(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ និងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ បានធ្វើការប្ដេជ្ញាចិត្តរួមគ្នាជាថ្មីម្ដងទៀត ដើម្បីសម្រេចឲ្យបានទៅតាមអ្វីដែលជាផែនការកំណត់ ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល លើការងារបោសសម្អាតមីនឲ្យអស់ពីកម្ពុជា នៅឆ្នាំ២០២៥។
ការប្ដេជ្ញាចិត្តរួមគ្នា ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាមួយលោក លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន ស្តីពីអត្រាគ្រោះថ្នាក់ ដោយ សំណល់ជាតិផ្ទុះពីសង្គ្រាម។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយជំនួបនេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា «ក្នុងជំនួបនោះភាគីទាំងពីរ បានឯកភាព និងយល់ស្របគ្នានូវបញ្ហាប្រឈមមួយចំនួនដែលត្រូវតែរួមគ្នាដោះស្រាយ ពិសេសនាំគ្នាជំរុញសម្រេចបោសសម្អាតឲ្យបាន នៅឆ្នាំ២០២៥ ក្នុងការបោសសម្អាតមីនតាមគោលនយោបាយ របស់រដ្ឋាភិបាលដែលបានកំណត់»។
ជាមួយគ្នានេះ ទេសរដ្ឋមន្ដ្រី លី ធុជ បានលើកជាសំណូមពរមួយចំនួន ដល់អគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ រួមមាន ស្នើឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ជំរុញណែនាំបន្ថែមដល់កម្លាំងនគរបាលនៅតាមស្នងការរាជធានី-ខេត្ត រហូតដល់នគរបាលប៉ុស្ដិ៍រដ្ឋបាល ដើម្បីជំរុញការអប់រំ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ពាក់ព័ន្ធការយល់ដឹងពីច្បាប់ ក៏ដូចជាការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីនជូនប្រជាពលរដ្ឋ។
លើសពីនេះ ត្រូវខិតខំធ្វើបញ្ចប់សកម្មភាពការយកកាកសំណល់ជាតិផ្ទុះមកប្រើប្រាស់ រក្សាទុក ដោយធ្វើអាជីវកម្មដែលខុសពីការណែនាំ ជាហេតុបង្កឲ្យមានគ្រោះថ្នាក់កើតឡើង និងត្រូវបង្កើន និងបញ្ចប់ការស្រង់ទិន្នន័យទាំងឡាយ ដែលពាក់ព័ន្ធនឹងអាជីវកម្មរក្សាទុកជាតិផ្ទុះ ព្រមទាំងផ្សព្វផ្សាយអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
ឆ្លើយតបនឹងសំណូមពររបស់ទេសរដ្ឋមន្ដ្រី លី ធុជ នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក៏បានបញ្ជាក់នូវស្ថានការណ៍បន្ថែមមួយចំនួន និងការដោះស្រាយបញ្ហាប្រឈមមួយចំនួនទៀត ដើម្បីបន្ដសហការគ្នាផ្អែកលើសំណូមពររបស់អាជ្ញាធរមីន ក្នុងការដាក់ចេញនូវទិសដៅ ដោយរៀបចំនូវផែនការសកម្មភាពជាក់ស្ដែង។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានឯកភាពនូវការរៀបចំអនុស្សារណយោគយល់គ្នាមួយ ជាក់ស្ដែងដើម្បីបង្កើនកិច្ចសហការរវាងអាជ្ញាធរមីន ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយសំខាន់ផ្ដោតទៅលើការគាំទ្ររវាងអាជ្ញាធរមីន មកលើកងកម្លាំងនគរបាលជាតិកម្ពុជា រួមទាំងការបណ្ដុះបណ្ដាល ការផ្ដល់មធ្យោបាយ និងបទពិសោធន៍នានាដើម្បីប្រមូលកម្លាំងនគរបាលឲ្យបានចូលកាន់តែសកម្មបន្ថែមទៀត ដើម្បីបោសសម្អាតមីន។
នាយឧត្តមសេនីយ៍ នេត សាវឿន បានគូសបញ្ជាក់ថា តួនាទីរបស់កងកម្លាំងនគរបាលជាតិ សំខាន់ណាស់ដើម្បីផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ និងឆ្លើយតបទៅនឹងសកម្មភាពបោសសម្អាតមីននេះ៕