(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ នៅផ្សារទំនើបអ៉ីអនម៉ល២ក្រុងសែនសុខ ផ្សារមូលបត្រកម្ពុជា (ហៅកាត់ថា CSX) បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធជួញដូរចល័ត (Mobile Trading System –MTS) ក្រោមអធិបតីភាព លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោក ហាំ ចងហាន់ ឯកអគ្គរដ្ឋទូតស្តីទី នៃស្ថានទូតសាធារណរដ្ឋកូរ៉េប្រចំាកម្ពុជា។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីនាយកប្រចាំប្រទេស (ប្រធានតំណាង) នៃការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាកូរ៉េ (KOICA) ប្រចាំកម្ពុជា លោក ចុង យុនហ្គីល (Jeong YunGil), លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក-SECC) និង លោក ហុង សុខហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក-CSX)។
អង្គភាពពាក់ព័ន្ធជាច្រើន និងភ្ញៀវកិត្តិយស រួមទាំងវិនិយោគិនយុទ្ធសាស្រ្ត វិនិយោគិនស្ថាប័ន និងអ្នកវិនិយោគផ្ទាល់ខ្លួន ក្រុមហ៊ុនដែលមានសក្តានុពល ក្រុមហ៊ុនមូលបត្រ ដែលជាសមាជិករបស់ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា(ផ.ម.ក-CSX) និង ក្រុមហ៊ុនឯកទេស និងឯករាជ្យ បានចូលរួម នៅក្នុងពិធីនេះ។
ប្រព័ន្ធជួញដូរចល័ត MTS នឹងអនុញ្ញាតឲ្យវិនិយោគិន ដាក់ការបញ្ជាទិញពិនិត្យមើលព័ត៌មាន ភាគហ៊ុនផ្ទាល់ខ្លួនរបស់ពួកគេ ឬលុបចោលការបញ្ជាទិញ ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ គោលបំណងនៃការបើកដំណើរការ ប្រព័ន្ធជួញដូរចល័ត (MTS web-based system) នេះ ដើម្បីបង្កើនភាពងាយស្រួលសម្រាប់វិនិយោគិន និងលើកទឹកចិត្តឲ្យពួកគេដើម្បីធ្វើការជួញដូរ បន្ថែមទៀតនៅលើទីផ្សារ។
ការអភិវឌ្ឍទីផ្សារមូលធន គឺជាម៉ាស៊ីនស្នូលសម្រាប់កំណើនសេដ្ឋកិច្ចរបស់ពិភពលោក។ ទីផ្សារមូលបត្រមានសារៈសំខាន់ ជាពិសេសនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ ពីព្រោះការបង្កើនមូលនិធិ តាមរយៈទីផ្សារមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ទោះបីជាមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងផ្នែកផ្សេងៗទៀតដូចជាធនាគារ និងមីក្រូហិរញ្ញវត្ថុក្តីក៏មានបញ្ហាមួយចំនួនត្រូវដោះស្រាយនៅពេលនេះ ដើម្បីទទួលបានសក្តានុពលពេញលេញនៃទីផ្សារមូលធននៅកម្ពុជារួមទាំងការកើនឡើងនៃទីផ្សារមូលបត្រ។
ការទាក់ទាញ ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រសាធារណៈ(IPOs) ពីអង្គភាពនានាទាំងផ្នែកសាធារណៈ និងឯកជន មានសារៈសំខាន់ ជាពិសេសសម្រាប់ ការអភិវឌ្ឍទីផ្សារមូលបត្រ បន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
គេរំពឹងថា វេទិកាពាណិជ្ជកម្មថ្មីនេះនឹងជួយបង្កើនសាច់ប្រាក់ងាយស្រួលក្នុងទីផ្សារមូលបត្ររបស់កម្ពុជា។
សូមបញ្ជាក់ថា ប្រព័ន្ធជួញដូរចល័ត MTS នេះ គឺជាកម្មវិធីមួយដែលបានចូលរួមចំណែកជួយពីខាងរដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈ KOICA ដែលជាកម្មវិធីជំនួយដំណាក់កាលទី២។
កូរ៉េ និងកម្ពុជា បានព្រមព្រៀងធ្វើការរួមគ្នា ក្នុងការបង្កើតទីផ្សារមូលបត្រនៅកម្ពុជាពីរដំណាក់កាលរួចមកហើយ។ ដំណាក់កាលទី១ ចាប់ពីផ្តើមពីឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩ ដោយមានហិរញ្ញប្បទានជាជំនួយឥតសំណង ១លាន ៨០ម៉ឺនដុល្លារអាមេរិក និងដំណាក់កាលទី២ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ដោយមានហិរញ្ញប្បទានជាជំនួយឥតសំណងចំនួន ២លាន ៥០ម៉ឺនដុល្លារអាមេរិក។
សាធារណរដ្ឋកូរ៉េតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បានជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើត ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក-CSX) ដែលបានបើកឲ្យដំណើរការចាប់តាំងពីឆ្នាំ២០១២ ហើយបច្ចុប្បន្ននេះ មានក្រុមហ៊ុនបាននិងកំពុងចុះបញ្ជីចំនួន៥ រួមមាន ១៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PWSA), ២៖ ហ្គ្រែនធ្វីន អ៉ីនធើណេសិនណល(ខេមបូឌា) ភីអិលស៊ី (GTI), ៣៖ កំពង់ផែស្វយ័តភ្នំពេញ (PPAP), ៤៖ ក្រុមហ៊ុនភ្នំពេញអេសអ៉ីហ្សិត (PPSP) និង ៥៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS)។
តាំងពីឆ្នាំ២០០៧មក KOICA បានជួយដល់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក្នុងការទាក់ទាញដល់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រសាធារណៈ (IPOs) ហើយ KOICA បានឈានមុខគេ ក្នុងវិស័យហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា។
កិច្ចព្រមព្រៀងដំណាក់កាលទី២ ត្រូវបានចុះហត្ថលេខាកាលពី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤ រវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (MEF) ដែលមានគោលបំណងសំខាន់ ដើម្បីទាក់ទាញ ក្រុមហ៊ុន បោះផ្សាយលក់មូលបត្រសាធារណៈ (IPOs)កាន់តែច្រើន និងបង្កើនបរិមាណជួញដូរនៅផ្សារហ៊ុនកម្ពុជា។
តាមរយៈដំណាក់កាលទី២នេះ កយកា-KOICA បានអនុវត្តការងារមួយចំនួនដូចជា ១៖ វិភាគស្ថានភាពបច្ចុប្បន្ន ២៖ គោលនយោបាយ ទីផ្សារមូលធន ៣៖ ប្រព័ន្ធច្បាប់ ៤៖ ធនធានមនុស្ស និងការយល់ដឹងទីផ្សារ និង ៥៖ ហេដ្ឋារចនាសម្ព័ន្ធ IT មានប្រព័ន្ធជួញដូរចល័ត (MTS) និងជញ្ជាំងវីដេអូ (ទូរទស្សន៍តជាបណ្តាញច្រើន) និងការសាកល្បងសើវើ៕