(ពោធិ៍សាត់ )៖ ប្រជាពលរដ្ឋចំនួន ២៥គ្រួសារ នៅភូមិធ្លារអំពិល ភូមិចំរេះ ភូមិពោរពី និងភូមិចំការតាប៉ូ ឃុំស្រែស្តុក ស្រុកកណ្តៀង ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះសម្បែង នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩នេះ បានទទួលអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់។

អំណោយនេះ គឺក្នុងមួយគ្រួសារៗទទួលបានអង្ករ ៣៥គីឡូក្រាម តង់១ កន្ទេល១ សារុង ១ ក្រមារ១ មុង១ ភួយ១ និងថវិកា៥ម៉ឺនរៀល។

ការនាំយកអំណោយប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះខាងលើនេះ ដឹកនាំដោយលោក ខូយ រីដា ប្រធានគណៈកម្មាធិការនៃសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ លោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមានការចូលរួមពីលោក អេង គន្ធា អគ្គនាយកអគ្គិសនីកម្ពុជា។

លោក ខូយ រីដា បានឱ្យដឹងថា នៅក្នុងអំឡុងខែមេសា និងដើមខែឧសភា ស្ទើតែគ្រប់ស្រុក-ក្រុងក្នុងខេត្ត បានទទួលរងគ្រោះដោយសាខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ ហើយត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្ត ធ្វើការឆ្លើយតបបានទាន់ពេលវេលា។ នេះអាស្រ័យដោយមានការដឹកនាំ និងផ្តល់អនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ឆ្លើយតប ចំពោះសេចក្តីត្រូវការដល់ជនរងគ្រោះ ប្រកបដោយព្រហ្មវិហាធម៌គ្រប់ទីកន្លែង និងទាន់ពេលវេលា។

លោកបានលើកឡើងទៀតថា ជាការពិតកាកបាទក្រហមកម្ពុជា បានផ្តល់អាទិភាពក្នុងការចែកជូនអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋរងគ្រោះធ្ងន់ធ្ងជាងគេជាមុន ហើយយើងក៏មិនភ្លេចពីការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយកត្តាផ្សេងៗនោះដែរ ពោលគឺបានចែកជូនជាបន្តបន្ទាប់ទៅតាមប្រភេទនៃការរងគ្រោះ មិនបានប្រកាន់ ឬរើសអើងពីនិន្នាការនយោបាយ បក្ខពួក ជាតិសាសន៍ វណ្ណៈ ពណ៌សម្បុរអ្វីឡើយ ឱ្យតែទទួលរងគ្រោះ គឺសុទ្ធតែទទួលបាននូវការឧបត្ថម្ភស្មើៗគ្នាគ្រប់ក្រុមគ្រួសារនីមួយៗ។

លោកបន្តទៀតថា រាល់អំណោយដែលកាកបាទក្រហមកម្ពុជាចែកជូន គឺសុទ្ធតែជាការបរិច្ឆាគទាំងថវិកា និងសម្ភារៈរបស់សប្បុរសជនក្នុង និងក្រៅប្រទេស ដែលមានជំនឿទុកចិត្តចំពោះសកម្មភាពមនុស្សធម៌ ក្នុងការជួយទៅដល់ជនរងគ្រោះគ្រប់មូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

តាមរយៈនេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់បង្កើនការដាំដើមឈើជុំវិញលំនៅដ្ឋាន ព្រោះថាសព្វថ្ងៃអាកាសធាតុមានការប្រែប្រួល និងក្តៅខ្លាំង ហើយនៅពេលភ្លៀងម្តងៗមានផ្គរ ខ្យល់កន្ត្រាក់ ជាហេតុបង្កហានិភ័យគ្រប់ទីកន្លែង។

ជាងនេះទៅគប្បីណែនាំអប់រំកូនចៅឱ្យកុំឲ្យទៅកាប់បំផ្លាញព្រៃលិចទឹកស្ថិតក្នុងតំបន់៣ ដែលជាជម្រកត្រីពងកូននៅពេលទឹកឡើង និងចៀសវាងឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង គោរពច្បាប់ចរាចរណ៍ អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ហូបចុកត្រូវមានអនាម័យ បើមានករណីអ្វីកើតឡើងត្រូវរាយការជូនអាជ្ញាធរភូមិ ឃុំ ស្រុក ដើម្បីចុះមកដោះស្រាយ។

លោករួមជាមួយក្រុមការងារ ក៏បាននាំយកអំណោយជូនគ្រួសារសពស្លាប់ដោយសាររន្ទះបាញ់ម្នាក់ មានឈ្មោះ កូយ ខុក អាយុ១៤ឆ្នាំ ភេទស្រី នៅភូមិចំការតាប៉ូ ឃុំស្រែស្តុក ក្នុងនោះមានអង្ករ ១០០គីឡូក្រាម និងថវិកាជាង ៣០ម៉ឺនរៀល ផងដែរ៕