(ភ្នំពេញ)៖ ផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩នេះ បានរៀបចំពិព័រណ៍ស្ដីពី ផ្សារភាគហ៊ុនកម្ពុជា «My First Stock 2019» លើកទី៤ ដើម្បីចូលរួមផ្សព្វផ្សាយ និងបង្កើនទំនុកចិត្តដល់វិនិយោគិនទាំងអស់ ឲ្យជឿជាក់លើការវិនិយោគលើទីផ្សារភាគហ៊ុននៅកម្ពុជា។
ពិព័រណ៍នេះមានការចូលរួមពីលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ហាំ ចងហាន់ ឯកអគ្គរដ្ឋទូតស្តីទីនៃស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា, លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា, លោក ចុង យុនហ្គីល ប្រធានតំណាងនៃភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា និងលោក ហុង សុខហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើននាក់ទៀតផង។
ពិព័រណ៍នេះរៀបចំឡើងក្នុងគោលបំណង បន្តផ្សព្វផ្សាយ និងបង្កើនទំនុកចិត្តដល់វិនិយោគិន មានស្រាប់ឱ្យជឿជាក់មកលើទីផ្សារភាគហ៊ុន តាមរយៈការជួបផ្ទាល់ជាមួយនឹងក្រុមហ៊ុនចុះបញ្ជី ផ្ដល់ឱកាសដល់សាធារណជន ឱ្យបានយល់ដឹងកាន់តែទំលំទូលាយទៅលើការវិនិយោគ ក្នុងទីផ្សារដូចជា ការបើកគណនីជួញដូរ, វិធីសាស្ត្រជួញដូរ, ទិន្នន័យទីផ្សារ, ការពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុក្រុមហ៊ុន, ការយល់ដឹងពីការបែងចែកភាគលាភ ក៏ដូចជាប្រធានបទផ្សេងៗអំពី ចម្ងល់មកលើទីផ្សារទាំងមូល។
ក្នុងឱកាសរៀបចំពិព័រណ៍ស្ដីពី ផ្សារភាគហ៊ុនកម្ពុជាលើទី៤នេះ CSX ក៏មានការដាក់សម្ពោធប្រើប្រាស់ផ្លូវការ នូវប្រព័ន្ធជួញដូរចល័ត MTS (Mobile Trading System) និងប្រព័ន្ធបង្ហាញព័ត៌មាន e-disclosure។ ប្រព័ន្ធ MTS ជាប្រព័ន្ធជួញដូរតាមអ៊ិនធើណេត ត្រូវបានបង្កើតឡើងក្រោមការជួយគាំទ្រពីសំណាក់ភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្នុងគោលដៅជួយសម្រួល និងជំរុញការជួញដូរមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជីនៅ ផ.ម.ក.។
ប្រព័ន្ធនេះអនុញ្ញាតឱ្យវិនិយោគិនពិនិត្យមើលសមតុល្យសាច់ប្រាក់ និងមូលបត្រ, ធ្វើការដាក់បញ្ជាជួញដូរ, កែប្រែ និងលុបចោលបញ្ជាដោយខ្លួនឯងក៏ដូចជា ពិនិត្យមើលបញ្ជា និង ទិន្នន័យជួញដូរកន្លងមក ព្រមទាំងស្នើដក-ដាក់ប្រាក់ផងដែរ។ លើសពីនេះវិនិយោគិនអាចតាមដាន មើលទិន្នន័យទីផ្សារសេចក្តីជូនដំណឹងផ្សេងៗ បានទាន់ពេលវេលានិងមានសារៈសំខាន់ សម្រាប់ការសម្រេចចិត្តវិនិយោគ។
ដោយឡែកសម្រាប់ប្រព័ន្ធបង្ហាញព័ត៌មាន e-disclosure មានអត្ថប្រយោជន៍ដល់ក្រុមហ៊ុន ចុះបញ្ជីលក់មូលបត្រទាំងអស់នៅផ.ម.ក. អាចប្រើប្រាស់ប្រព័ន្ធ e-disclosure នៅលើ web browser ដើម្បីផ្តល់ព័ត៌មានទាន់ពេល (Timely Disclosure) ជូនវិនិយោគិន និងសាធារណជនបានឆាប់រហ័ស និងទាន់ពេលវេលា។ ជំនួសឱ្យការផ្ញើអ៊ីម៉ែល ក្រុមហ៊ុនចុះបញ្ជីមូលបត្រ នឹងផ្ញើព័ត៌មានទាន់ពេលទាំងអស់ទៅកាន់គេហទំព័រ ផ.ម.ក.បានខ្លួនឯង បន្ទាប់ពីក្រុមការងារបានធ្វើការពិនិត្យ ប្រព័ន្ធនេះកាត់បន្ថយទាំងពេលវេលា និងការចំណាយរបស់ក្រុមហ៊ុនចុះបញ្ជីលើការផ្តល់ព័ត៌មាន ទៅកាន់សាធារណជន។
ប្រព័ន្ធនេះក៏ជួយឱ្យវិនិយោគិន អាចទទួលបានព័ត៌មានក្រុមហ៊ុនចុះបញ្ជី បានលឿនជាងមុនផងដែរ។
លោក ហុង សុហួរ ថ្លែងឲ្យដឹងថា ផ្សារមូលបត្រកម្ពុជាបានបានឈាន ដល់ជំនាន់ថ្មីមួយទៀត ដោយដាក់ជាប្រែនឌីងថា CSX 2.0 ដែលស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ បច្ចុប្បន្នមានប្រព័ន្ធជួញដូរចល័ត MTS, កម្មវិធីទូរសព្ទផ្សារហ៊ុន, ប្រព័ន្ធបង្ហាញព័ត៌មាន e-disclosure, ការចុះបញ្ជីសញ្ញាបណ្ណសាជីវកម្ម និងចំនួនវិនិយោគិនកើនដល់ជាង២ម៉ឺននាក់។
លោកបន្ដថា CSX ក៏នឹងមាននូវការផ្លាស់ប្តូរមួយចំនួនទៀតដូចជា៖ ការពន្យាម៉ោងជួញដូររហូតដល់ម៉ោង៣រសៀល ខណៈបច្ចុប្បន្នអាចជួញដូរបានត្រឹមម៉ោង ១១៖៣០នាទីព្រឹកប៉ុណ្ណោះ។ ទាំងនេះបានបង្ហាញពីការឈានដើរបានមួយជំហានទៀត នៃផ្សារមូលបត្រ។
លោក ស៊ូ សុជាតិ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំពិព័រណ៍ ជាយុទ្ធនាការផ្សព្វផ្សាយបែបនេះ ក្នុងគោលបំណងលើកស្ទួយការរីកចម្រើននៃ ទីផ្សារមូលធននៅកម្ពុជា។ លោកឲ្យដឹងថា ទីផ្សារមូលបត្រនៅកម្ពុជាកំពុងតែស្ថិត ក្នុងបរិបថនៃការរីកចម្រើនដ៏ឆាប់រហ័ស ទាំងផ្នែកគតិយុត្តិ រចនាសម្ព័ន្ធទីផ្សារ, ក្រុមហ៊ុនបោះផ្សាយក៏ដូចជា ចំនួនវិនិយោគិនជាតិ និងអន្តរជាតិ។ ដូចនេះភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាខិតខំបន្ថែមទៀត ក្នុងការអភិវឌ្ឍទីផ្សារឱ្យត្រូវនឹងសន្ទុះនៃតម្រូវការទីផ្សារ។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ក៏បានឲ្យដឹងថា កម្មវិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា My First Stock ឆ្នាំ២០១៩នេះជាគំនិតផ្តួចផ្តើមដ៏ល្អ របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក្នុងការលើកកម្ពស់ការយល់ដឹង និងជំរុញការសិក្សាស្វែងយល់អំពីកាលានុវត្តភាពនៃ ការវិនិយោគក្នុងផ្សារភាគហ៊ុនកម្ពុជា ពីសំណាក់សាធារណជន។ ទន្ទឹមនេះការពង្រឹងតម្លាភាព, ទំនុកចិត្ត និងភាពឤចប៉ាន់ប្រមាណបានជាកត្តាចាំបាច់ ដើម្បីអនុញ្ញាតឱ្យទីផ្សារមូលបត្រកម្ពុជា ធ្វើដំណើរទៅមុខ និងអភិវឌ្ឍប្រកបដោយនិរន្តភាព។
លោកបន្ដថា ជាមួយនឹងការរីកចម្រើននៃ ផ្សារមូលបត្រកម្ពុជាដែលមានវឌ្ឍនភាព គួរឱ្យកត់សម្គាល់កន្លងមកក៏មានកិច្ចការជាច្រើនត្រូវកសាងឡើងដូចជា៖ ប្រព័ន្ធជួញដូរចល័ត MTS (Mobile Trading System), ប្រព័ន្ធបង្ហាញព័ត៌មាន e-disclosure នៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា, ការបន្តជំរុញក្រុមហ៊ុនឯកជន និងសហ-គ្រាសសាធារណៈសក្តានុពលឱ្យមកចុះបញ្ជីក្នុងផ្សារមូលបត្រ, ការបោះផ្សាយមូលបត្របំណុល, ការសិក្សាអំពីលទ្ធភាពក្នុងការបង្កើតផលិតផលវិនិយោគផ្សេងៗ ដើម្បីអនុញ្ញតឱ្យវិនិយោគិនមានជម្រើស ក្នុងការធ្វើពិពិធកម្មវិនិយោគក្នុងវិស័យមូល-បត្រនេះ។
លោកបន្ថែមថា កិច្ចការទាំងអស់នេះនឹងរួមចំណែក ដល់ការជួយបង្កើនប្រសិទ្ធភាពការងារ ក្នុងផ្សារមូលបត្រ។ ដូចនេះក្នុងនាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា សូមគាំទ្រចំពោះសកម្មភាពផ្សព្វផ្សាយបែបនេះក៏ដូចជាស្នើឱ្យភាគី ពាក់ព័ន្ធទាំងអស់ចូលរួមគ្នាបន្ថែមទៀត ក្នុងការទាក់ទាញវិនិយោគិន និងក្រុមហ៊ុនបោះផ្សាយ៕