(ព្រះសីហនុ)៖ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានអំពាវនាវដល់មន្ត្រីស្ថាប័នជំនាញ មានមន្ទីរសាធារណៈការ និងដឹកជញ្ជូនជាដើមឲ្យយកចិត្តទុកដាក់លើការងារស្ថាបនាផ្លូវ និងប្រព័ន្ធលូរបង្ហូរទឹក ធ្វើយ៉ាងណាឱ្យរួចរាល់បានឆាប់មុនរដូវវស្សាចូលមកដល់។ ជាងនេះទៀត ត្រូវពិនិត្យជួសជុលផ្លូវខូចខាតមួយចំនួនទៀត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យមានភាពងាយស្រួល និងបញ្ចៀសរាល់ការកកស្ទះទាំងឡាយផង។

កាលពីថ្ងៃអាទិត្យ ទី០៥ ខែឧសភាឆ្នាំ២០១៩ លោក យន្ត មីន បានដឹកនាំមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលការដ្ឋានសាងសង់ផ្លូវ និងប្រព័ន្ធលូរនៅឆ្នេរអូរឈើទាល ផ្លូវ LV, ផ្លូវអង្គការម្លប់តាប៉ាង និងផ្លូវនៅជុំវិញក្រុងព្រះសីហនុមួយចំនួនទៀត ដើម្បីធ្វេីបច្ចុប្បន្នភាពរៀបចំផែនការឲ្យកាន់តែប្រសើរថែមទៀត លើការងារស្ថាបនាផ្លូវធ្វើដំណើរខាងលើនេះ។

ក្នុងឱកាសនោះ លោក យន្ត មីន ក៏បានជំរុញឲ្យមន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ខិតខំធ្វើយ៉ាងណារៀបចំក្រុមការងារចុះស្តារប្រឡាយ និងកាយប្រព័ន្ធលូររំដោះទឹកនានាក្នុងក្រុង ដើម្បីឱ្យទឹកហូរ បញ្ចៀសការលិចលង់នារដូវវស្សា នៅតាមដងផ្លូវសំខាន់មួយចំនួនក្នុងក្រុងព្រះសីហនុ។

បន្ថែមលើនេះ លោក យន្ត មីន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងវិស័យឯកជននានា ត្រូវចូលរួមសហការស្ដារប្រព័ន្ធអូរ លូរបង្ហូរទឹកឲ្យបានស្អាតគ្រប់កន្លែងសម្រួលចរន្តទឹកហូរ ប្រយោជន៍ឈានទៅកាត់បន្ថយការកកស្ទះសំរាម និងកាកសំណល់ផ្សេងៗ នាំឱ្យជនលិចផ្ទះប្រជាពលរដ្ឋ នារដូវវស្សាចូលមកដល់នៅឆ្នាំនេះ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ «ដោយសារតែកំណើនអ្នកវិនិយោគ បានចូលមកបោះទុននាក្រុងព្រះសីហនុ យ៉ាងគំហុក ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះទើបបណ្តាលឲ្យប្រព័ន្ធលូរ បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងខេត្តព្រះសីហនុ មានការខូចខាតយ៉ាងច្រើន។ ទន្ទឹមនឹងការខូចខាតនេះ រដ្ឋបាលខេត្ត បានបានបម្តសកម្មភាពស្ថាបនា និងជួសជុលកែលម្អរប្រព័ន្ឋហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតនោះ ឱ្យមានសោភ័ណភាពកាន់តែប្រសើរឡើងវិញជាបណ្តើរៗ»

ផ្តើមពីបញ្ហានេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ សង្ឃឹមថា បញ្ហាបរិស្ថានអនាម័យ និងបញ្ហាទឹកកខ្វក់ អាចត្រូវដោះស្រាយបានក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏ស្នើដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិអន្តរជាតិ និងអ្នកវិនិយោគទុនទាំងអស់ សូមមានការយោគយល់ និងសូមចូលរួមសហការគ្នាជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ ឲ្យរីកចម្រើន ដើម្បីឈានទៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ជាមួយប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ឲ្យកាន់តែមានជីវភាពថ្កុំថ្កើង និងប្រទេសជាតិរីកចម្រើនសម្បូរសប្បាយថែមទៀត៕