(ព័រម៉ូរេសប៊ី)៖ កិច្ចប្រជុំមណ្ឌលតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិច លើកទី៣ របស់មូលនិធិសកល ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០១៩ នៅសណ្ឋាគារ Hilton Port Moresby ទីក្រុងព័រម៉ូរេសប៊ី ប្រទេសប៉ាពូអាស៊ីណូវែលហ្គីណេ, លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសកល បានលើកទឹកចិត្តឲ្យសមាជិកមណ្ឌលតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិច រកវិធីសាស្រ្តល្អៗ ក្នុងការប្រតិបត្តិសម្រាប់ជុំថវិកា ឆ្នាំ២០២០-២០២២ របស់មូលនិធិសកល។
ក្រៅពីលោកទេសរដ្ឋមន្ត្រី អៀង មូលី និងលោកស្រី Roslyn Morauta សមាជិកក្រុមប្រឹក្សាភិបាលឆ្លាស់វេន របស់មូលនិធិសកល ជាអ្នកដឹកនាំកិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់លោក Pascoe Kase រដ្ឋលេខាធិការក្រសួង សុខាភិបាល ប៉ាពូអាស៊ីណូវែលហ្គីណេ លោកស្រី Catherine Wilson ស្នងការជាន់ខ្ពស់រងអូស្ត្រាលី ប្រចាំប៉ាពូអាស៊ីណូវែលហ្គីណេ វេជ្ជបណ្ឌិត Percy Pokea តំណាងលោកស្រីឯកអគ្គរដ្ឋទូតអាម៉េរិក ប្រចាំប៉ាពូអាស៊ីណូវែលហ្គីណេ លោក Davis Bridger នាយកអង្គការយូអិនអេដស៍ និងជាតំណាងអង្គការសហប្រជាជាតិប្រចាំ ប៉ាពូអាស៊ីណូវែលហ្គីណេ, លោកស្រី Raegan Boler មន្ត្រីជាន់ខ្ពស់ការិយាល័យកិច្ចការក្រុមប្រក្សាភិបាលមូលនិធិសកល ទីប្រឹក្សាបច្ចេកទេសពីអង្គការយូអិនអេដស៍ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងអ្នកតំណាងយន្តការសម្រួលប្រចាំប្រទេសកម្ពុជា ហ្វ៊ីជី គិរីបាទី ម៉ាឡេស៊ី មីក្រូនេស៊ី ប៉ាពូអាស៊ីណូវែលហ្គីណេ ហ្វីលីពីន សាម័រ វ៉ានូទូ វៀតណាម។
កិច្ចប្រជុំនេះធ្វើឡើងដើម្បី១៖ ផ្តល់ជាវេទិកាសម្រាប់ធ្វើបច្ចុប្បន្នភាព និងចែករំលែកព័ត៌មាន ដែលនឹងសម្រួលដល់ការទទួលបានព័ត៌មានពេញលេញ ក្នុងចំណោមសមាជិក និងថ្នាក់ដឹកនាំមណ្ឌលតំណាង, ២៖រកឲ្យឃើញនូវវិធីដើម្បីកែលម្អទំនាក់ទំនង ក្នុងចំណោមមណ្ឌលតំណាង និងបង្កើនការចូលរួមក្នុងបញ្ហាអភិបាលកិច្ច របស់មូលនិធិសកល, ៣៖រកឲ្យឃើញនូវបញ្ហាក្នុងចំណោម សមាជិកមណ្ឌលតំណាង និងរៀបចំឲ្យមានការឆ្លើយតបទូលំទូលាយ ពីមណ្ឌលតំណាងដែលអាចដាក់ជូន ទៅកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិសកល លើកទី៤១, ៤៖ ធ្វើបច្ចុប្បន្នភាពលើផែនការសកម្មភាព និងថវិកាឆ្នាំ២០១៧-២០១៩ របស់មណ្ឌលតំណាងតំបន់ ប៉ាស៊ីហ្វិកខាងលិច, ៥៖ពិនិត្យឡើងវិញ និងធ្វើវិសោធនកម្មគោលការណ៍ ណែនាំស្តីពីប្រតិបត្តិការរបស់មណ្ឌល តំណាងតំបន់ប៉ាស៊ីហ្វិកខាងលិច និង៦៖ ដាក់ចេញនូវសេចក្តីថ្លែងការណ៍ របស់មណ្ឌលតំណាងតំបន់ ប៉ាស៊ីហ្វិកខាងលិច ជូនកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤១ នៅពាក់កណ្ដាលខែឧសភា ឆ្នាំ២០១៩នេះ។
លោកទេសរដ្ឋមន្ត្រី អៀង មូលី បានថ្លែងស្វាគមន៍សហការីពីមណ្ឌលតំណាងតំបន់ ក្រុមទីប្រឹក្សាបច្ចេកទេស និងអ្នកចូលរួមទាំងអស់ ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំ ព្រមទាំងអបអសាទរលោកស្រី Roslyn Morauta ដែលបានជាប់ឆ្នោត ជាអនុប្រធានក្រុមប្រឹក្សាភិបាល។
ជាមួយគ្នានេះ លោកក៏ស្នើឲ្យអ្នកចូលរួមទាំងអស់ ចែករំលែកព័ត៌មានទាក់ទងនឹងវឌ្ឍនភាព ពិនិត្យមើលឡើងវិញ នូវគោលការណ៍ណែនាំប្រតិបត្តិការ របស់មណ្ឌលតំណាងប៉ាស៊ីហ្វិកខាងលិច ធ្វើយ៉ាងណាធានាឲ្យបាននូវតម្លាភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ស្របទៅនឹងក្រឹត្យក្រមវិធាន និងការប្រតិបត្តិល្អរបស់មូលនិធិសកល។
លោកក៏បានលើកទឹកចិត្តឲ្យសមាជិក កិច្ចប្រជុំទាំងអស់ពិភាក្សាឲ្យ បានសកម្មទាក់ទងនឹងថវិកា មូលនិធិនៅជុំបន្ទាប់ ដែលការកៀរគរថវិកាជុំទី៦ នឹងធ្វើឡើងនៅក្នុងកិច្ចប្រជុំក្នុងខែតុលាឆ្នាំនេះ ដើម្បីបានថវិកាសម្រាប់ឆ្នាំ២០២០-២០២២៕