(ភ្នំពេញ)៖ ធនាគារពិភពលោក (World bank) នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ប្រទេសកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ៧.៥ភាគរយ នៅក្នុងឆ្នាំ២០១៨ ដែលជាអត្រាកំណើនល្អ ជាងការរំពឹងទុកទៅទៀត ដោយមានការជំរុញមួយផ្នែកធំ ពីការកើនយ៉ាងរហ័សនៃការនាំចេញ និងការបន្តលូតលាស់នៃវិស័យសំណង់។ នេះបើតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា។

ធនាគារពិភពលោក បានបន្ថែមទៀតថា ការនាំចេញរបស់ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងមុខទំនិញធ្វើដំណើរ ដែលទាំងអស់នេះ មានជាងពីរភាគបី នៃមុខទំនិញនាំចេញសរុប ជាកំណត់ត្រាកំណើនខ្ពស់ ប្រាំឆ្នាំជាប់គ្នា ហើយដោយវាកើនបាន១៧.៦ភាគរយ ក្នុងឆ្នាំ២០១៨ ប្រៀបធៀបជាមួយ៨.៣ភាគរយ ក្នុងឆ្នាំ២០១៧។

«វិស័យសំណង់ អចលនទ្រព្យ និងទេសចរណ៍សរុបគ្នាមក មានចំណែក៦០ភាគរយ នៃចំនួនគម្រោងវិនិយោគទាំងអស់ ដែលត្រូវបានអនុម័តរួចក្នុងឆ្នាំ២០១៨។ ការផលិតសម្ភារផ្គត់ផ្គង់ការសាងសង់ ដែកគ្រឿងសង្ហារឹម និងផលិតផលថ្នាំស្មីក ក៏មានការកើនឡើងយ៉ាងលឿនដែរ ដើម្បីគាំទ្រដល់ការលូតលាស់របស់វិស័យសំណង់»។ នេះជាការបញ្ជាក់បន្ថែម របស់ធនាគារពិភពលោក។

ក្នុងរបាយការណ៍ បានបន្ដថា ប៉ុន្តែភាពមិនប្រាកដប្រជា ដែលបន្តមានបានបង្កហានិភ័យខ្លាំងឡើងដែរ។ បច្ចុប្បន្ននេះ ទីផ្សារសហភាពអឺរ៉ុប (រួមទាំងចក្រភពអង់គ្លេសផង) ស្រូបយកជាងមួយភាគបីនៃទំហំ នៃការនាំចេញសរុបរបស់កម្ពុជា ជាពិសេសផលិតផលសម្លៀកបំពាក់ ស្បែកជើង និងទោចក្រយាន។

បើតាមលោកស្រី អ៊ុនហ្គូណា ដូប្រាចា នាយកគ្រប់គ្រងធនាគារពិភពលោក សម្រាប់ប្រទេសកម្ពុជា បានថ្លែងថា៖ «ការធ្វើឲ្យប្រសើរឡើង ដល់បរិយាកាសវិនិយោគ និងការកាត់បន្ថយថ្លៃចំណាយ ក្នុងការធ្វើធុរកិច្ច ព្រមទាំងការកសាងជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត សុទ្ធតែជាអាទិភាពគន្លឹះ សម្រាប់រក្សាកំណើនខ្លាំង ក្នុងរយៈពេលមធ្យម»

លោកស្រី បន្ដទៀតថា ភ័ស្តុតាងនានាបានរំលេច ឲ្យឃើញថា ការវិនិយោគទៅលើលើប្រជាជន មានសារៈសំខាន់ណាស់ ដើម្បីជំរុញឲ្យមានវឌ្ឍនភាពសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការវិនិយោគទៅលើ ប្រជាជន និងការកែលម្អគុណភាព នៃមូលធនមនុស្សរបស់កម្ពុជា គួរតែបន្តនៅជាស្នូលនៃសេចក្តីប្រាថ្នារបស់កម្ពុជា ក្នុងការឈានទៅសម្រេចគោលដៅ ជាសេដ្ឋកិច្ចមានចំណូលមធ្យមខ្ពស់ ត្រឹមឆ្នាំ២០៣០»៕