(ភ្នំពេញ)៖ ដើម្បីឆ្លើយតបយុទ្ធសាស្ត្រចតុកោណ និងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩នេះ គណៈកម្មការដឹកនាំការងារវិមជ្ឈការ-សហវិមជ្ឈការ ក្រសួងទេសចរណ៍ និងក្រសួងមហាផ្ទៃ បានរៀបចំពិធីផ្សព្វផ្សាយប្រកាសសេចក្តីណែនាំ ស្តីពី ការធ្វើប្រតិភូកម្ម (ផ្ទេរ) មុខងារផ្តល់សេវាទេសចរណ៍ទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត ស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។
ពិធីនេះធ្វើឡើងនៅសាលប្រជុំក្រសួងទេសចរណ៍ ក្រោមអធិបតីភាព លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការដឹកនាំការងារវិមជ្ឈការ-សហវិមជ្ឈការ និងលោក ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប, ដោយមានវត្តមានថ្នាក់ដឹកនាំ មន្ត្រីក្រសួងទេសចរណ៍ និងថ្នាក់ក្រោមជាតិ មានអភិបាលរងរាជធានី/ខេត្ត ប្រធានអង្គភាពច្រកចេញចូលមួយរាជធានី ខេត្ត និងប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត ប្រមាណ ១៥០នាក់។
លោក ជា បូរ៉ា បានថ្លែងថា ការផ្សព្វផ្សាយប្រកាស និងសេចក្តីណែនាំស្តីពី «ការធ្វើប្រតិភូកម្មមុខងារផ្តល់សេវាទេសចរណ៍ ឱ្យរដ្ឋបាលរាជធានី-ខេត្ត» ជាសកម្មភាពមួយនៅក្នុងកម្មវិធីកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ របស់រាជរដ្ឋាភិបាល ហើយនេះបង្ហាញឱ្យឃើញថា ទាំងថ្នាក់ដឹកនាំនៅថ្នាក់ជាតិ ទាំងរដ្ឋបាលក្រោមជាតិ គឺសុទ្ធតែមានឆន្ទៈយ៉ាងមុតមាំចូលរួម និងគាំទ្រដល់កិច្ចដំណើរការផ្ទេរមុខងារ និងធនធានមនុស្សឱ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកបានបន្តថា ចំណុចដែលគួរឱ្យគត់សម្គាល់នាពេលនេះ យើងបានពិភាក្សាផ្លាស់ប្តូរយោបល់ ទៅលើនីតិវិធី បែបបទ និងសមត្ថកិច្ចទទួលខុសត្រូវ របស់ភាគីពាក់ព័ន្ធក្នុងការអនុវត្តមុខងារដែលបានធ្វើប្រតិភូកម្ម។ នៅក្នុងដំណើរការអនុវត្ត ទោះបីនៅពេលនេះបានឯកភាពលើទស្សនៈ និងការអនុវត្តយ៉ាងណាក៏ដោយក្រសួងនៅតែបន្តការគាំទ្រលក្ខណៈបច្ចេកទេស ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានអង្គភាពច្រកចេញចូលតែមួយ និងមន្ទីរជំនាញ ដើម្បីធានាដល់ការអនុវត្តមុខងារនេះ ឱ្យទទួលបានលទ្ធផលតាមការរំពឹងទុក។
លោក ង៉ាន់ ចំរើន បានថ្លែងថា ការអនុវត្តនយោបាយកំណែទម្រង់វិមជ្ឈការ-វិសហមជ្ឈការ នៅកម្ពុជាយើង មានការយឺតយ៉ាវ បើប្រៀបធៀបជាមួយបណ្តាប្រទេសដទៃលើពិភពលោក ប៉ុន្តែនេះជាសកម្មភាពដែលផ្អែកតាមស្ថានភាពភូមិសាស្រ្តរបស់ប្រទេសយើង។ លើសពីនេះ ក្នុងនាមប្រធានលេខាធិការដ្ឋានគជអប លោកសូមគាំទ្រការធ្វើប្រតិភូកម្មមុខងាររបស់វិស័យទេសចរណ៍ទៅឱ្យថ្នាក់ក្រោមជាតិនៅពេលនេះ ហើយយើងនឹងបន្តរួមគ្នា ដើម្បីគាំទ្រដល់ការអនុវត្តមុខងារនេះឱ្យបានទទួលលទ្ធផលល្អ សំដៅសម្រេចជោគជ័យនូវគោលនយោបាយកំណែទម្រង់ របស់រាជរដ្ឋាភិបាល៕