(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះសួរទុក្ខ លោកយាយ ផ្លេក ភីរុណ មានជន្មាយុ៩៩ឆ្នាំ ជាអតីតប្រធានកាកបាទក្រហមកម្ពុជា (ឆ្នាំ១៩៧៤-១៩៧៥ និងពីឆ្នាំ ១៩៧៩-១៩៩២) ដែលសម្រាកព្យាបាលជំងឺនៅមន្ទីរកាល់មែត ។
ក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំនូវព្រះរាជទាន សេចក្ដីនឹករលឹក និងព្រះឱង្កាផ្ញើសួរសុខទុក្ខ ពីសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទ ក្រហមកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលមានព្រះរាជហឫទ័យ និងទឹកចិត្ត ស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុតចំពោះ លោកស្រី ផ្លេក ភិរុណ ដែលជាបុព្វការីជន ធ្លាប់បានលះបង់កម្លាំងកាយចិត្ត បម្រើការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ចាប់តាំងពីថ្ងៃ ដែលកាកបាទក្រហមកម្ពុជា ចាប់បដិសន្ធិក្នុងឆ្នាំ១៩៥៥ និងសូមបួងសួងជូនលោកស្រី មានជន្មាយុយឺនយូរជាងរយឆ្នាំដើម្បីជាម្លប់ដ៏ត្រជាក់ដល់កូន ចៅ ជំនាន់ក្រោយ។
ទន្ទឹមនឹងនោះ លោកយាយ ផ្លេក ភីរុណ បានបង្ហាញនូវសេចក្ដីសប្បាយរីករាយយ៉ាងខ្លាំង ដែលទទួលបានការយកចិត្ដទុក្ខដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់លោកស្រី រហូតមកនេះ ពីសំណាក់សម្ដេចម៉ែ, សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី, សម្ដេចតេជោ ហ៊ុនសែន និងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ៕