(ព្រះសីហនុ)៖ មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយក្រុមហ៊ុនប្រមូលសំរាម KSWM នៅថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០១៩នេះ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងពីការវេចខ្ចប់ និងទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ ដើម្បីឲ្យបុគ្គលិកក្រុមហ៊ុនប្រមូលសំរាមងាយប្រមូលយកទៅបោះចោលបានឆាប់។
នាឱកាសនោះមន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ និងក្រុមហ៊ុន KSWM ក៏បានតម្រូវឲ្យប្រជាពលរដ្ឋ និងអាជីវកររស់នៅក្នុងក្រុងព្រះសីហនុទាំងអស់ ត្រូវបញ្ចេញសំរាមមកគរទុកនៅតាមចិញ្ចើមផ្លូវនៅពេលយប់ គឺចាប់ម៉ោង ៧យប់ ដល់ម៉ោង ៦ព្រឹក។ ចំណែកបុគ្គលិក និងរថយន្តប្រមូលសំរាមរបស់ក្រុមហ៊ុន KSWM នឹងមកប្រមូលសំរាមចាប់ពីម៉ោង ៥ព្រឹក ដល់ម៉ោង ៧ព្រឹក ជារៀងរាល់ថ្ងៃ។
ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ បន្តថា កន្លងមករាល់ការបញ្ចេញសំរាមមកគរទុកចោលនៅតាមចិញ្ចើមផ្លូវសាធារណៈ របស់ប្រជាពលរដ្ឋ នៅពេលថ្ងៃ ប្រៀបបានទៅនឹងការដាក់តាំងពិព័រណ៍សំរាមអ៊ីចឹងដែរ។ លោកបានអំពាវនាវសូមប្រជាពលរដ្ឋ ក៏ដូចជាប្រតិបត្តិករទេសចរទាំងអស់ ចូលរួមសហការជាមួយមន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ និងក្រុមហ៊ុនប្រមូលសំរាម KSWM លើការងារវេចខ្ចប់ និងទុកដាក់កាកសំណល់សំរាម ឲ្យបានត្រឹមត្រូវតាមពេលវេលាបានកំណត់។
មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ បានព្រមានថា ក្នុងករណីប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្មផ្សេងៗ មិនស្តាប់តាមការណែនាំរបស់ក្រុមការងាររដ្ឋបាលក្រុងទេ នឹងមានវិធានការផ្លូវច្បាប់ ដើម្បីកែទម្លាប់អាក្រក់របស់ប្រជាពលរដ្ឋមួយចំនួននោះ ឲ្យពួកគេផ្លាស់ប្តូរទម្លាប់បោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ កន្លងមក ដើម្បីជាការព្រមានឲ្យរាងចាល។
បន្ថែមលើនេះ មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ បានសំណូមពរថា ដើម្បីរួមចំណែកជំរុញឲ្យទីក្រុងព្រះសីហនុ មានបរិស្ថាន អនាម័យស្រស់ស្អាត និងមានសោភ័ណភាពល្អ គឺត្រូវចាប់ផ្តើមពីប្រជាពលរដ្ឋទាំងអស់គ្នា៕