(ភ្នំពេញ)៖ សម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩នេះ បានទទួលជួបសវនាការ និងទទួលអំណោយមនុស្សធម៌ ចំនួន២០០,០០០ដុល្លារ ពីក្រុមហ៊ុន ម៉ូឌែន វិសិនគ្រុប Co.LTD ដែលដឹកនាំដោយ លោក យ៉ង់ ប៊ុននី អគ្គនាយក សម្រាប់ឱកាសអបអរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោមប្រធានបទ «ខ្ញុំ ❤️ កាកបាទក្រហមកម្ពុជា»។
ក្នុងជំនួបសវនាការ ដែលប្រព្រឹត្ដទៅនាទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុនទាំងអស់ ដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងការទ្រទ្រង់សកម្មភាពមនុស្សធម៌កន្លងមក ហើយចំពោះអំណោយទាំងអស់ នឹងយកទៅប្រើប្រាស់ឱ្យអស់លទ្ធភាព និងប្រកបដោយតម្លាភាពខ្ពស់ ជួយដល់ប្រជាពលរដ្ឋ រងគ្រោះមហន្ដរាយនានា ជាពិសេស ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយកូនច្រើន ជនពិការ និងកុមារកំព្រាជាដើម ដែលកំពុងជួបនូវការលំបាក។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងបន្ដថា កាកបាទក្រហមកម្ពុជា ជានិច្ចជាកាលតែងតែអនុវត្ដសកម្មភាពមនុស្សធម៌ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ កាកបាទក្រហមកម្ពុជា មានលទ្ធភាពក្នុងការបន្ដជួយប្រជាពលរដ្ឋមកនេះ ក៏ដោយសារតែមានការចូលរួមគាំទ្រ និងឧបត្ថម្ភ ពីសប្បុរសជន ដោយការស័្មគ្រចិត្ដទាំងជាតិ និងអន្ដរជាតិ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលងាយរងគ្រោះនៅទូទាំងប្រទេស ។
ជាកិច្ចឆ្លើយតបគណៈប្រតិភូតំណាងឱ្យក្រុមហ៊ុន បានថ្លែងថា «យើងខ្ញុំមានការពេញចិត្ដ និងមានទំនុកចិត្ដយ៉ាងខ្លាំង ពីកាកបាទក្រហមកម្ពុជា ក្រោយការដឹកនាំរបស់សម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ដែលបានខិតខំប្រឹងប្រែង ជួយលើកតម្កើងកម្រិតជីវភាពរបស់ប្រជាជនទូទាំងប្រទេស ពិសេសការសហការជាមួយរាជរដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន បានទាន់ពេលវេលា ដែលបានបន្ថែមនូវភាពជឿជាក់បន្ថែមទៀត ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ ដែលធ្វើឱ្យយើងខ្ញុំទាំងអស់ ក៏ដូចជាសប្បុរសជនផ្សេងទៀត បន្ដការចូលរួមទ្រទ្រង់សកម្មភាព មនុស្សធម៌បន្ដទៀតទាំងជាតិ និងអន្ដរជាតិ»។
ក្នុងឱកាសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងជូនដល់គណៈប្រតិភូផងដែរ ពីគោលបំណងនៃការប្រារព្ធទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ដើម្បីអំពាវនាវកៀរគរ ស្វែងរកនូវមូលនិធិមនុស្សធម៌ ពីសំណាក់សប្បុរសជនទាំងអស់ ដើម្បីចូលរួមជាមួយគ្នានៅក្នុងថ្ងៃនោះ ដើម្បីធ្វើការបរិច្ឆាគអំណោយមនុស្សធម៌ ទៅតាមសទ្ធាជ្រះថ្លារបស់សប្បុរសជន និងជួយកាកបាទក្រហមកម្ពុជា បន្ដធ្វើនូវសកម្មភាព ឬបេសកកម្មមនុស្សធម៌ បន្ដជួយប្រជាជនរងគ្រោះនៅកម្ពុជាផងដែរ។
ជាពិសេសដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន ពិសេសស្ដ្រីមេម៉ាយ ចាស់ជរា គ្មានទីពឹង ក៏ដូចជាប្រជាជន ដែលបានរងគ្រោះដោយគ្រោះមនហន្ដរាយនានា, មានហើយក៏បានសាងសង់ផ្ទះជូនប្រជាពលរដ្ឋរងគ្រោះ ដោយភ្លើងឆេះ ខ្យលកន្ដ្រាក់ ជាដើម។ លើសពីនេះកាកបាទក្រហមកម្ពុជា ក៏បានសហការជាមួយរាជរដ្ឋាភិបាល និងបន្ដជួយផ្គត់ផ្គង់នូវទឹកស្អាត ជូនដល់ប្រជាពលរដ្ឋតាមរយៈការជីកអណ្ដូង និងជីកស្រះជាដើម។
ទន្ទឹមនឹងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលតែងតែចូលរួមផ្ដល់ថវិកា និងសម្ភារផ្សេងៗ ដើម្បីបន្ដសកម្មភាពមនុស្សធម៌ជួយសង្គ្រោះ និងសម្រាលទុក្ខលំបាករបស់ដល់ប្រជាពលរដ្ឋយើង៕