្ឋកិច្ចឡើយ។ បើនិយាយពីគោលនយោបាយ កម្ពុជានៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ដោយគ្មានងាករេឡើយ ពោលគឺ កម្ពុជារាប់អាន និងធ្វើទំនាក់ទំនងការទូតដោយស្មើមុខមាត់ជាមួយគ្រប់បណ្តាប្រទេសមិនថាលោកខាងលិច ឬលោកខាងកើត មិនថាលោកសេរី ឬលោកកុម្មុយនិសឡើយ។ គោលការណ៍នេះមិនត្រូវបានបំពានសោះឡើយ។ ប៉ុន្តែ ការកសាងសេដ្ឋកិច្ច គេមិនដែលរើសមុខ និងរើសរបបនយោបាយទេ។ អស់លោក បណ្ឌិត និងអ្នកវិភាគទាំងនោះ ប្រហែលជាមិនធ្លាប់បានលឺទេពាក្យពេញនិយមដែលគេប្រើពាសពេញពិភពលោកថា «លុយគ្មានក្លិន និងគ្មានពណ៌កុំម្មុយនីស្តឬសេរី» ឡើយ។

បណ្តាមេដឹកនាំក្នុងយុគសម័យបច្ចុប្បន្ន គេខិតខំស្រវាស្រទេញខ្លាំងណាស់ក្នុងការសាងសេដ្ឋកិច្ចជាតិរបស់ខ្លួនដោយចាប់យកគ្រប់ឱកាស ដែលផ្តល់ឲ្យមិនថាឱកាសនោះមកពីណាទេ ទោះមកពីលោកសេរី លោកកុំម្មុយនីស្ត មិនមែនជាបញ្ហាឲ្យតែផ្តល់ផលចំណេញដល់ប្រទេសជាតិរបស់ខ្លួន គឺគេចាប់យកភ្លាម។ ដូច្នេះ ហេតុអ្វីបានជាកម្ពុជារកស៊ីជាមួយចិនត្រូវបានគេចោទថា បាត់បង់អព្យាក្រិត្យភាព?

កម្ពុជាមានទំនាក់ទំនងល្អជាមួយចិនក៏ព្រោះតែចិនបានជួយកម្ពុជាច្រើន។ ទោះជាយ៉ាងនេះក្តី កម្ពុជាមិនដែលប្រកាសមិនរាប់រកសហរដ្ឋអាមេរិកឬសហភាពអឺរ៉ុបឯណា? កម្ពុជាស្វាគមន៍កិច្ចសហប្រតិបត្តិការណ៍និងស្វាគមន៍ រាល់ជំនួយអភិវឌ្ឍន៍ពីបណ្តាប្រទេសទាំងនោះដូចជំនួយមកពីចិនដែរ។ ប៉ុន្តែ ផ្ទុយទៅវិញ គេលឺសូរតែ លោកខាងលិចទេតើដែលបន្តិចចង់ផ្តាច់នេះ បន្តិចចង់ផ្តាច់នោះពីកម្ពុជាទៅតាមខ្យល់នយោបាយរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ កម្ពុជាត្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ របស់ខ្លួនឲ្យមានសន្ទុះលឿនទៅមុខ។

ដូច្នេះកម្ពុជាត្រូវតែចាប់យកគ្រប់ឱកាសដែលផ្តល់ឲ្យពីព្រោះ កម្ពុជាមិនអាចរស់ដោយទន្ទឹងរង់ចាំការបន្តក់ទឹកសេរ៉ុម មួយដំណក់ម្តងៗ ហើយមានលក្ខខណ្ឌស្អីនោះឡើយ តែកម្ពុជាត្រូវការទឹកទុយោធំ ហូរលឿន ដោយគ្មានលក្ខខណ្ឌ។ ក្នុងន័យនេះគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ របស់ចិន គឺជាឱកាសមាស ឱកាសពេជ្រ សម្រាប់កម្ពុជា។ ពិតណាស់ ចិនបោះទុនដើម្បីស្វែងរកផលចំណេញពីព្រោះ ជាគោលការណ៍សេដ្ឋកិច្ចសាកល ប្រទេសណាក៏បោះទុនដើម្បីស្វែងរកផលចំណេញដែរ។ ប៉ុន្តែគេក៏មិនត្រូវភ្លេចដែរថា ផលចំណេញមិន មែនមានតែចិនឯណា? បណ្តាប្រទេសដៃគូក៏ត្រូវខិតខំទាញ យកផលចំណេញពីផែនការណ៍ នេះឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបានក្នុងនោះក៏មានកម្ពុជា ដែរ។ ចុះបើឱកាសល្អមកដល់ហើយ បែរជាកម្ពុជាអង្គុយឱបដៃមើល គឺពិតជាគំនិតដ៏ឆោតល្ងង់ខ្លាំងណាស់។

ខ្ញុំដែលមានឋានៈត្រឹមអ្នកតាមដាននយោបាយតាមតុកាហ្វេ គ្មានចំណេះដឹងជ្រៅជ្រះអំពីបញ្ហានយោបាយនិងសេដ្ឋកិច្ចទេ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះគឺនៅពេលដែល ខ្ញុំបានឃើញអ្នកចេះដឹងខ្លះដែលមានឈ្មោះជាបណ្ឌិត, សាស្ត្រាចារ្យ និងអ្នកវិភាគបែរជាមានគំនិតអគតិ ចំពោះជាតិខ្លួនឯងទៅវិញ។ ពួកគេបញ្ចេញមតិវិភាគតាម របៀបមិនជួយចូកជួយចែវតែ យកជើងរាទឹក។ វិភាគដោយមិនបានឆ្លុះបញ្ចាំងទាល់តែសោះពីសភាពការណ៍ពិភពលោក បច្ចុប្បន្នដោយនៅតែដឹតដាមនូវគំនិតហួសសម័យ តាំងពីសម័យសង្គ្រាមត្រជាក់ទៅវិញ។ មតិយោបល់ ឬការវិភាគទាំងឡាយណាដែលចង់ផ្តល់គំនិតដើម្បីស្ថាបនាគឺជារឿងគួរឲ្យស្វាគមន៍ជាពន់ពេកដែលខ្ញុំយល់ថា អ្នកដឹកនាំរដ្ឋាភិបាលសប្បាយចិត្តក្នុងការទទួលយក ប៉ុន្តែការវិភាគខ្លះកុំសូម្បីឡើយតែរដ្ឋាភិបាល សូម្បីតែខ្លួនខ្ញុំជាអ្នកអង្គុយតាមតុកាហ្វេក៏មិនអាចទទួលយកបានផង។

អ្វីដែលខ្ញុំចង់ប្រាប់ទៅអ្នកវិភាគ ទាំងនោះវិញគឺ ការកសាងសេដ្ឋកិច្ចជាមួយមិត្តបរទេសមិនធ្វើឲ្យកម្ពុជាបាត់បង់អព្យាក្រឹត្យភាពឡើយ ហើយអព្យាក្រឹត្យភាពរបស់ប្រទេសមួយ ក៏មិនតម្រូវឲ្យយកតាមគោលការណ៍ សមធម៌ក្នុងការធ្វើទំនាក់ទំនងសេដ្ឋកិច្ចជាមួយបរទេសនោះដែរ ពោលគឺជាមួយប្រទេសណា ដែលមានផលចំណេញច្រើន ទំនាក់ទំនងជាមួយប្រទេសនោះតែងតែស្និទ្ធស្នាលខ្លាំងជាងប្រទេសផ្សេងទៀត។ ប៉ុន្តែមិនមែនមានន័យថា ត្រូវយក ប្រទេសផ្សេងដែលមានផល ប្រយោជន៍សេដ្ឋកិច្ចតិចជាងជាសត្រូវឯណា? ហេតុនេះហើយបានជាគេសង្កេតឃើញថា ទំហំពាណិជ្ជកម្មរវាងប្រទេសមួយជាមួយប្រទេសផ្សេងៗមិនដូចគ្នាឡើយ។

យ៉ាងណាមិញ កម្ពុជាដែលមានទំនាក់ទំនងល្អផ្នែកសេដ្ឋកិច្ចជាមួយចិនជាងបណ្តាប្រទេសផ្សេងគឺជារឿងធម្មតា និងមិនបញ្ជាក់ថា កម្ពុជាស្និទ្ធនឹងចិន ហើយបោះបង់ប្រទេសផ្សេងនោះឡើយ។ ហើយរឿងប៉ុណ្ណឹង មិនចាំបាច់មានសញ្ញាបត្របណ្ឌិត ឬសាស្ត្រាចារ្យក៏អាចយល់បានដែរ៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ