(សៀមរាប)៖ ក្នុងពិធីអបអរខួបទី១៥៦ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ក្នុងប្រធានបទ «ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា» ដែលបានរៀបចំនៅ សៀមរាប កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកស្រី ទទួលថវិកាសរុបចំនួន ៧៩៧,៩៥៥ដុល្លារអាមេរិក។
ក្នុងពិធីនេះក៏មានព្រះវត្តមានរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឍរាជ នៃព្រះរាជាណាចក្រកម្ពុជា ឧត្តមសេនីយ អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាគណៈអធិបតី ភ្ញៀវកិត្តិយស និងសមាជិកសមាជិកាផងដែរ។ បើតាមរបាយការណ៍ជាផ្លូវការដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩នេះ មានទឹកប្រាក់សរុបចំនួន ៧៩៧,៩៥៥ដុល្លារអាមេរិក។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្នុងគោលបំណងបង្ហាញជូនពីលទ្ធផល នៃការអនុវត្ត ការងារមនុស្សធម៌ ក្នុងទូទាំងខេត្ត ក៏ដូចជា ធ្វើការបំផុសអំពាវនាវសប្បុរសជនគ្រប់មជ្ឍដ្ឋានបន្តការចូលរួមឧបត្ថម្ភតាមរយៈព្រឹត្តិការណ៍នេះ ដើម្បីជួយដល់គ្រួសារ និងជនរងគ្រោះមហន្តរាយ ក្នុងភូមិសាស្រ្តខេត្ត និងដើម្បីរួមចំណែកអនុវត្តសកម្មភាពស្របទៅនឹងទិសដៅយុទ្ធសាស្រ្តឆ្នាំ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា គឺ «រួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌របស់ជនងាយរងគ្រោះ» ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គណៈកម្មាធិការសាខា គណៈកិត្តិយសសាខា អនុសាខា រួមទាំងក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា បានខិតខំពុះពារ បំពេញភារកិច្ចមនុស្សធម៌ សម្រេចបានលទ្ធផលស្របតាមវិស័យស្នូលទាំង៤រួមមាន៖ ការឆ្លើយតបគ្រោះមហន្តរាយ ៖ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យមានគ្រោះធម្មជាតិ, ការរួមចំណែកកាត់បន្ថយអត្រាឈឺ អត្រាស្លាប់នៃមាតា និងកុមារ ការការពារជំងឺ ឆ្លង និងអន្តរាគមន៍សុខភាពក្នុងគ្រាអាសន្ន, លើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងពង្រឹងការរក្សាកិត្តិនាម កាកបាទក្រហមកម្ពុជា។
បច្ចុប្បន្ននេះសាខាមានយុវជនកាកបាទក្រហមកម្ពុជា ក្នុងខេត្តសរុប ៩២៨នាក់ ស្រី ៥៤៤ នាក់។ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សរុបមាន១៨១៧នាក់(ស្រី៩៩៦នាក់) ដែលកំពុងចូលរួមផ្តល់សេវាមនុស្ស ធម៌ក្នុងសហគមន៍ ជាសំខាន់ការផ្តល់ព័ត៌មានឆ្លើយតបគ្រោះមហន្តរាយ ការជួយសង្គ្រោះបឋម និងការអប់រំសុខភាពសហគមន៍។
ការអភិវឌ្ឍធនធានសាខាបានទទួលសមាជិកភាព បង់ថវិកាបន្តសុពលភាពប្រចាំឆ្នាំ សរុប ៥៧២៣ រូប (ស្រី២៣៥៧រូប) ក្រៅពីនោះ សាខាបានដាក់ហិបសប្បុរសនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន វត្តអារ៉ាម និងរមណីយដ្ឋាន សំខាន់ៗក្នុងក្រុង និងបានលើកទឹកចិត្តអនុសាខាក្នុងការដាក់ហិបសប្បុរសនេះនៅបណ្តាស្រុកផងដែរ។
ជាមួយគ្នានោះ គណៈកម្មាធិការសាខាបានទទួលអំណោយពីសប្បុរសជនជាតិ អន្តរជាតិ និងអង្កការ សមាគមនានាក្នុងពេលមានគ្រោះមហន្តរាយ ដើម្បីឆ្លើយតបបន្ទាន់ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះក្នុងភូមិសាស្រ្តខេត្ត។ បើតាមសេចក្តីសន្និដ្ឋាន គឺសមិទ្ធិផលដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបសម្រេចបាននេះគឺដោយសារការដឹកនាំដ៏ឈ្លាសវៃប្រកបដោយ គតិបណ្ឌិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ការចូលរួមគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងការយកចិត្តទុកដាក់ខ្ពស់របស់គណៈកិតិ្តយស គណៈកម្មាធិការសាខា ជានិច្ចកាលបានដឹកនាំនិងតម្រង់ទិស ក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាឲ្យអនុវត្តបេសកកម្មមនុស្សធម៌ស្របតាមវិស័យស្នូលទាំង៤ នៃទិសដៅជាយុទ្ធសាស្រ្តរបស់កាកបាទក្រហមកម្ពុជា ដើម្បីរួមគ្នាបំពេញសកម្មភាពស្របតាមបាវចនារបស់ចលនាគឺ ធ្វើឲ្យបានកាន់តែច្រើនជាងមុន ធ្វើឲ្យបានកាន់តែល្អជាងមុនធ្វើ ឲ្យបានកាន់តែស៊ីជម្រៅជាងមុន និងទៅឲ្យបានកាន់តែឆ្ងាយជាងមុន៕