(ភ្នំពេញ)៖ ក្រុមហ៊ុន B.I.C Group បោះទុនជាង២០០លានដុល្លារ សាងសង់អាគារមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្ដរជាតិ មានឈ្មោះថា «One Central Tower» នៅតំបន់ស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ពិធីបញ្ចុះបឋមសិលាសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩។
ការរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារ «One Central Tower» ធ្វើឡើងក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ, លោក យឹម លក្ខណ៍ ប្រធានក្រុមប្រឹក្សាភិបាលរបស់ B.I.C Group និងភ្ញៀវកិតិ្តយសជាច្រើនរូបទៀតផង។
One Central Tower សាងសងលើផ្ទៃដីប្រមាណ២៤,០០០ម៉ែត្រការ៉េ ក្នុងតំបន់ស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ការជ្រើសរើសទីតាំងនៅតំបន់បឹងស្នោរ សាងសង់អគារពាណិជ្ជកម្មនេះ ដើម្បីចង់ប្រែក្លាយតំបន់នេះ ឲ្យទៅជាទីក្រុងដ៏ទំនើបថ្មីមួយ ដែលប្រមូលផ្តុំដោយមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបទាន់សម័យ, ផ្សារទំនើបលំដាប់អន្តរជាតិ, មន្ទីរពេទ្យរួមជាមួយការរស់នៅលក្ខណៈធម្មជាតិ និងការកម្សាន្តសម្បូរបែប។
លោក យឹម ឆៃលី លើកឡើងថា ការសាងសង់អគារ One Central Tower នៅកម្ពុជាពេលនេះ ដើម្បីជំរុញពន្លឿននៃកំណើនសេដ្ឋកិច្ចកម្ពុជា ខណៈបច្ចុប្បន្ននេះប្រទេសកម្ពុជា មានការផ្លាស់ប្ដូរល្អប្រសើរទាំងផ្នែកសេដ្ឋកិច្ច, នយោបាយ, វប្បធម៌, ពាណិជ្ជកម្ម និងការវិនិយោគជាដើម។
លោកបន្ដថា កម្ពុជាក្លាយជាប្រទេសមួយក្នុងអាស៊ីប៉ាស៊ីហ្វិច ដែលកាត់បន្ថយភាពក្រីក្រ លើសពី១ភាគរយក្នុង១ឆ្នាំ។ កត្តាទាំងនេះដែលធ្វើឲ្យវិនិយោគិនជាតិ-អន្ដរជាតិកត់សំគាល់ថា កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងសម្រុកមកវិនិយោគឥតឈប់ឈរ។
លោក យឹម លក្ខណ៍ ឲ្យដឹងថា សម្រាប់ការសាងសង់ One Central Tower ដើម្បីចូលរួមចំណែកការអភវិឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែមានសក្ដានុពល និងមានភាពទាក់ទាញ។ ក្រុមហ៊ុនមានកិត្តិយសទទួលបាននូវសិទ្ធិអភិវឌ្ឍន៍ ដើម្បីផ្លាស់ប្ដូរតំបន់ដ៏មានសក្ដានុពល ឲ្យក្លាយជាតំបន់អភិវឌ្ឍន៍ខ្លាំងក្លាមួយ។
លោកបន្ដថា «ការសាងសងមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ដើម្បីជួយប្រែក្លាយទីក្រុងភ្នំពេញ ជាតំបន់អភិវឌ្ឍលំដាប់ពិភពលោក ដែលទាក់ទាញក្រុមហ៊ុនវិនិយោគធំៗ មកវិនិយោគនៅកម្ពុជា»។
សូមបញ្ជាក់ថា ក្រុមហ៊ុន B.I.C Group ចង់ក្លាយជាស្ថាប័នវិនិយោគទុនឈានមុខគេនៅកម្ពុជា នៅក្នុងវិស័យធនាគារពាណិជ្ជ, ពាណិជ្ជកម្ម, ការធានារ៉ាប់រង, សេវាកម្មសន្តិសុខ និងការអភិវឌ្ឍអចលនទ្រព្យ៕