(ភ្នំពេញ)៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា តម្លៃអចលនទ្រព្យនៅកម្ពុជានឹងតែបន្តកើនឡើង គិតជាមធ្យមពី១០% ទៅ១៥% ជារៀងរាល់ឆ្នាំ ហើយ៥ឆ្នាំទៅមុខទៀត វិស័យអចលនទ្រព្យកម្ពុជា នឹងនៅតែរឹងមាំល្អ។
ការថ្លែងយ៉ាងដូច្នេះរបស់លោក ច្រឹក សុខនីម ធ្វើឡើងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ក្រោមប្រធានបទ«ស្ថានភាពវិស័យអចលនទ្រព្យរបស់កម្ពុជា នៅដើមឆ្នាំ២០១៩»។
លោកបានបញ្ជាក់ទៀតថា «មូលហេតុដែលអចលនទ្រព្យបន្តឡើងថ្លៃនេះ គឺមានចំនួន៣កត្តា ទី១៖ វិស័យលំនៅដ្ឋាន, ទី២៖ វិស័យដីធ្លី, និងទី៣ វិស័យជួលផ្សេងៗ ដែលកត្តាទី៣នេះហើយ ដែលនាំឲ្យកម្ពុជាបន្តការឡើងថ្លៃអចលនទ្រព្យពី១០% ទៅ១៥%បន្ថែម នៅរៀងរាល់ឆ្នាំតទៅមុខ។ ដោយឡែកបើធៀបនឹងប្រទេសជិតខាង ដូចជាប្រទេសថៃ វៀតណាម និងបណ្ដាលប្រទេសផ្សេងៗ នៅក្នុងតំបន់អាស៊ាននេះ សម្រាប់កម្ពុជាតម្លៃលើអចលនទ្រព្យនៅមិនទាន់ខ្ពស់នៅឡើយទេ បើទោះបីមានការកើនឡើងក្តី»។
លោកបន្តថា សម្រាប់វិស័យលំនៅដ្ឋាននៅកម្ពុជា គឺត្រូវការបន្ថែមទៀត ព្រោះថា បើធៀបចំនួនប្រជាជន និងចំនួនខ្នងផ្ទះ គឺមិនទាន់សមាមាត្រគ្នានៅឡើយទេ។ ចំពោះចំនួនខ្នងផ្ទះនៅរាជធានីភ្នំពេញ មានប្រហែលជា១លានខ្នងផ្ទះ និងចំនួនប្រជាជនដែលប្រហាក់ប្រហែលជាជាង២លាននាក់ ដូចនេះសម្រាប់កម្រិតនៃការកើនឡើង គឺនៅតែកើនឡើងបន្តផងដែរ។
លោកបានបន្ថែមថា មួយវិញទៀតចំនួនខ្នងផ្ទះនេះ គឺត្រូវការបន្ថែមទៀត ដោយសារតែប្រជាជនមានការកើនឡើងជារៀងរាល់ថ្ងៃ និងត្រូវរៀបការ ហើយក៏ត្រូវការផ្ទះថ្មីសម្រាប់គ្រួសារថ្មីផងដែរ ដូចនេះទើបត្រូវទាមទារឲ្យមានផ្ទះបន្ថែមទៀត ដូចនេះលំនៅដ្ឋាននៅតែជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍនៅកម្ពុជា ជាពិសេសលំនៅដ្ឋានសាងសង់ដូចជា បុរី ផ្ទះល្វែង និងវីឡាជាដើម។
លោកក៏បានបញ្ចាក់ផងដែរថា ស្ថានភាពអចលនទ្រព្យនៅកម្ពុជា គឺនៅតែមានការរឹងមាំខ្លាំងក្លា ហើយវិស័យនេះ វាអាចជាក្ដីរំពឹងសម្រាប់អ្នកដែលត្រូវការវិនិយោគ លើវិស័យអចលនទ្រព្យផងដែរ។
លោកបន្តថា វិស័យអចលនទ្រព្យរបស់កម្ពុជា នៅតែមានភាពរឹងមាំសម្រាប់រយៈពេល៥ឆ្នាំទៅមុខទៀត ដោយផ្អែកទៅលើមូលដ្ឋានតម្លៃសេដ្ឋកិច្ច (កំណើនរង្វន់៧ភាគរយ), មូលដ្ឋាននៃការគាំពារពីរាជរដ្ឋាភិបាល (ស្ថិរភាពនយោបាយល្អ), និងមូលដ្ឋានតម្លៃនៃការវិនិយោគពីក្រៅប្រទេសផងដែរ៕