(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០១៩ នៅបរិវេណសាខាកាកបាទក្រហមខេត្តព្រះវិហារ បានរៀបចំពិធីអបអរសារទរខួបទី១៥៦ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា» ក្នុងនោះប្រមូលបានថវិកាសរុបចំនួន ១៥៧៩៨៣ដុល្លារ។
ពិធីនេះប្រារព្ធឡើងក្រោមវត្តមាន លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ លោកស្រី ចឹក ហេង ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ព្រមទាំងលោក លោកស្រីជាប្រធានមន្ទីរអង្គភាព ក្រុមហ៊ុន សហគ្រាសនិងមន្ត្រីរាជការ ក្នុងខេត្តព្រះវិហារជាច្រើនរូបទៀត។
លោកទេសរដ្ឋមន្រ្តី មាស សុភា បានថ្លែងថា ថ្ងៃនេះ លោកមានសេចក្តីរីករាយ ដែលបានចូលរួមជាមួយអស់លោក លោកស្រីក្នុងមីន្ទីញអបអរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា» ដែលរៀបចំឡើងដោយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារនាពេលនេះ។
លោកទេសរដ្ឋមន្ត្រីមាស សុភា បញ្ជាក់ទៀតថា ក្នុងឱកាសដ៏ថ្លៃថ្លានេះដែរលោកសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍ប្រកបដោយអត្ថន័យ មនោសញ្ចេតនា និងការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លើវិស័យមនុស្សធម៌ ដែលអានដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រ ធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ។
ជាមួយគ្នានោះ ទេសរដ្ឋមន្ត្រី មាស សុភា ក៏បានថ្លែងនូវការកោតសរសើរដល់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ដែលជានិច្ចជាកាលបានខិតខំយកអស់កម្លាំងកាយចិត្ត ក្នុងស្មារតីជួយប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា។
ដោយឡែក លោក អ៊ុន ចាន់ដា បានឲ្យដឹងថា ពិធីអបអរសារទរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា» គឺបានរំលេចឡើងអំពីភាពចាំបាច់ និងគុណតម្លៃនៃការចូលរួម និងការបរិច្ចាគរបស់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាមួយនឹងកាកបាទក្រហមកម្ពុជា ដើម្បីបុព្វហេតុមនុស្សធម៌នៅកម្ពុជា ក្នុងការជួយក៏ដូចជាការផ្តល់នូវសេចក្តីសង្ឃឹមឡើងវិញ ដល់ជនរងគ្រោះ ជនងាយរងគ្រោះ ដែលកំពុងត្រូវការជំនួយ និងការគាំទ្រមិនអាចខ្វះបានពីយើងទាំងអស់គ្នា។
កត្តានេះក៏បានបង្ហាញឲ្យឃើញពីការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពន្លឿនដល់ការកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះរបស់ប្រជាជនយើងផងដែរ៕