(ជប៉ុន)៖ ស្ថានឯកអគ្គរាជទូតនៃកម្ពុជា ប្រចាំប្រទេសជប៉ុន រួមសហការជាមួយ ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គណៈកម្មាធិការរៀបចំពិព័រណ៍កម្ពុជា សមាគមនិស្សិតខ្មែរ និងមិត្តភក្តិជប៉ុនដែលស្រលាញ់កម្ពុជា បានរៀបចំពិព័រណ៌កម្ពុជាឆ្នាំ២០១៩ នៅទីក្រុងតូក្យូ នៅថ្ងៃទី០៣-០៤ ខែឧសភា ឆ្នាំ២០១៩ ។
ពិធីបើកពិព័រណ៍កម្ពុជា ឆ្នាំ២០១៩ បានប្រព្រឹត្តិទៅ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក Kenji Yamada អនុរដ្ឋមន្ត្រីនៃក្រសួងការបរទេសជប៉ុន, លោក Masahiro Imamura ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា, លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក អ៉ឹង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសជប៉ុន, អតីតឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា តំណាងអង្គទូតនៃបណ្តា ប្រទេសសមាជិកអាស៊ាន ក្រុមហ៊ុនជប៉ុន សហគមន៍ខ្មែរ និស្សិត កម្មសិក្សាការីខ្មែរ ភ្ញៀវជប៉ុន និងបរទេសជាច្រើនកុះករ។
លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានរំលេចពីផ្លែផ្កានៃសុខសន្តិភាពពេញលេញ និងការរីកចម្រើនលើគ្រប់វិស័យកើតចេញពីនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលធ្វើឲ្យកម្ពុជាទទួលបានកំណើនលើគ្រប់វិស័យគួរជាទីមោទនៈ។ លោកបានបញ្ជាក់ថា នៅឆ្នាំ២០១៨ កម្ពុជា ទទួលបានទេសចរអន្តរជាតិជាង ៦.២លាននាក់ ក្នុងកំណើន ១០.៧% ក្នុងនោះទេសចរជប៉ុន មានចំនួនជាង២១ម៉ឺននាក់ ក្នុងកំណើន ៣.៥% ហើយឆ្នាំ២០១៩ នេះ កម្ពុជារំពឹងថា នឹងទទួលបានទេសចរជប៉ុនប្រមាណជាង ២៣ម៉ឺននាក់។ លោករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា ទេសចរជប៉ុនស្ថិតក្នុងចំណោមទីផ្សារទេសចរណ៍ធំៗ ទាំង១០របស់កម្ពុជា។
លោកឯកអគ្គរាជទូត អ៉ឹង រចនា បានគូសបញ្ជាក់ថា ពិព័រណ៍កម្ពុជា ជាផ្នែកមួយនៃនយោបាយការទូតសេដ្ឋកិច្ចរបស់កម្ពុជា និងជាព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ រៀបចំឡើងដើម្បីធ្វើឲ្យប្រជាជនជប៉ុន និងបរទស បានស្គាល់ និងយល់កាន់តែច្បាស់អំពីវប្បធម៌ ប្រពៃណី ទេសចរណ៍ ម្ហូបអាហាររបស់កម្ពុជា ក៏ដូចជាការពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្ត និងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។
លោក Kenji Yamada អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានថ្លែងថា ពិព័រណ៍កម្ពុជាឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងភ្លាមៗបន្ទាប់ពីព្រះចៅអធិរាជថ្មីរបស់ជប៉ុននៃសករាជ រ៉េវ៉ាក់ ឡើងគ្រងរាជ្យ ដោយបញ្ចប់ សករាជហេសេដែលមានរយះពេល៣១ឆ្នាំ។
ក្នុងរយៈពេល៣១ឆ្នាំកន្លងមកនេះ កម្ពុជាបានឆ្លងកាត់ការប្រែប្រួលដ៏ច្រើនឆ្លងកាត់សង្គ្រាមស៊ីវិល និងកសាងការអភិវឌ្ឍជាតិយ៉ាងធំធេង។ ពេលនោះជប៉ុន បានចូលរួមចំណែកក្នុងការកសាងសន្តិភាពនៅកម្ពុជា ហើយដើរជាមួយកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ។ កម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ក៏ដូចជាមានវិស័យនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ ការបោសសំអាតមីន អប់រំ សុខមាលភាពជាដើម។
ឆ្លៀតក្នុងឱកាសរជ្ជកាលថ្មី តាំងនាមរដ្ឋាភិបាលជប៉ុន លោកសូមពាំនាំនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលជប៉ុនថា ជប៉ុននឹងផ្តល់ជំនួយ និងគាំទ្រកិច្ចខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍប្រកបដោយលទ្ធិប្រជាធិបតេយ្យនៅពេលអនាគត នៅកម្ពុជា។ កម្ពុជាធ្លាប់ត្រូវបានគេគិតថា ជាប្រទេសមានសង្គ្រាមស៊ីវិល និងមានមីនពីអតីតកាល តែបច្ចុប្បន្នកម្ពុជា ត្រូវបានប្រែក្លាយ ជាប្រទេសដែលសំបូរដោយធនធានយុវវ័យ។ សុភាសិតមួយនិយាយថា បានលឺ១០០ដង មិនស្មើបានឃើញម្តង។ តាមរយៈពិព័រណ៍កម្ពុជានេះ លោកជឿជាក់ថា នឹងមានជនជាតិជប៉ុនកាន់តែច្រើនបានសាកល្បងវប្បធម៌ខ្មែរ និងម្ហូបអាហារខ្មែរដ៏អស្ចារ្យ។ លោកសង្ឃឹមថា ទំនាក់ទំនងរវាងជប៉ុន កម្ពុជា នឹងកាន់តែរីកចម្រើនថែមទៀតតាមរយៈពិព័រណ៍កម្ពុជានេះ។
លោក Masahiro Imamura ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា បានបញ្ជាក់ថា «ក្នុងនាមជាប្រធានសម្ព័ន្ធនេះ ឯកឧត្ដមមានក្តីរំភើប ដែលនឹងបានទទួលស្វាគមន៍ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសជប៉ុននាពេលខាងមុខ។ ប្រទេសកម្ពុជា បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ក្រៀមក្រំ ហើយទទួលការអភិវឌ្ឍរឹងមាំនាពេលបច្ចុប្បន្ន»។
លោក ក៏បានលើកផងដែរអំពីសកម្មភាពជាច្រើន ដែលស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុនបានរៀបចំ ក្នុងគោលបំណង ពង្រឹងនិងពង្រីក ទំនាក់ទំនងទ្វេភាគី រវាង ជប៉ុន និងកម្ពុជា ជាពិសេសបន្ទាប់ពីប្រទេសទាំងពីរ បានប្រារព្ធខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរកាលពីឆ្នាំ២០១៨ ។
គួរបញ្ជាក់ថា នេះជាលើកទី៥ហើយ ដែលពិព័រណ៍កម្ពុជានៅប្រទេសជប៉ុនត្រូវបានរៀបចំឡើង។ កម្មវិធីនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជំរុញការអនុវត្ត វិស័យការទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេស ក្រោមការដឹកនាំរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ។
នៅក្នុងពិព័រណ៍នេះ មានស្តង់របស់ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ការបង្ហាញរបាំបុរាណខ្មែរ ចំរៀងសម័យ ក្បាច់គុណល្បុក្កតោ ការបង្ហាញម្ហូប ក្នុងគោលបំណង ផ្សព្វផ្សាយវប្បធម៌ សិល្បៈ និងទេសចរណ៍ របស់កម្ពុជានៅប្រទេសជប៉ុន ដើម្បីឲ្យប្រជាជនជប៉ុន ក៏ដូចជាបរទេស ស្វែងយល់អំពីកម្ពុជា។ បងប្អូនប្រជាពលដ្ឋខ្មែរ ដែលរស់នៅក្នុងប្រទេសជប៉ុន កម្មសិក្សាការី និស្សិត ក៏ដូចជា ប្រជាជនជប៉ុនបានចូលរួមសប្បាយរីករាយ និងទស្សនាកម្មវិធីនេះប្រមាណ១០ម៉ឺននាក់៕