(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាមូលដ្ឋាន និងក្រុមការងារ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ អញ្ជើញពិនិត្យមើលផ្លូវបូតុងចំនួន២ខ្សែ និងផ្លូវលំក្រាលក្រួសចំនួន១ខ្សែ ដែលទើបស្ថាបនាហើយរួចរាល់ ១០០% ដើម្បីបម្រើប្រយោជ៍ជូនប្រជាពលរដ្ឋ ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក ផាន់ ចាន់ធុល បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយ នូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ន្តនានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ផ្លូវថ្នល់គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ។ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវ១ខ្សែរនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួល ដល់សិស្សាសិស្សបានធ្វើដំណើរទៅសាលារៀន។
លោក ផាន់ ចាន់ធុល ក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនេះទាំងអស់ សូមចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង ពីព្រោះផ្លូវទាំង៣ខ្សែនេះ មិនត្រឹមតែផ្តល់នូវភាពងាយស្រួល ក្នុងការធ្វើចរាចរណ៍ប៉ុណ្ណោះទេ គឺវាបានផ្តល់នូវសោភ័ណភាពសម្រាប់ទីក្រុងផងដែរ។
សូមបញ្ជាក់ថា ផ្លូវដែលបានស្ថាបនារួចរាល់១០០% ទាំង៣ខ្សែ គឺខ្សែទី១៖ ផ្លូវបេតុង ប្រវែង ៤០០ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតក្នុងភូមិបរឌិននៀវ ខ្សែរទី២៖ ផ្លូវបេតុង ប្រវែង ៥០០ម៉ែត្រ ទទឹង ០៦ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ដាក់លូ មុខ១០០ ចំនួន២កន្លែង ស្ថិតក្នុងភូមិភូមិវត្ត និងខ្សែទី៣៖ ផ្លូវក្រាលក្រួស ប្រវែង ៥៦០ម៉ែត្រ ទទឹង ០៧ម៉ែត្រ ដាក់លូមុខ១០០ ចំនួន ២កន្លែង និងលូប្រអប់ ចំនួន ១កន្លែង ស្ថិតក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយប្រើប្រាស់កញ្ចប់ថវិកា គម្រោងអភិវឌ្ឍន៍ខេត្ត៕