(ត្បូងឃ្មុំ)៖ ភ្លៀងមានលាយខ្យល់កន្ត្រាក់ នៅថ្ងៃទី០១-០២ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ បានធ្វើឱ្យប្រជាពលរដ្ឋជាង១៦៥គ្រួសារ ទទួលរងផលប៉ះពាល់ ដោយការប៉ើងដំបូល និងរលំផ្ទះ ក្នុងនោះស្រុកមេមត់រងគ្រោះច្រើនជាងគេមានរហូតដល់ ១១៣គ្រួសារ ព្រមទាំងចំការកៅស៊ូខូចខាតប្រមាណ ១ពាន់ហិកតា និងចំការស្វាយចន្ទីមួយចំនួនធំផងដែរ។
ឆ្លើយតបនូវតម្រូវការរបស់ពលរដ្ឋនេះ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី រួមទាំងលោកស្រី ឡេង សុខា ប្រធានស្តីទីសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បាននាំយកថវិកា និងអំណោយកាកបាទក្រហមខេត្ត ក៏ដូចជាថវិកាផ្ទាល់ខ្លួនទៅចែកជូនប្រជាពលរដ្ឋ ១១៣គ្រួសារ ដែលរងគ្រោះមហន្តរាយដោយធម្មជាតិខាងលើនេះ។
ចំពោះអំណោយដែលចែកជូននាពេលនោះគឺក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកសុទ្ធ១កេស, តង់១ និងថវិការ១០ម៉ឺនរៀល សម្រាប់ផ្ទះ៨៧ខ្នង ខូចខាតតិចតួច និងថវិការ២០ម៉ឺនរៀល សម្រាប់គ្រួសារខូខាតធ្ងន់ធ្ងរ ២៦គ្រួសារ ជាមួយគ្នានោះលោកអភិបាលខេត្ត បានផ្តល់ថវិកាផ្ទាល់ខ្លួន សម្រាប់គ្រួសាររងគ្រោះតិចតួច ១០ម៉ឺនរៀល ក្នុង១គ្រួសារ និង២០ម៉ឺនរៀល ក្នុង១គ្រួសារៗ ដែលរងគ្រោះធ្ងន់ធ្ងរ បន្ថែមពីលើថវិការរបស់សាខាកាកបាទក្រហមខេត្តផងដែរ៕