(ប៉ៃលិន)៖ នាឱកាសបានចុះសួរសុខទុក្ខដល់កងកម្លាំងនគរបាលការពារព្រំដែនគោកលេខ ៨២១ ខេត្តប៉ៃលិន នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩នេះ នាយឧត្ដមសេនីយ៍ សំរឹទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានក្រើនរំឭកដល់កងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ ត្រូវខិតខំបង្កើនថែមទៀតនូវការការពារនូវបូរណភាពទឹកដី ទោះជាស្ថិតក្នុងស្ថានភាពសុខសន្តិភាពយ៉ាងណាក៏ដោយ។
នាយឧត្ដមសេនីយ៍ សំរឹទ្ធ ឌី បានជំរុញដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងកិច្ចសហការគ្នាជាមួយសមត្ថកិច្ចពាក់ព័ន្ធឱ្យបានជិតស្និទ្ធ ជាពិសេសភាគីថៃ ដើម្បីថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដីរបស់ក្រកម្ពុជា។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគិតគូរខ្ពស់ដល់កងកម្លាំងប្រដាប់អាវុធការពារទឹកដី នៅតាមខ្សែរបន្ទាត់ព្រំដែនជានិច្ច ដោយបានផ្តល់ជាជំរុំជម្រក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឱ្យកាន់តែប្រសើរឡើង ជាពិសេសជំរុញការចងសម្ព័ន្ធមេត្រីភាពរវាសមរភូមិមុខ និងសមរភូមិក្រោយ។
លោក ផាន់ ចាន់ធុល បានបន្តថា ដើម្បីឆ្លើយតបទៅនឹងការគិតគូរខ្ពស់របស់សម្តេចតេជោ និងសម្ព័ន្ធមេត្រីភាពសមរភូមិក្រោយ គឺកម្លាំងនគរបាលទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៅលើអ្វី ដែលជាកាតព្វកិច្ចរបស់កងកម្លាំងការពារព្រំដែន គឺត្រូវខិតខំបង្កើនថែមទៀតនូវការការពារនូវបូរណភាពទឹកដី ទោះជាស្ថិតក្នុងស្ថានភាពសុខសន្តិភាពយ៉ាងណាក៏ដោយ ប៉ុន្តែមិនត្រូវមានការធ្វេសប្រហែស ក្នុងការការពារបូរណភាពទឹកដីឡើយ។
ក្នុងឱកាសនោះ លោក សំរឹទ្ធ ឌី និងប្រតិភូមអមដំណើរក៏បាននាំយកនូវអំណោយ និងថវិកាមួយចំនួនជូនដល់កងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២១ ផងដែរ៕