(កណ្តាល)៖ នាយនគរបាល នាយនគរបាលរង និងមន្ត្រីនគរបាលនៅតាមការិយាល័យ និងតាមអធិការដ្ឋាននគរបាល ស្រុក-ក្រុង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានដាក់លិខិតរួមគ្នាជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយប្រកាសបដិសេធនូវពាក្យបណ្ដឹងដែលមានប្រភពមិនច្បាស់លាស់មួយ បានចោទ និងមូលបង្កាច់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស របស់ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ នេះបើយោងតាមលិខិតរបស់មន្រ្តីនគរបាលទាំងនោះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩នេះ។
ក្រុមមន្រ្តីនគរបាលបានបញ្ជាក់ថា ក្រោយពីមានការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ដែលចុះបង្ក្រាបដោយកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល នៅចំណុចភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាលរួចមក ស្រាប់តែបែកធ្លាយវមានពាក្យបណ្តឹងអណាមិក ប្តឹងទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមិនមានប្រភពច្បាស់លាស់ នៅក្នុងប្រព័ន្ធបណ្តាញសង្គម Facebook ដែលមានខ្លឹមសារថា «យើងខ្ញុំទាំងអស់គ្នាជានាយនគរបាលនាយនគរបាលរង និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សុំប្តឹង លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល អំពីការដឹកនាំដោយប្រើអំណាចផ្តាច់ការ ធ្វើបាបកូនចៅ និងប្រព្រឹត្តអំពើពុករលួយ ដែលចុះថ្ងៃសុក្រ១៥កើត ខែចេត្រ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ និងមានផ្តិតស្នាមមេដៃមិនច្បាស់លាស់ចំនួន១២មេដៃ»។
មន្រ្តីនគរបាលបានបញ្ជាក់ទៀតថា «យើងខ្ញុំទាំងអស់គ្នាជានាយនគរបាលនាយនគរបាលរង និងមន្ត្រីនគរបាលទាំងអស់ មិនគាំទ្រ ឲ្យមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងភូមិសាស្រ្តស្រុកស្អាងឡើយ។ ហើយសូមធ្វើការបដិសេធជាដាច់ខាត នូវពាក្យបណ្តឹងខាងលើនេះ និងសូមគាំទ្រយ៉ាងពេញទំហឹង នូវការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ឯកឧត្តមស្នងការ ដែលតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងកងកម្លាំងក្រោមឱវាទ ប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ និងមេត្តាធម៌ សម្រាប់ពួកយើងខ្ញុំទាំងអស់គ្នាជានិច្ច»។
ទន្ទឹមនឹងនេះ ក្រុមមន្រ្តីនគរបាលមានសំណូមពរ ដូចខាងក្រោម៖
*ទី១៖ សុំឲ្យអ្នកសរសេរបងអណាមិកខាងលើ ធ្វើការកែតម្រូវឡើងវិញ ពីព្រោះ យើងខ្ញុំជានាយនគរបាល នាយនគរបាលរង និងមន្ត្រីនគរបាលទាំងអស់ ដែលបម្រើការងារក្នុងអង្គភាពអធិការដ្ឋាន និងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលពុំបានចូលរួមក្នុងបណ្តឹងខាងលើ ដូចមានក្នុងបណ្តឹងអណាមិក ដែលបានផ្សព្វផ្សាយតាមរយៈប្រព័ន្ធបណ្តាញសង្គមFacebook នោះឡើយ
*ទី២៖ សូមថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេត្តាផ្តល់យុត្តិធម៌ ជូនឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងមានវិធានការឲ្យបានតឹងរឹង ចំពោះអ្នកប្រព្រឹត្តបទល្មើសប្រឆាំងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល និងអ្នកសរសេរបណ្តឹងអណាមិក ដែលបានបរិហារញុះញង់ និងភូតកុហក ដល់ថ្នាក់ដឹកនាំខាងលើ តាមរយៈប្រព័ន្ធបណ្តាញសង្គម Facebook៕