(សៀមរាប)៖ រោងម៉ាស៊ីនភ្លើង ក្នុងភោជនីយដ្ឋានអាប៉ូឡូប្លាស្សា ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប ត្រូវបានអគ្គិភ័យឆេះបំផ្លាញអស់ជាទឹកប្រាក់ជាង ៦ម៉ឺនដុល្លារ នាយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩។
យោងរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា សម្ភារខូចខាតរួមមាន៖
ម៉ាស៊ីនភ្លើងខ្នាតធំតម្លៃប្រហែល ៣៨០០០ដុល្លារ, ម៉ាស៊ីនភ្លើងខ្នាតតូច តម្លៃប្រហែល ២០០០០ដុល្លារ, បារ៉ែតកាច់ផ្លាស់ប្តូរភ្លើងចំនួន០៥គ្រាប់ ០១គ្រាប់តម្លៃ៥០០ដុល្លារ, ម៉ាស៊ូតចំនួន ១០០០លីត្រ, ម៉ូតូរឺម៉ក់ចំនួន០១តម្លៃប្រហែល ៣០០០ដុល្លារ រួមទាំងសម្ភារមួយចំនួន។
សម្រាប់ប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយ ន្តសរុប ១៤គ្រឿង ប្រើទឹកអស់ ២៤រថយន្ត រួមមាន៖ រថយន្តស្នងការនរគបាលខេត្តចំនួន ៥គ្រឿង, រថយន្តកងរាជអាវុធហត្ថ ៤គ្រឿង, រថយន្តបេតិកភណ្ឌ័ ១គ្រឿង, រថយន្តអធិការដ្ឋាននរគបាលស្រុកបាគងចំនួន ១គ្រឿង, រថយន្តអគ្គិភ័យអាកាសយាន្តដ្ឋានអន្តរជាតិ ១គ្រឿង, រថយន្តអគ្គិភ័យភូមិវប្បធម៌ ២ឡាន សរុបរថយន្តពន្លត់អគ្គិភ័យប្រើប្រាស់អស់ចំនួន ១៤គ្រឿង បាញ់ទឹកអស់២៤ឡាន។
ម្ចាស់ហាងឈ្មោះ សាំង សុខឈៀង ភេទប្រុស អាយុ៧៧ឆ្នាំ មានទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប។ បើតាមសមត្ថកិច្ច សម្រាប់មូលហេតុនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២០៖២០នាទី ក្នុងភោជនីយដ្ឋានខាងលើ មានកម្មវិធីរៀបមង្គលការ ខណៈភ្ញៀវកំពុងតែមកចូលរួមកម្មវិធីក៏ស្រាប់តែ ប្រព័ន្ធភ្លើងក្នុងហាងមានបញ្ហារអាក់រអួល ហើយម្ចាស់ហាងបានដើរ ទៅរោងម៉ាស៊ីនភ្លើងក្បែរអគារ A ក៏ឃើញមានភ្លើងឆេះចេញពីបំពង់ស៊ីម៉ាំងម៉ាស៊ីន ហើយក៏កើតជាអណ្តាតភ្លើងឆេះសន្ធោសន្ធៅ ទើបម្ចាស់ហាងបានទូរស័ព្ទទាក់ទងមកសមត្ថកិច្ច ដើម្បីសុំឲ្យរថយន្តបន្លត់អគ្គិភ័យមកអន្តរាគមន៍ជួយពន្លត់តែម្តងទៅ៕