(ភ្នំពេញ)៖ អភិបាលខណ្ឌចំការមនថ្មី លោក ថេង សុថុល នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ បានស្នើសូមឲ្យមន្ត្រីទាំងអស់ ចាត់ទុកគណៈអភិបាលខណ្ឌនិងសហការី ជាបងប្អូនកូនក្មួយ ក្នុងការរួមគ្នាបម្រើសេវាជូនប្រជាជនឲ្យបានល្អ និងទទួលបានជោគជ័យ ។
ការស្នើបែបនេះ ធ្វើឡើងខណៈដែលលោក ថេង សុថុល បន្តចុះជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាសង្កាត់ផ្សារដើមថ្កូវ និងសង្កាត់បឹងត្របែក ដើម្បីបង្កើនភាពស្និតស្នាល ជាមួយគ្នារវាងថ្នាក់ដឹកនាំខណ្ឌ និងនៅថ្នាក់សង្កាត់ ក្នុងការបំពេញការងារ បម្រើសេវាជូនប្រជាជនក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ។
លោក ថេង សុថុល បានលើកឡើងថា «ខ្ញុំសូមឲ្យមន្ត្រីទាំងអស់ ចាត់ទុកគណៈអភិបាលខណ្ឌដូចជាសហការី ជាបងប្អូនកូនក្មួយ ក្នុងការងារបម្រើសេវាជូនប្រជាជនបានជោគជ័យ បើគ្មានបងប្អូនថ្នាក់មូលដ្ឋាន គឺយើងរួមគ្នាពីថ្នាក់ភូមិឡើង ទើបថ្នាក់លើដូចគណៈអភិបាល បានទទួលជោគជ័យដែរ ។ បើយើងបែកបាក់ផ្ទៃក្នុង គឺយើងធ្វើអ្វីក៏បានកើតដែរ ធ្វើអ្វីក៏មិនរីកចំរើនដែរ»។
អភិបាលខណ្ឌចំការមនថ្មី បានឲ្យដឹងថា ជានិច្ចកាលរវាងថ្នាក់ដឹកនាំខណ្ឌនិងសង្កាត់ ត្រូវមានការទំនាក់ទំនងគ្នា ជាប្រចាំក្នុងការបំពេញការងារ ហើយការចុះមកសំណេះសំណាលគ្នា និងសាកសួរសុខទុក្ខគ្នា នៅពេលនេះឬថ្ងៃនេះ គឺដើម្បីឲ្យស្គាល់ចិត្តថ្លើមគ្នាផង និងជាការផ្សារភ្ជាប់ការងារ រវាងសង្កាត់និងខណ្ឌ ឲ្យកាន់តែល្អប្រសើរ លើការងារក្នុងមូលដ្ឋាន ឲ្យបានស៊ីជម្រៅ ហើយការជួបសំណេះសំណាលគ្នា និងសាកសួរសុខទុក្ខគ្នារវាងខណ្ឌនិងសង្កាត់នេះ ក្នុងនាមថ្នាក់ដឹកនាំខណ្ឌ និងបន្តចុះជួបនៅគ្រប់បណ្ដាសង្កាត់នីមួយៗ ក្នុងមូលដ្ឋានខណ្ឌចំការមន។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌចំការមន បានដាក់ផែនការរៀបចំសណ្តាប់ធ្នាប់ ដោយលើកយកផ្លូវលេខ៤៣២ ធ្វើគំរូ ក្នុងការចុះរៀចំសណ្តាប់ធ្នាប់ ព្រោះថាផ្លូវនេះ មានលក្ខណៈធំ និងឆ្លងកាត់សង្កាត់ច្រើនផងដែរ។ លោកបន្ដថា ខណៈពេលជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាសង្កាត់ទាំងពីរខាងលើនេះ លោកបានជំរុញដល់ចៅសង្កាត់ ត្រូវតែបង្កើនការយកចិត្តទុកដាក់ លើការងារអនាម័យបរិស្ថានពិសេសត្រូវចុះប្រម៉ែប្រមូល សំរាមតាមដងផ្លូវក្នុងមូលដ្ឋានខ្លួនគ្រប់គ្រង និងការងារសន្តិសុខ សណ្ដាប់ធ្នាប់ពិសេសអ្នកលក់ដូរនៅលើចិញ្ចើមផ្លូវផងដែរ៕